លោកសាស្ដ្រាចារ្យ ឈាង រ៉ា៖ ការឃោសនាឱ្យប្រជាជនជឿជាក់ គឺផ្ដើមចេញពីការធ្វើអំពើល្អជារៀងរាល់ថ្ងៃ ហើយជាទីពឹងយ៉ាងពិតប្រាកដ
22-08-2026 20:02
(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌសែនសុខ បានគូសបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមាជិក សមាជិកាបក្សថា ដើម្បីធ្វើឱ្យការឃោសនារកសំឡេងឆ្នោតទទួលបានការគាំទ្រ គឺមិនមែនដល់ពេលវេលាត្រូវឃោសនា យើងនាំគ្នាទៅឃោសនា ហើយទទួលបានការគាំទ្រ និងការជឿជាក់ពីប្រជាជនយើងនោះទេ គឺផ្ដើមចេញពីការធ្វើអំពើល្អរបស់យើងជារៀងរាល់ថ្ងៃ ហើយជាទីពឹងរបស់បានគ្រប់ពេលដែលមានធុរៈ និងជួបការលំបាក។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ និងគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ប្រចាំខែមិថុនា-កក្កដា និងដាក់ទិសដៅខែសីហា ឆ្នាំ២០២៦ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌសែនសុខ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ព្រមទាំងប្រធាន អនុប្រធានក្រុមការងារចុះជួយសង្កាត់ ភូមិ និងចៅសង្កាត់ សមាជិក សមាជិកា ជាច្រើនរូបទៀត។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ជាប្រធាន បាននឹងកំពុងបន្តពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម តាមរយៈការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើជាតិ និងប្រជាជន។ ក្នុងនោះអំពើល្អ ការយកចិត្តទុកដាក់ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ គឺជាកត្តាស្នូលដែលធ្វើឱ្យគណបក្សទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមួយអាណត្តិទៅមួយអាណត្តិ។
លោកសាស្ដ្រាចារ្យក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស «ឱ្យបន្តថែរក្សា និងបង្កើនអំពើល្អ មិនត្រូវឆ្អែតឆ្អន់នឹងអំពើល្អដែលបានធ្វើបម្រើប្រជាពលរដ្ឋឡើយ តាមរយៈការផ្តល់សេវាសាធារណៈ សេវាសំណូមពរ និងសេវាតម្រូវការនានា។ បើនិយាយក្នុងការបម្រើសេវាសុខាភិបាល គឺពេលដែលប្រជាជនយើងទៅពឹងពាក់ត្រូវការឱ្យយើងជួយ គឺយើងជួយគាត់ ដោយទទួលបានការពេញចិត្ដ ទំនុកចិត្ដខ្ពស់ និងភាពកក់ក្ដៅ តាំងពីឈានចូលទៅទទួលសេវា រហូតដល់បានចេញពីពេទ្យ។ ហើយបើចៅសង្កាត់ ពេលប្រជាពលរដ្ឋទៅពឹងពាក់ គឺចៅសង្កាត់ជួយ និងជួយដោយយកចិត្ដទុកដាក់ និងទាន់ពេលវេលា ដែលនេះហើយគឺជាការកសាងអំពើល្អជារៀងរាល់ថ្ងៃរបស់យើង ហើយពេលឃោសនា គឺ ប្រជាជនក៏កាន់តែតែជឿជាក់ទៅតាមហ្នឹងផងដែរ។ ដូច្នេះអំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស»។
ជាងនោះទៅទៀតដើម្បីបន្តរក្សាបាននូវទំនុកចិត្តនេះ ឱ្យប្រជាជនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស, លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៀត ដល់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ពិសេសជំរុញឱ្យពង្រឹងសមត្ថភាព ទាំងគោលជំហរ ស្មារតី និងសតិអារម្មណ៍ ដើម្បីគ្រប់គ្រងស្ថានភាពពិត និងចូលរួមដោះស្រាយបញ្ហាប្រឈម ការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសស្របតាមស្ថានភាពបច្ចុប្បន្នភាពនេះ លោកស្នើឱ្យបន្ដចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
សូមជម្រាបថា បន្ទាប់ពីឡើងរាយការណ៍របាយការណ៍សង្ខេបពីក្រុមការងារមូលដ្ឋាន ស្ដីពីសភាសការណ៍ទូទៅ និងការងារគណបក្សប្រចាំខែ និងទិសដៅសម្រាប់ខែសីហា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ដ្រីគណបក្ស មន្ដ្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌសែនសុខ ដែលបានធ្វើការបម្រើជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្ដដាក់ខ្ពស់៕











































