មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ និស្សិតកម្ពុជានឹងទទួលបានឱកាសសិក្សា និងបទពិសោធន៍ដ៏មានតម្លៃនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ជួយលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

21-08-2026 19:52

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្ឃឹមថា សិស្ស និងនិស្សិតកម្ពុជា នឹងទទួលបានឱកាសសិក្សា និងបទពិសោធន៍ដ៏មានតម្លៃនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ជួយលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ការលើកឡើងនេះរបស់ លោកស្រីបណ្ឌិត សឿ សុជាតា បានធ្វើឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីបើក ពិព័រណ៍ចក្ខុវិស័យ K-Edu Vision Fair 2026 ដើម្បីផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា ក្នុងការស្វែងយល់បន្ថែមអំពីការសិក្សានៅប្រទេសកូរ៉េ អាហារូបករណ៍ និងកម្មវិធីសិក្សានានា និងអ្នកដែលមានចំណាប់អារម្មណ៍លើការបន្តការសិក្សានៅប្រទេសកូរ៉េ ព្រមទាំងផ្ដល់ឱកាសឱ្យសិស្ស-និស្សិត មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាចជួបប្រឹក្សាផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យដែលមកពីប្រទេសកូរ៉េ នៅ Oakwood Premier Phnom Penh។

លោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ថា ពិព័រណ៍ K-Edu Vision Fair 2026 មិនមែនជាវេទិកាសម្រាប់ណែនាំសាកលវិទ្យាល័យកូរ៉េតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់យុវជនកម្ពុជាស្វែងយល់ពីអនាគតរបស់ខ្លួន ស្វែងរកឱកាសសិក្សា និងបើកទូលាយទស្សនៈទៅកាន់ពិភពលោក។
លោកស្រីបានបន្ដថា រដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ដល់ការអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពប្រកួតប្រជែងជាសកលរបស់យុវជន។ ក្នុងដំណើរការអភិវឌ្ឍប្រទេស កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញខ្ពស់ និងបទពិសោធន៍អន្តរជាតិ ដូចជា វិស្វករ បុគ្គលិកសុខាភិបាល អ្នកស្រាវជ្រាវ សហគ្រិន អ្នកអប់រំ និងអ្នកច្នៃប្រឌិតក្នុងវិស័យផ្សេងៗ។

លោកស្រីបណ្ឌិតបានចាត់ទុកសាធារណរដ្ឋកូរ៉េ ជាដៃគូដ៏មានតម្លៃសម្រាប់កម្ពុជា ដោយសារប្រទេសកូរ៉េបានសម្រេចការអភិវឌ្ឍគួរឱ្យកត់សម្គាល់ តាមរយៈការផ្តោតលើការអប់រំ បច្ចេកវិទ្យា និងមូលធនមនុស្ស។ លោកស្រីក៏បានលើកទឹកចិត្តឱ្យយុវជនមើលការសិក្សានៅបរទេស ឱ្យលើសពីការទទួលបានសញ្ញាបត្រ ដោយចាត់ទុកវាជាឱកាសសម្រាប់ស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ជួបប្រទះវប្បធម៌ថ្មីៗ បង្កើតបទពិសោធន៍អន្តរជាតិ និងអភិវឌ្ឍខ្លួនឱ្យក្លាយជាបុគ្គលឯករាជ្យ និងមានទំនុកចិត្ត។

ជាមួយគ្នានេះ លោក Shinwoong Yang នាយកប្រតិបត្តិនៃក្រុមហ៊ុនគាំទ្រការអប់រំ SM Global Foundation ក៏បានចែករំលែកនូវចំណេះដឹងដ៏មានតម្លៃដល់សិស្សានុសិស្សទាំងអស់ គឺសាកលវិទ្យាល័យជាច្រើនមកពីសាធារណរដ្ឋកូរ៉េ ដែលបានមកទីនេះ ដើម្បីរង់ចាំជួបអ្នកទាំងអស់គ្នា។ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយដែលខុសប្លែកយ៉ាងខ្លាំងពីអ្វីដែលយើងឃើញ សព្វថ្ងៃ។ នៅពេលនោះ កូរ៉េ ជាប្រទេសកំពុងអភិវឌ្ឍដែលជួបការលំបាកជាច្រើន។

លោក Shinwoong Yang បានជឿជាក់ថា តាមរយៈការឡើងតាមជណ្តើរនៃការអប់រំ យើងអាចរស់នៅក្នុងជីវិតដែលប្រសើរជាងមុនយ៉ាងខ្លាំង បើធៀបនឹងជីវិតដែលយើងធ្លាប់មាន។ ដោយប្រកាន់ខ្ជាប់នូវជំនឿនេះ យុវជនបានខិតខំសិក្សា ប្រឹងប្រែងធ្វើការ និងហ៊ានប្រឈមមុខនឹងបញ្ហានានា។
សម្រាប់យុវជនបរទេសដែលមកសិក្សានៅប្រទេសកូរ៉េ និងទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈ មានផ្លូវជាច្រើនបើក ចំហសម្រាប់ពួកគេ ស្របតាមសមត្ថភាព និងស្ថានភាពរបស់ខ្លួន ដើម្បីស្វែងរកការងារ កសាងអាជីព និងបង្កើតអនាគតដ៏ ទូលំទូលាយមួយនៅក្នុងប្រទេសកូរ៉េ។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមពាក្យស្លោក «លើសពីតំបន់ តភ្ជាប់ការអប់រំ-រួមគ្នាដើម្បីអនាគតជាសកល (Beyond Region, Connect Education - Together for Global Future)» ពិព័រណ៍នេះនឹងប្រមូលផ្តុំសាកលវិទ្យាល័យកូរ៉េចំនួន១១ ដែលតំណាងរបស់ពួកគេនឹងណែនាំសិស្សានុសិស្សកម្ពុជាឱ្យស្គាល់ពីឱកាសសិក្សាជាច្រើន និងផ្តល់ព័ត៌មានដោយផ្ទាល់ស្តីពីការសិក្សានៅប្រទេសកូរ៉េ ក្នុងនោះរួមមាន សាកលវិទ្យាល័យ Gangdong សាកលវិទ្យាល័យ Semyung សាកលវិទ្យាល័យ Konkuk សាខា GLOCAL សាកលវិទ្យាល័យ Dongnam Health វិទ្យាស្ថានសាកលវិទ្យាល័យ Daewon វិទ្យាស្ថានបច្ចេកវិទ្យា Yeoju សាកលវិទ្យាល័យ Osan សាកលវិទ្យាល័យខេត្ត Chungbuk, សាកលវិទ្យាល័យ Inje សាកលវិទ្យាល័យ Chung Cheong និងសាកលវិទ្យាល័យ Jeonju Vision ជាដើម។

ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយកូរ៉េ រួមមាន ធនាគារ KB PRASAC, Hyundai Motor និង Atomy ក៏នឹងចូលរួម និងចែករំលែកការយល់ ដឹងអំពីវប្បធម៌សាជីវកម្ម ឧស្សាហកម្ម និងឱកាសការងាររបស់កូរ៉េផងដែរ។ លើសពីនេះ ក៏មានស្តង់ ម្ហូបអាហារ (K-Food) ដាច់ដោយឡែក ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានរីករាយជាមួយម្ហូប កូរ៉េនិងទទួលបានបទពិសោធន៍ពីវប្បធម៌ម្ហូបអាហារកូរ៉េដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ដែរថា អ្នកឧបត្ថម្ភផ្លូវការនៃព្រឹត្តិការណ៍នេះមានដូចជា Atomy, ធនាគារ Shinhan នៃកម្ពុជា និងសណ្ឋាគារ Oakwood Premier Phnom Penh ដែលនឹងជួយគាំទ្រដល់ការរៀបចំពិព័រណ៍ និងកម្មវិធីអប់រំសម្រាប់ សិស្សានុសិស្ស។ អ្នកឧបត្ថម្ភកម្រិតមាស និងជាដៃគូសំខាន់ៗ រួមមាន ធនាគារ KB PRASAC, Korean Air, Hyundai Motor, Houry x Lumineq និង Grab ក៏នឹងចូលរួមតាមរយៈស្តង់ពិព័រណ៍ កម្មវិធីពិសេស និងព្រឹត្តិការណ៍ដែលផ្តោតលើសិស្សានុសិស្ស ព្រមទាំងចែករំលែកព័ត៌មានអំពីវប្ប ធម៌អាជីវកម្មកូរ៉េ និងឧស្សាហកម្ម ព្រមទាំងឱកាសការងារផងដែរ៕