លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ផ្ដល់ពុទ្ធិដ៏មានតម្លៃដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អំពីរបៀបគិត វិធីសាស្ដ្រដឹកនាំ និងសម្រេចចិត្តក្នុងបញ្ហាប្រឈម

23-08-2026 15:11

(ភ្នំពេញ)៖ ក្រៅអំពីមេរៀនប្រវត្តិសាស្ត្រ និងបទពិសោធដែល លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដោយផ្ទាល់ បាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ដល់ជូនសមាជិក សមាជិកាបក្ស នូវពុទ្ធិដ៏មានតម្លៃ ពាក់ព័ន្ធនឹងរបៀបគិត វិធីសាស្ត្រដឹកនាំ រួមទាំងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការប្រឈម និងដោះស្រាយស្ថានការណ៍ជាក់ស្តែងនីមួយៗ។

តម្លៃនៃការចែករំលែកនេះ មិនស្ថិតនៅត្រឹមការដឹងថា «អ្វីបានកើតឡើង» ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើការយល់កាន់តែស៊ីជម្រៅថា «ហេតុអ្វីបានជាការសម្រេចចិត្តមួយត្រូវបានធ្វើឡើង» និង «តើថ្នាក់ដឹកនាំបានគិត សម្រេចចិត្ត និងដោះស្រាយយ៉ាងដូចម្តេច នៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញ»

តាមរយៈការស្វែងយល់ពីហេតុផល និងបរិបទនៅពីក្រោយការសម្រេចចិត្តទាំងនោះ សមាជិក សមាជិកាបក្ស ក៏បានមើលឃើញកាន់តែច្បាស់ពីវីរភាព និងភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងដំណាក់កាលដ៏លំបាកនានា។ ទោះស្ថិតក្នុងស្ថានការណ៍ប្រឈម ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជាក៏ដោយ ភាពម៉ឺងម៉ាត់ ភាពច្បាស់លាស់ក្នុងទិសដៅ និងការប្រកាន់ខ្ជាប់គោលដៅ បានក្លាយជាកត្តាសំខាន់ក្នុងការដឹកនាំឆ្លងកាត់ដំណាក់កាលទាំងនោះ។ អ្វីដែលសំខាន់ជាងនេះ គឺនៅពីក្រោយការគិត និងការសម្រេចចិត្តទាំងឡាយ តែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

គន្លងទាំងនេះ ជាពុទ្ធិដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដោយរក្សាផលប្រយោជន៍រួមជាគោល និងបន្តចូលរួមក្នុងបុព្វហេតុជាតិ និងប្រជាជន៕