Fresh Exclusive: ព្រះរាជបន្ទូលព្រះមហាក្សត្រអំពី «សមរភូមិ៤»៖ តើកម្ពុជាប្រើសមរភូមិទាំងនេះដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនដោយរបៀបណា? (Video inside)

21-08-2026 17:42

(ភ្នំពេញ)៖ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ ក្នុងពិធីសម្ពោធ «វិមានសាមគ្គីភាព» បានកោតសរសើររាជរដ្ឋាភិបាល ដែលបានប្រយុទ្ធតស៊ូ «គ្រប់សមរភូមិ» ទាំងសមរភូមិនយោបាយ ការទូត យោធា និងច្បាប់ ដើម្បីការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី។ តើព្រះរាជបន្ទូលនេះ មានអត្ថន័យយ៉ាងដូចម្តេច ពាក់ព័ន្ធនឹងបរិបទជម្លោះកម្ពុជា–ថៃចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាក់កាលបច្ចុប្បន្ន?

សង្គ្រាមមួយ មិនតែងតែត្រូវសម្រេចដោយកម្លាំងយោធាតែមួយមុខបានទេ។ កងទ័ពអាចការពារទីតាំងនៅលើដី ប៉ុន្តែការកំណត់ថា ដែនដីណាជារបស់អ្នកណា ត្រូវពឹងផ្អែកលើសន្ធិសញ្ញា ផែនទី ភស្តុតាង ប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។ ចំណែកការធ្វើឱ្យសហគមន៍អន្តរជាតិយល់ និងទទួលស្គាល់ជំហររបស់ប្រទេសមួយ ក៏ត្រូវការការទូត និងការប្រើប្រាស់យន្តការអន្តរជាតិផងដែរ។

នេះជាហេតុ ដែលធ្វើឱ្យព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានសាមគ្គីភាព» ដែលជាអគារថ្មីរបស់ស្ថាប័នព្រឹទ្ធសភា នៅថ្ងៃទី២១សីហា មានអត្ថន័យគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង បើដាក់ក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា–ថៃ៖
« ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ នៅគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេសនាពេលកន្លងទៅ សម្ដេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្ដល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាព ដោយគ្មានពេលសម្រាកទាំងយប់ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់ គឺការការពារឲ្យបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិរបស់យើង។»

«ខ្ញុំក៏សូមសម្ដែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យ ដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។»

ព្រះរាជបន្ទូលនេះ បានរំលេចចំណុចសំខាន់ពីរ៖ ទីមួយ គឺតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ការលើកទឹកចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ និងទីពីរ គឺការកោតសរសើររាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការប្រយុទ្ធតស៊ូ «គ្រប់សមរភូមិ» ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់។

ក្នុងបរិបទជម្លោះរវាងកម្ពុជានិងថៃ ព្រះរាជបន្ទូលជុំវិញ «សមរភូមិទាំង៤» នេះ កំពុងក្លាយជាក្របខណ្ឌដ៏សំខាន់មួយសម្រាប់មើលឃើញនៃភាពវិវត្តនៃជម្លោះនេះ ចាប់ពីការប្រយុទ្ធប្រដាប់អាវុធនៅតាមព្រំដែន ការប្រើការទូត និងវេទិកាអន្តរជាតិ រហូតដល់ការប្រើយន្តការច្បាប់អន្តរជាតិនាពេលបច្ចុប្បន្ន។ សមរភូមិអាចផ្លាស់ប្តូរ ប៉ុន្តែគោលដៅដែលព្រះរាជបន្ទូលបានរំលេចនៅតែមួយ គឺការការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនកម្ពុជា។

*សមរភូមិយោធា៖ ការពារទឹកដីនៅពេលមានការប្រយុទ្ធ
មហិច្ឆិតាតាមរយៈផែនទីខ្នាត១/៥០០០០របស់ថៃ បានបង្កើតនូវជម្លោះប្រដាប់អាវុធក្នុងឆ្នាំ ២០២៥។ ជម្លោះនោះ បានធ្វើឱ្យប្រាសាទបុរាណខ្មែរមួយចំនួនដែលជាបេតិកភណ្ឌជាតិនិង អន្តរជាតិ បានរងការបែកបាក់ដោយ សារការទម្លាក់គ្រាប់បែករបស់ថៃ, ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទឹកដីកម្ពុជាតាមតំបន់ព្រំដែនដូចជា ស្ពាន, សាលារៀន, វត្តអារ៉ាម, ផ្ទះនិងភូមិអ្នកស្រុក ត្រូវដុតបំផ្លាញ ឈូសឆាយដោយទាហានថៃ និងបង្កើតជាជនភៀសសឹកច្រើនសែននាក់ ដែលរហូតមកទល់នឹងពេលនេះ ជនភៀសសឹកខ្មែរ ជាង២ម៉ឺននាក់ នៅមិនទាន់វិលត្រឡប់ ទៅផ្ទះសម្បែងវិញបានឡើយ ដោយសារតែទាហានថៃ បានយកទូរកុងតេន័រ និង លួសបន្លា ដាក់ពង្រាយ បិទបាំងឱ្យពួកគេវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។

ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ រួមទាំងតារាកុន ហូលីវូត លោកស្រី Angelina Jolie មន្ត្រីអង្គការសហប្រជាជាតិ អង្គការUNESCO និងស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឱ្យបញ្ហានេះ មិននៅត្រឹមជម្លោះយោធាទៀតទេ ប៉ុន្តែភ្ជាប់ទៅនឹងមនុស្សធម៌ ច្បាប់អន្តរជាតិ និងសន្តិភាពយូរអង្វែង។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ក៏បានបញ្ជាក់ដែរថា ព្រះអង្គ«…សូមសម្ដែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា អង់អាចក្លាហាននៅគ្រប់សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន…»។

*សមរភូមិការទូត៖ ធ្វើឱ្យកាំភ្លើងស្ងប់ និងពិភពលោកស្តាប់ឮសម្លេងរបស់កម្ពុជា
ក្រោយការប្រយុទ្ធប្រដាប់អាវុធ ការទូតបានចូលមកដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់កុំឱ្យជម្លោះរីកធំ និងជំរុញភាគីទាំងពីរ ឱ្យងាកមករកដំណោះស្រាយដោយសន្តិវិធី។

ជាក់ស្តែង កិច្ចអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អានវ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានរួមចំណែកនាំទៅរកបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែការធ្វើឱ្យកាំភ្លើងស្ងប់ គឺជាជំហានមួយប៉ុណ្ណោះ ខណៈការដោះស្រាយឫសគល់នៃជម្លោះព្រំដែន នៅតែត្រូវការការទូត និងយន្តការអន្តរជាតិបន្តទៀត។

កម្ពុជា បានបន្តនាំបញ្ហាព្រំដែន អធិបតេយ្យភាព និងបូរណភាពទឹកដីទៅកាន់វេទិកាអន្តរជាតិ។ ក្នុងសុន្ទរកថានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា បូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចៀសវាងការគំរាមកំហែង ឬការប្រើកម្លាំង គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងយុត្តិធម៌អន្តរជាតិ។

«សមរភូមិការទូត» របស់កម្ពុជា មិនមែនត្រឹមធ្វើឱ្យកាំភ្លើងស្ងប់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យជំហររបស់កម្ពុជា ត្រូវបានលើកឡើងនៅលើវេទិកាអន្តរជាតិ និងរុញការប្រឈមមុខដោយអាវុធ ឱ្យងាកទៅរកការដោះស្រាយដោយសន្តិវិធី និងច្បាប់។

*សមរភូមិច្បាប់៖ ពេលសំណួរផ្លាស់ពី «អ្នកណាខ្លាំងជាង» ទៅ «អ្នកណាមានភស្តុតាងខ្លាំងជាង»
នៅលើសមរភូមិយោធា សំណួរដែលគេច្រើនសួរគឺថា តើអ្នកណាមានកម្លាំងខ្លាំងជាង? ប៉ុន្តែនៅលើសមរភូមិច្បាប់វិញ សំណួរបានផ្លាស់ប្តូរទាំងស្រុង៖ តើភាគីណាមានសន្ធិសញ្ញាជាមូលដ្ឋាន? តើផែនទីណាមានសុពលភាពផ្លូវច្បាប់? ហើយតើភស្តុតាងណាអាចឈរបាននៅចំពោះមុខយន្តការច្បាប់អន្តរជាតិ?

ថ្មីៗនេះ អ្នកជំនាញថៃ លោក Surachart Bamrungsuk បានលើកឡើងពីភាពខុសគ្នារវាងផែនទីខ្នាត 1:50,000 ដែលថៃប្រើប្រាស់ និងផែនទីខ្នាត 1:200,000 ដែលពាក់ព័ន្ធនឹងសន្ធិសញ្ញា និងប្រវត្តិសាស្ត្រនៃការកំណត់ព្រំដែនកម្ពុជា–ថៃ។ ចំណុចសំខាន់នៃការវិភាគរបស់លោក គឺថា នៅពេលវិវាទឈានទៅដល់ផ្លូវច្បាប់ សំណួរមិនមែនថា ផែនទីណាលម្អិត ឬទំនើបជាង នោះទេ ប៉ុន្តែថា ផែនទីណា មានមូលដ្ឋានសន្ធិសញ្ញា ការទទួលស្គាល់ និងសុពលភាពផ្លូវច្បាប់។

សមរភូមិច្បាប់នេះ ក៏កំពុងបើកមុខមួយទៀត នៅលើបញ្ហាដែនសមុទ្រ។ បច្ចុប្បន្ន វិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ បានឈានចូលនីតិវិធី ផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS។ យន្តការនេះមានចែងនៅក្នុងឧបសម្ព័ន្ធ V នៃ UNCLOS ហើយក្នុងករណីដែលច្បាប់កំណត់ឱ្យមានការផ្សះផ្សាដោយបង្ខំ ការមិនឆ្លើយតប ឬការមិនចូលរួមរបស់ភាគីមួយ មិនអាចរារាំងនីតិវិធីមិនឱ្យបន្តបានឡើយ។

*សមរភូមិនយោបាយ៖ «មហាសាមគ្គីជាតិ» ក៏ជាកម្លាំង
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរប្រជាជនកម្ពុជា ដែលបាន «រួបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់»។
ក្នុងបរិបទនៃជម្លោះកម្ពុជា–ថៃ ព្រះរាជបន្ទូលរបស់ព្រះអង្គ បានបង្ហាញថា ការការពារជាតិមិនមែនជាកិច្ចការរបស់កងទ័ព ឬរាជរដ្ឋាភិបាលតែមួយមុខទេ។ ក្នុងវិបត្តិដែលអូសបន្លាយ ប្រទេសមួយ ក៏ត្រូវការស្ថិរភាពផ្ទៃក្នុង ការរួបរួមរបស់ប្រជាជន និងសមត្ថភាពរក្សាគោលដៅជាតិឱ្យបានជាប់លាប់ផងដែរ។

ដោយឡែក ការវាយតម្លៃរបស់អ្នកជំនាញសន្តិសុខថៃ លោក Surachart Bamrungsuk ក៏បានមើលឃើញផលនយោបាយមួយ ដែលផ្ទុយពីការរំពឹងរបស់អ្នកគាំទ្រដំណោះស្រាយយោធានៅក្នុងប្រទេសថៃ។ តាមការវិភាគរបស់លោក សង្គ្រាមមិនបានធ្វើឱ្យកម្ពុជាទន់ខ្សោយដូចការរំពឹងទុកនោះទេ ប៉ុន្តែផ្ទុយទៅវិញ បានពង្រឹងភាពរួបរួមផ្ទៃក្នុង និងធ្វើឱ្យទីតាំងនយោបាយ និងការទូតរបស់កម្ពុជាកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ។

ក្នុងចំណុចនេះហើយ ដែលព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ បានសង្កត់ធ្ងន់ថា «…កម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត និងទេពកោសល្យ ដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។»

*សេចក្តីសន្និដ្ឋាន៖ សមរភូមិផ្លាស់ប្តូរ ប៉ុន្តែគោលដៅមិនផ្លាស់ប្តូរ
ការការពារអធិបតេយ្យភាព មិនមានតែសមរភូមិយោធាតែមួយឡើយ។ ពិតណាស់នៅពេលមានការវាយប្រហារ ទាហាននឹងប្រយុទ្ធដើម្បីការពារទឹកដី។ ប៉ុន្តែនៅពេលត្រូវបញ្ឈប់សង្គ្រាម ការទូត ត្រូវចូលមកធ្វើការជំនួសវិញ។

ក្នុងសមរភូមិការទូត ភាគីនីមួយៗ ត្រូវបញ្ជាក់នៅមុខយន្តការច្បាប់អន្តរជាតិថា តើសិទ្ធិ និងអំណះអំណាងរបស់ខ្លះដែលអះអាងនោះ មានមូលដ្ឋានរឹងមាំ ច្បាប់ និងភស្តុតាងគ្រប់គ្រាន់ដែរ ឬទេ? ដូច្នេះ អត្ថន័យសំខាន់នៃព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរអំពី «សមរភូមិ៤» គឺ៖ សមរភូមិ អាចផ្លាស់ពីព្រំដែន ទៅតុចរចា ពីតុចរចាទៅវេទិកាអន្តរជាតិ និងទៅយន្តការច្បាប់ ប៉ុន្តែគោលដៅនៅតែមួយ គឺការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងប្រជាជនកម្ពុជា៕