ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ បដិសេធទៅលើការផ្សព្វផ្សាយបរិហារកេរ្ដិ៍ និងបំផ្លើសព័ត៌មានមិនពិត តាមបណ្តាញសង្គមរបស់លោក ហ៊ាង រតនា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងគណៈគ្រូពេទ្យកម្ពុជា

23-08-2026 08:21

(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធលោក ហ៊ាង រតនា ដែលបានបង្ហោះលើបណ្ដាញសង្គមផ្សព្វផ្សាយបំផ្លើសនូវព័ត៌មានមិនពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងគណៈគ្រូពេទ្យកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានធ្វើការបដិសេធទាំងស្រុង ទៅលើការផ្សព្វផ្សាយបរិហារកេរ្ដិ៍តាមបណ្តាញសង្គមរបស់លោក ហ៊ាង រតនាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ដោយហេតុថា
លោក ហ៊ាង រតនា កំពុងស្ថិតក្រោមទណ្ឌកម្មវិន័យផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលរយៈពេល ៣(បី)ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៨ តាមរយៈសេចក្តីសម្រេចលេខ០៨/០៨/២៥ ក.គ.ភ១ ដោយសារកំហុសឆ្គងវិជ្ជាជីវៈ បណ្តាលឱ្យទារកម្នាក់ស្លាប់ និងការបើកមន្ទីរសម្រាកព្យាបាលគ្មានច្បាប់អនុញ្ញាតពីក្រសួង
សុខាភិបាល។

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានរៀបចំការប្រជុំ ដើម្បីពិនិត្យលើពាក្យសុំ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ របស់លោក ហ៊ាង រតនា «ដែលបានស្នើសុំលើកលែង ឬបន្ធូរបន្ថយការព្យួរអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល»។ ផ្អែកលើអង្គហេតុច្បាប់ និងបុគ្គលិកលក្ខណៈរបស់លោក ហ៊ាង រតនា ដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរឿងក្ដីព្រហ្មទណ្ឌរបស់តុលាការនៅឡើយ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ ពុំមានសិទ្ធិអំណាចក្នុងការបន្ធូរបន្ថយ ឬលើកលែងការព្យួរអាជ្ញាបណ្ណនេះបានឡើយ។ ហេតុដូចនេះនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានអញ្ជើញលោក ហ៊ាង រតនា មកជួបដើម្បីជម្រាបជូនអំពីមូលហេតុផ្លូវច្បាប់ទាំងនេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាវិន័យគណៈគ្រូពេទ្យជាតិ សមាជិកការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ ប្រធាន និងអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ និងអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែនៅក្នុងកិច្ចប្រជុំ លោក ហ៊ាង រតនា ពុំព្រមទទួលយកការពន្យល់ពីអង្គប្រជុំឡើយ ព្រមទាំងបានប្រើប្រាស់ពាក្យសម្ដីអសុរោះ កាយវិការមិនសមរម្យ ថែមទាំងបានរិះគន់ស្ថាប័នផ្សេងៗ និងស្ថាប័នរដ្ឋ ដែលប្រាសចាកពីការពិត និងផ្ទុយពីរបៀបវារៈនអង្គប្រជុំ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ាង រតនា បានបង្ហោះផ្សព្វផ្សាយបំផ្លើសនូវព័ត៌មានមិនពិត និងចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងក្រុមប្រឹក្សាគណៈគ្រូពេទ្យ។ ក្រុមប្រឹក្សាគណៈគ្រូពេទ្យភូមិភាគ១ បានបញ្ជាក់សារជាថ្មីថា លោក ហ៊ាង រតនា ពុំមានសម្បទាក្នុងការប្រកប
វិជ្ជាជីវៈសុខាភិបាលឡើយក្នុងអំឡុងពេលទទួលទណ្ឌកម្មវិន័យនេះ។

លើសពីនោះគណៈគ្រូពេទ្យនៅតែបន្តប្រកាន់ខ្ជាប់នូវការលើកកម្ពស់គុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីផលប្រយោជន៍ និងទំនុកចិត្តរបស់សាធារណជន៕