ស្នូរកាំភ្លើងស្ងប់ស្ងាត់ ប៊ុលដូហ្ស័រក៏ត្រូវឈប់៖ បទឈប់បាញ់ត្រូវបង្កកស្ថានភាព មិនមែនបង្កើតស្ថានភាពថ្មីឡើយ, យោធាថៃបាននិងកំពុងរំលោភលើបទឈប់បាញ់ (Video inside)

22-08-2026 11:00

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា នៅពេលស្នូរកាំភ្លើងបានស្ងប់ស្ងាត់ អ្វីដែលត្រូវស្ងប់ជាមួយគ្នានោះ គឺសកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី fair accompli។ បទឈប់បាញ់មិនមែនជាការផ្តល់សិទ្ធិឱ្យភាគីណាមួយប្រើពេលវេលាដែលគ្មានការប្រយុទ្ធគ្នានេះ ដើម្បីកម្ទេចផ្ទះប្រជាពលរដ្ឋ សាងសង់ផ្លូវ ដាក់របាំង ដាក់ទូកុងតឺន័រ និងរាយលួសបន្លាលួសឡើយ ឬហេដ្ឋារចនាសម្ព័ន្ធថ្មី លើកទង់ជាតិ ឬបង្កើតអង្គហេតុថ្មី ដើម្បីបម្លែងស្ថានភាពដែនដីជាក់ស្តែងនោះឡើយ។

នេះជាចំណុចស្នូលដែលត្រូវយល់ឱ្យច្បាស់នៅពេលពិនិត្យសកម្មភាពរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ ក្រោយប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

*បទឈប់បាញ់មានន័យថា «បង្កកស្ថានភាព» មិនមែន «បង្កើតស្ថានភាពថ្មី»

សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ បានកំណត់ឱ្យមានបទឈប់បាញ់ភ្លាមៗ និងឱ្យភាគីទាំងពីរ រក្សាទីតាំងកងទ័ពដែលមានស្រាប់ ដោយគ្មានចលនាបន្ថែម។ វាក៏កំណត់យ៉ាងច្បាស់ថា ការរៀបចំក្រោមសេចក្តីប្រកាសនេះ មិនប៉ះពាល់ដល់ការកំណត់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។

គោលការណ៍នេះមានសារៈសំខាន់ខ្លាំង។ ការរក្សាទីតាំងកងទ័ពនៅពេលបទឈប់បាញ់ មិនអាចត្រូវបានបកស្រាយថាជាការទទួលស្គាល់អធិបតេយ្យភាព ឬសិទ្ធិលើទឹកដីនោះទេ។ ក៏មិនអាចប្រើជាមូលដ្ឋានដើម្បីពង្រីកការគ្រប់គ្រងជាក់ស្តែង បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ឬបង្កើតភស្តុតាងរូបវន្តសម្រាប់ការទាមទារទឹកដីនៅពេលក្រោយបានដែរ។

ដូច្នេះ បទឈប់បាញ់ត្រូវមានន័យថា៖ បញ្ឈប់ការបាញ់ បញ្ឈប់ការរុលទៅមុខ និងបញ្ឈប់ការបង្កើតអង្គហេតុថ្មីដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល។

*ពី «ការរក្សាទីតាំង» ទៅ «ការបង្កើត Fait Accompli»

ប្រសិនបើក្នុងអំឡុងពេលបទឈប់បាញ់ កងកម្លាំងមួយចាប់ផ្តើមកម្ទេចផ្ទះប្រជាពលរដ្ឋ បិទផ្លូវចូលលំនៅឋាន សាងសង់ផ្លូវថ្មី ដាក់របាំង ឬសំណង់រឹងមាំ បង្កើតហេដ្ឋារចនាសម្ព័ន្ធយោធា ឬដោតទង់ជាតិ ដើម្បីបង្ហាញការគ្រប់គ្រងលើទីតាំងដែលស្ថានភាពព្រំដែនត្រូវដោះស្រាយតាមយន្តការដែលបានព្រមព្រៀង នោះគឺជាការបង្កើត fait accompli - ការបង្កើត «អង្គហេតុសម្រេចរួច» នៅលើដី ហើយបន្ទាប់មកព្យាយាមប្រើអង្គហេតុនោះជាមូលដ្ឋានសម្រាប់ការទាមទារនយោបាយ យោធា ឬដែនដីនៅពេលក្រោយ។

ភាពខុសគ្នាគឺច្បាស់៖ ការរក្សាទីតាំងកងទ័ព គឺការមិនផ្លាស់ប្តូរស្ថានភាព។ ការសាងសង់ ការកម្ទេចផ្ទះសម្បែង វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព ការរារាំងពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ ការពង្រឹងទីតាំង និងការដាក់និមិត្តសញ្ញាអធិបតេយ្យភាព គឺជាការបង្កើតស្ថានភាពថ្មី។

*ផ្ទះប្រជាពលរដ្ឋមិនមែនជាគោលដៅសម្រាប់ការបង្កើតស្ថានភាពថ្មី

កាន់តែសំខាន់ជាងនេះ សេចក្តីប្រកាសរួមបានព្រមព្រៀងឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះ និងប្រកបជីវភាពធម្មតារបស់ពួកគេឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ដូច្នេះ ប្រសិនបើផ្ទះរបស់ពលរដ្ឋត្រូវបានកម្ទេច ផ្លូវត្រូវបានបិទ ឬលំនៅឋានត្រូវបានធ្វើឱ្យពួកគេមិនអាចចូលទៅដល់បាន តើពួកគេអាចអនុវត្ត «សិទ្ធិវិលត្រឡប់» ដែលសេចក្តីប្រកាសរួមបានធានាដោយរបៀបណា?

ការអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ មិនអាចមានន័យត្រឹមតែការមិនបាញ់ពួកគេនោះទេ។ វាត្រូវមានន័យថា ពួកគេអាច ត្រឡប់ទៅផ្ទះ ដីធ្លី ទ្រព្យសម្បត្តិ និងជីវភាពដែលពួកគេធ្លាប់មាន ដោយគ្មានឧបសគ្គដែលត្រូវបានបង្កើតឡើងក្រោយបទឈប់បាញ់។

*ការដោតទង់ជាតិមិនអាចបង្កើតអធិបតេយ្យភាព

ដូចគ្នានេះដែរ ការដោតទង់ជាតិ ឬការដាក់និមិត្តសញ្ញារដ្ឋនៅលើទីតាំងណាមួយ មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីនោះដោយខ្លួនឯងឡើយ។

ទង់ជាតិអាចបង្ហាញពីការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងប័ណ្ណកម្មសិទ្ធិលើទឹកដី។ អធិបតេយ្យភាពត្រូវកំណត់ដោយច្បាប់ សន្ធិសញ្ញា ផែនទី និងយន្តការកំណត់ព្រំដែនដែលមានសុពលភាព មិនមែនដោយអ្នកណាអាចសាងសង់ផ្លូវមុន ដាក់ទង់មុន ឬដាក់កម្លាំងនៅលើដីបានយូរជាងនោះទេ។

ហេតុនេះហើយបានជាសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ បានរក្សាបញ្ហាកំណត់ព្រំដែនឱ្យស្ថិតក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ភាគីណាមួយមិនអាចប្រើកម្លាំងយោធា ឬសកម្មភាពឯកតោភាគីនៅលើដី ដើម្បីធ្វើជំនួសការងាររបស់ JBC បានឡើយ។

សន្តិភាពមិនអាចមាននៅពេលស្នូរកាំភ្លើងស្ងប់ស្ងាត់ ប៉ុន្តែប៊ុលដូហ្ស័រនិងលួសបន្លានៅតែដំណើរការ

នេះជាសំណួរដែលសហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់៖ តើអាចហៅថា «បទឈប់បាញ់» ពេញលេញបានដែរឬទេ នៅពេលកាំភ្លើងស្ងប់ ប៉ុន្តែសកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដីនៅតែបន្ត?

បទឈប់បាញ់ពិតប្រាកដមិនមែនគ្រាន់តែអវត្តមាននៃសំឡេងកាំភ្លើងទេ។ វាជាកាតព្វកិច្ចមិនធ្វើសកម្មភាពដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ មិនបង្កើតអង្គហេតុថ្មីលើដី និងទុកឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយយន្តការសន្តិវិធីដែលភាគីទាំងពីរបានព្រមព្រៀង។

ក្នុងន័យនេះ ការកម្ទេចផ្ទះប្រជាពលរដ្ឋ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ ឬការដាក់និមិត្តសញ្ញាដើម្បីបង្ហាញអធិបតេយ្យភាពនៅលើទឹកដីកម្ពុជា ប្រសិនបើត្រូវបានបញ្ជាក់ដោយភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន គឺមិនអាចលាក់ខ្លួនក្រោមពាក្យថា «រក្សាទីតាំងកងទ័ព» បានឡើយ។ វាគឺជាការបង្កើត fait accompli ដែលផ្ទុយនឹងគោលបំណងនៃការបន្ធូរបន្ថយភាពតានតឹង និងអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែនដោយសន្តិវិធី។

*«គ្រប់គ្រងជាក់ស្តែង» មិនស្មើ «អធិបតេយ្យភាពស្របច្បាប់»
មានគោលការណ៍មួយដែលត្រូវបញ្ជាក់ឱ្យច្បាស់ «ការកាន់កាប់ដោយកម្លាំង មិនអាចបង្កើតសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ»

ការដាក់របាំង កុងតឺន័រ លេណដ្ឋាន ផ្លូវ ឬទង់ជាតិ អាចបង្កើតរូបភាពនៃការគ្រប់គ្រងនៅលើដី ប៉ុន្តែវាមិនអាចបម្លែងខ្សែព្រំដែនអន្តរជាតិបានទេ។

ដូច្នេះ អ្វីដែលកម្ពុជាទាមទារ មិនមែនជាការបង្កើតច្បាប់ថ្មីឡើយ។ វាគឺការទាមទារឱ្យគោរពអ្វីដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយ៖ បញ្ឈប់ការបង្កើតស្ថានភាពថ្មីលើដី អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ដោយគ្មានការរារាំង និងទុកឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយតាមយន្តការដែលបានព្រមព្រៀង និងច្បាប់អន្តរជាតិ។

*បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់ការពង្រីកការគ្រប់គ្រងទឹកដីដោយវិធីប្រើកម្លាំងឡើយ។

កាំភ្លើងស្ងប់សំឡេង ត្រូវមានន័យថា fait accompli ក៏ត្រូវបញ្ឈប់ដែរ។ សន្តិភាពមិនអាចកសាងឡើងលើផ្ទះដែលត្រូវបានកម្ទេច ផ្លូវដែលត្រូវបានសាងសង់ដើម្បីបង្កើតអង្គហេតុថ្មី និងទង់ជាតិដែលត្រូវបានដោតដើម្បីបម្លែងស្ថានភាពដែនដីបានឡើយ៕