កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៣​,១៤៣នាក់ នៅខណ្ឌទួលគោក

22-08-2026 14:00

(ភ្នំពេញ)៖ កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារកណបក្សចុះមូលដ្ឋានខណ្ឌទួលគោក​ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ចំនួន​ ៣​,១៤៣នាក់ នៅខណ្ឌទួលគោក។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៣,១៤៣នាក់ ក្នុងនោះស្រីជាង ១ពាន់នាក់ បានធ្វើឡើងស្ថិតនៅមជ្ឈមណ្ឌលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាថ្មីទាំង ៣,១៤៣នាក់ ដែលបានបង្ហាញឆន្ទៈ និងគោលការណ៍ស្ម័គ្រចិត្តមករួបរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយតែមួយគត់ដែលបានជួយរំដោះប្រទេសកម្ពុជាក្រោកចេញពីភ្នក់ភ្លើងសង្គ្រាមរ៉ាំរៃអស់ជាច្រើនទស្សវត្សរ៍ត្រឡប់មករកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវាងវៃបំផុត របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅចំពោះមុខសមាជិក សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា, កិត្តិនីតិកោសល្យបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានរម្លឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយធំ វ័យចំណាស់ និងមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជា ដោយមានកំណើតតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។

កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ជាក់ស្តែងដូចជាការរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំដដៃទៀត។ ហើយបច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍរីកច្រើនក្រោមការដឹកនាំរបស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តវេនពីសម្តេចតេជោ។

បន្ថែមពីនេះ កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានលើកឡើងថា ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូប ព្រមទាំងសមាជិក និងសមាជិការបស់គណបក្ស កំពុងនៅតែរែកពន់គ្រប់បែបយ៉ាង រួមនឹងអំរែកដ៏ធ្ងន់ធ្ងរ នៃការកសាងជាតិ ការការពារជាតិ រហូតមានការអភិវឌ្ឍទៅមុខជាលំដាប់។

កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានបង្ហាញជំនឿជាក់ថា តាមរយៈការប្តេជ្ញាចិត្តរបស់សមាជិក សមាជិកាថ្មីដែលទើបនឹងប្រកាសបញ្ចូលនាពេលនេះនឹងចូលរួមចំណែករែកពន់ នៃអំរែកដ៏ធ្ងន់នេះជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីធ្វើយ៉ាងណាបន្តអភិវឌ្ឍន៍​ប្រទេសកម្ពុជា មកជូនប្រជាជនកម្ពុជា ទូទាំងប្រទេស។​

សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា បានអះអាងថា មូលហេតុចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះយល់ឃើញថា គណបក្សមានស្នាដៃជាច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិដូចជា៖ ការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងធានាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។ សមាជិកទាំងនោះក៏បានប្តេជ្ញាចិត្តថាគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិក និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕