លោក ហួត ហាក់៖ និស្សិតកម្ពុជាគ្រប់រូប គឺជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពកក់ក្តៅ

22-08-2026 15:22

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរដល់បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ២៦រូប ដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងសាធារណរដ្ឋឆែក។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់ប្អូនៗជ័យលាភីអាហារូបករណ៍ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលប្អូនៗសម្រេចបាន។ លោកបានចាត់ទុកភាពជោគជ័យនេះថា ជាមោទនភាពរួមសម្រាប់សាមីខ្លួន គ្រួសារ ស្ថាប័ន និងប្រទេសជាតិទាំងមូល។

បន្ទាប់ពីបានអនុញ្ញាតឱ្យតំណាងនិស្សិតឡើងបង្ហាញចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្អូនៗអំពីតួនាទី និងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ ក្នុងអំឡុងពេលបំពេញការសិក្សានៅបរទេស។

លោកបានគូសបញ្ជាក់ថា ក្រៅពីការខិតខំសិក្សា ប្រជាជនកម្ពុជាម្នាក់ៗ និងនិស្សិតកម្ពុជាគ្រប់រូប គឺជាទូតសុឆន្ទៈតំណាងឱ្យកម្ពុជា ក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណី ទំនៀមទម្លាប់ គោលដៅទេសចរណ៍ ព្រមទាំងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយពិតប្រាកដរបស់កម្ពុជា ដល់ប្រជាជនក្នុងប្រទេសដែលខ្លួនស្នាក់នៅ និងសិក្សា ព្រមទាំងមិត្តភក្តិមកពីបណ្តាប្រទេសផ្សេងៗទៀត។

លោកបានអំពាវនាវឱ្យប្អូនៗចូលរួមចំណែកផ្សព្វផ្សាយពីកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព ភាពកក់ក្តៅ និងមានសក្តានុពលទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍ ព្រមទាំងចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កាច់បង្ខូចពីប្រទេសកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលឹកដល់ប្អូនៗពីសុភាសិតខ្មែរ «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ» ដោយបញ្ជាក់ថា ប្រសិនបើប្អូនៗជួបប្រទះបញ្ហា ឬមានសំណូមពរណាមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅកាន់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសដែលប្អូនៗកំពុងរស់នៅ និងសិក្សា។

លោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្អូនៗចូលរួមឱ្យបានសកម្ម និងជាប់លាប់ក្នុងកម្មវិធីនានាដែលរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសដែលប្អូនៗកំពុងស្នាក់នៅ និងសិក្សា ដើម្បីរួមចំណែកផ្សព្វផ្សាយពីកម្ពុជា និងពង្រឹងទំនាក់ទំនងជាមួយសហគមន៍ខ្មែរ និងមិត្តភក្តិអន្តរជាតិ។

លោកបានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ សូមប្អូនៗយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល តាមជំនាញ និងសមត្ថភាពរៀងៗខ្លួន។

ជាចំណងដៃ លោករដ្ឋមន្ត្រី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ប្អូនៗជ័យលាភីទាំងអស់ ដោយនិស្សិតម្នាក់ៗទទួលបានក្រមា Eco Bag របស់ក្រសួងទេសចរណ៍ USB ដែលមានវីដេអូអំពីតំបន់សក្តានុពលទេសចរណ៍ និងសៀវភៅចំនួន ៥ក្បាល រួមមាន «កូនប្រុសច្បងដ៏មានឥទ្ធិពល» «អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី» «៣យន្តការឈ្នះកូវីដ-១៩» Handbook ភាសាអង់គ្លេស និង Guidebook ភ្នំពេញ សៀមរាប ភូមិភាគឦសាន និងតំបន់ឆ្នេរ។

លោកបានលើកឡើងថា សៀវភៅ និងសម្ភារៈទាំងនេះ នឹងក្លាយជាមធ្យោបាយសម្រាប់ប្អូនៗដកស្រង់បទពិសោធន៍ និងចំណេះដឹង ព្រមទាំងជាមូលដ្ឋានសម្រាប់តម្រង់ទិសអនាគតលើវិថីការងារដែលប្អូនៗបានជ្រើសរើស។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី បានជូនពរដល់ប្អូនៗជ័យលាភីទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានជោគជ័យក្នុងការសិក្សានៅក្រៅប្រទេសនាពេលខាងមុខ៕