បណ្ឌិត ញិល រដ្ឋា៖ យុវជន Gen Z តាមរយៈកញ្ចក់វ៉ែនតាបុរាណ
22-08-2026 15:17
(ភ្នំពេញ)៖ នៅក្នុងកិច្ចសន្ទនារវាងបណ្ដាញព័ត៌មាន Fresh News និងលោកបណ្ឌិត ញិល រដ្ឋា យើងមើលឃើញថា ពីទីលាន Tahrir ក្នុងក្រុងគែរ រហូតដល់ទីលាន Maidan ក្នុងក្រុងកៀវ ប្រវត្តិសាស្ត្រនៃការបះបោររបស់មនុស្សជាតិ តែងតែត្រូវបានចារឹកនៅលើទីលានសាធារណៈជាក់ស្តែង ដែលជាកន្លែងកម្លាំងមហាជនជួបជុំគ្នាដើម្បីផ្ដួលរំលំរបបអំណាច។
ទោះជាយ៉ាងណា ក្នុងទសវត្សរ៍ចុងក្រោយនេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា រលកនៃការតវ៉ាក្រោមការដឹកនាំរបស់ជំនាន់ Z (Gen Z) ដូចជា បាតុកម្មនៅកេនយ៉ា បង់ក្លាដែស នេប៉ាល់ ឥណ្ឌូនេស៊ី និងឥណ្ឌា បានផ្លាស់ប្តូររូបភាពនេះយ៉ាងស្រឡះ។ «ទីលាន» នៃការតស៊ូមិនមែនស្ថិតនៅលើផ្លូវថ្នល់តែមួយមុខទៀតឡើយ ប៉ុន្តែបានផ្លាស់ទីទៅកាន់ «ទីលាននិម្មិត» (Virtual Square) នៃបណ្តាញឌីជីថល ដូចជា Facebook, TikTok, X, Discord និង Telegram។
ការប្រែប្រួលទម្រង់នៃការតវ៉ានេះ បានបង្កជាសំណួរយ៉ាងស្រួចស្រាវក្នុងចំណោមអ្នកវិទ្យាសាស្ត្រនយោបាយ និងសង្គមវិទ្យាថា តើឧបករណ៍ ឬ កញ្ចក់វ៉ែនតាបុរាណ ដែលធ្លាប់តែប្រើសម្រាប់វិភាគបដិវត្តន៍ក្នុងសតវត្សរ៍ទី២០ នៅតែមានប្រសិទ្ធភាពក្នុងការបកស្រាយ និងយល់ដឹងពីបាតុភូតតស៊ូឌីជីថលរបស់យុវជនសម័យនេះដែរឬទេ? ហើយតើថ្នាក់ដឹកនាំរដ្ឋគួរតែបន្តមើលយុវជនតាមកញ្ចក់ចាស់ ឬត្រូវបើកចិត្តទទួលស្គាល់បរិបទថ្មីនេះ?
បើមើលពីបរិបទនៃ «វិវាទទ្រឹស្តី» វិញ លោកបណ្ឌិត ញិល រដ្ឋា បានបង្ហាញឲ្យដឹងថា នៅក្នុងដែនសិក្សាអំពីបដិវត្តន៍ ការវិវឌ្ឍនៃទ្រឹស្តីត្រូវបានបែងចែកជាច្រើនជំនាន់ ចាប់តាំងពីជំនាន់ទី១ ដល់ទី៣ ដែលផ្តោតលើចិត្តវិទ្យាសង្គម និងរចនាសម្ព័ន្ធអំណាចរដ្ឋ ដូចជាការងាររបស់លោកស្រី Theda Skocpol រហូតដល់ជំនាន់ទី៤ របស់អ្នកប្រាជ្ញ Jack Goldstone និង John Foran ដែលបានបន្ថែមធាតុផ្សំនៃវប្បធម៌ និងមនោគមវិជ្ជា។ បច្ចុប្បន្នការជជែកគ្នាយ៉ាងក្តៅគគុកបានផ្ទុះឡើង នៅពេលអ្នកជំនាញដូចជា Jamie Allinson (2019, 2021) ទទូចថារលកបាតុកម្មឌីជីថលសម័យថ្មីទាមទារឱ្យមាន «ទ្រឹស្តីជំនាន់ទី៥» ដើម្បីពន្យល់ពីចលនាអហិង្សាដែលគ្មានមេដឹកនាំ (Leaderless)។
ផ្ទុយទៅវិញ អ្នកស្រាវជ្រាវដូចជា Abrams (2019) ឬ Beck និង Ritter (2021) បានប្រកែកថា បាតុភូតនេះគ្រាន់តែជាផ្នែកបន្ថែមនៃទ្រឹស្តីជំនាន់ទី៤ តែប៉ុណ្ណោះ។ ការខកខានមិនបានទទួលស្គាល់ភាពខុសគ្នានៃទម្រង់តស៊ូនេះ ធ្វើឱ្យការវិភាគធ្លាក់ចូលក្នុងភាពជាប់គាំង ដោយសារការប្រឹងប្រែងយកក្របខ័ណ្ឌចាស់មកគ្របដណ្តប់លើតថភាពថ្មី។ នេះបើតាមការបញ្ជាក់បន្ថែពីលោកបណ្ឌិត ញិល រដ្ឋា។
ចំពោះយុវជន Gen Z តើពិតជាជឿថាការតស៊ូដោយគ្មានមេដឹកនាំជាជម្រើសល្អបំផុត ឬមួយក៏វាត្រូវការការរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីទទួលបានជ័យជម្នះយូរអង្វែង?
លោកបណ្ឌិត ញិល រដ្ឋា បានឆ្លើយតបថា ស្របតាមភូមិសាស្ត្រនយោបាយសកល និងមេរោគឆ្លង (ជំងឺសង្គម) ចលនារបស់ Gen Z មិនបានកើតឡើងក្នុងសុញកាសឡើយ ប៉ុន្តែត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបរិបទភូមិសាស្ត្រនយោបាយសកល ការធ្លាក់ចុះនៃសណ្ដាប់ធ្នាប់ពិភពលោកឯកប៉ូល វិបត្តិសេដ្ឋកិច្ចសកល អតិផរណា និងការកើនឡើងនៃរបបអំណាចបក្សពួក និងគ្រួសារនិយម។
អ្នកជំនាញរូបនេះបានបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់គឺ «ឥទ្ធិពលឆ្លងដែន» (Transnational Contagion Effect) ដែលជោគជ័យនៃការតវ៉ារបស់យុវជននៅប្រទេសមួយ បានក្លាយជា «សៀវភៅល្បែង» (Playbook) និងជាកម្លាំងចិត្តដល់យុវជននៅប្រទេសផ្សេងទៀត។ ពួកគេថែមទាំងបានប្រើប្រាស់និមិត្តរូបវប្បធម៌ប្រជាប្រិយ (Pop Culture) ដូចជាទង់សមុទ្រ Straw Hat ពីតុក្កតា One Piece ចាប់ពីម៉ាដាហ្គាស្ការ រហូតដល់ប៉េរូ ដើម្បីជាសំដែងរូបភាពនៃការប្រឆាំងនឹងអំណាចពុករលួយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺ «កញ្ចក់វ៉ែនតាបុរាណ និងចលនានិម្មិតរបស់យុវជន Gen Z»។ នៅក្នុងនាមអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត ញិល រដ្ឋា បានយល់ឃើញថា នៅពេលអ្នកវិភាគនយោបាយប្រើប្រាស់ «កញ្ចក់វ៉ែនតាបុរាណ» មើលមក Gen Z ពួកគេតែងតែប្រព្រឹត្តកំហុសឆ្គងក្នុងការវាយតម្លៃ។ ខណៈដែលអ្នកអភិរក្សនិយមព្យាយាមស្វែងរកមេដឹកនាំ ឬបក្សនយោបាយច្បាស់លាស់ដើម្បីចរចា យុវជន Gen Z បែរជារៀបចំរចនាសម្ព័ន្ធគ្មានមេដឹកនាំ តាមបណ្តាញឌីជីថល ដែលធ្វើឱ្យអាជ្ញាធរពិបាកចាប់ខ្លួន ឬបង្ក្រាបមេកើយ។
ជាងនេះទៅទៀតនៅពេលដែលមនុស្សចាស់រំពឹងទុកនូវសេចក្តីថ្លែងការណ៍ ឬសារនយោបាយផ្លូវការស្មុគស្មាញ យុវជនបែរជាប្រើប្រាស់ Memes, រូបភាព short-form, និងវីដេអូ Viral ដើម្បីពន្យល់ពីអំពើពុករលួយ និងប្រមូលផ្តុំមនុស្សបានយ៉ាងលឿន។ ហើយជំនួសឱ្យការប្រមូលផ្តុំនៅលើផ្លូវថ្នល់តែមួយកន្លែង ពួកគេបង្កើតជាទីលាននិម្មិត (Flash-mobs) ដោយប្រើប្រាស់បណ្តាញសង្គមរៀបចំផែនការ រួចចុះធ្វើសកម្មភាពភ្លាមៗ និងបំបែកជួរវិញយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះលោកបណ្ឌិត បានអះអាងថា ដល់ពេលហើយឬនៅ ដែលថ្នាក់ដឹកនាំ និងយុវជនត្រូវបោះបង់កែវភ្នែកសង្ស័យដាក់គ្នា ហើយមកអង្គុយតុតែមួយដើម្បីកសាងទំនុកចិត្តឡើងវិញ។
បើនិយាយអំពីបញ្ហាប្រឈម និងវិបាកក្នុងសង្គមនិម្មិតវិញ អ្នកជំនាញរូបនេះមើលឃើញថា ទោះបីជា «ទីលាននិម្មិត» ផ្តល់ថាមពល និងភាពបត់បែនខ្លាំងដល់ Gen Z ក៏ដោយ ក៏ចលនានេះប្រឈមមុខនឹងហានិភ័យ និងដែនកំណត់ធ្ងន់ធ្ងរចំនួន៣គឺ៖
- ទីមួយ គឺបញ្ហាចន្លោះទទេនៃអំណាច (Power Vacuums) ដោយសារចលនាគ្មានមេដឹកនាំច្បាស់លាស់ នៅពេលដែលពួកគេផ្ដួលរំលំរដ្ឋាភិបាលចាស់បាន ពួកគេច្រើនតែគ្មានសមត្ថភាពគ្រប់គ្រងរដ្ឋភ្លាមៗឡើយ ដែលបើកឱកាសឱ្យក្រុមយោធា ឬក្រុមជ្រុលនិយមឆក់ដើមទ្រូងដណ្តើមអំណាច។
- ទីពីរ គឺការប្រឈមនឹងការបង្ក្រាបតាមបែបឌីជីថល (Digital Authoritarianism) ពីសំណាក់របបផ្តាច់ការដែលប្រើប្រាស់ AI ការបិទអ៊ីនធឺណិត និងការតាមដានតាមប្រព័ន្ធឌីជីថល។
- ទីបី គឺភាពងាយបាត់បង់ថាមពល (Burnout) ដែលចលនាឆាបឆេះលឿនតាមអ៊ីនធឺណិត អាចស្រុតចុះទៅវិញលឿន ប្រសិនបើមិនបានបំប្លែងកំហឹងតវ៉ាឱ្យទៅជាស្ថាប័ននយោបាយរឹងមាំ។ ដូច្នេះតើយុវជន Gen Z អាចប្រែក្លាយ «ការ Like និង Share» ឱ្យទៅជាអំណាចនយោបាយពិតប្រាកដដោយរបៀបណា ប្រសិនបើគ្មានការសហការ និងបង្រួបបង្រួមជាមួយស្ថាប័នរដ្ឋ?
ពិតណាស់ចលនារបស់យុវជន Gen Z នៅក្នុង «ទីលាននិម្មិត» មិនមែនជាបាតុភូតបណ្តោះអាសន្ន ឬជាការតវ៉ាលេងសើចឡើយ ប៉ុន្តែវាជា «រលកបដិវត្តន៍សកលលោកសម័យថ្មី» ដែលកំពុងបកស្រាយឡើងវិញនូវទម្រង់នៃអំណាច និងប្រជាធិបតេយ្យ។ ការព្យាយាមវាយតម្លៃពួកគេតាមរយៈ «កញ្ចក់វ៉ែនតាបុរាណ» នឹងនាំឱ្យមានការយល់ច្រឡំ និងការប៉ាន់ប្រមាណថាមពលតវ៉ាខុស។
សន្តិភាព និងជោគជ័យយូរអង្វែងនៃសង្គមមួយ ត្រូវបានលោកបណ្ឌិត ញិល រដ្ឋា មើលឃើញថា មិនមែនស្ថិតនៅលើការបង្ក្រាប ការប្រើហិង្សា ឬការផ្ដួលរំលំគ្នានោះទេ ប៉ុន្តែស្ថិតនៅលើ «សាមគ្គីភាពជាតិ ការយោគយល់គ្នារវាងជំនាន់ និងការថែរក្សាសន្តិភាព»។ សន្តិភាពគឺ ជាគ្រឹះមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ រីឯសាមគ្គីភាពគឺជាកម្លាំងចលករក្នុងការកែទម្រង់។ ថ្នាក់ដឹកនាំត្រូវរៀនស្តាប់សំឡេងឌីជីថលរបស់យុវជនដោយបេះដូងទូលាយ និងស្មោះត្រង់ ហើយយុវជន Gen Z ក៏ត្រូវរៀនប្រែក្លាយថាមពលតវ៉ាឱ្យទៅជាកម្លាំងចូលរួមសហការកសាងស្ថាប័នរដ្ឋដោយសន្តិវិធី៕









