អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទីក្រុងបាងកក កំពុងធ្វើសង្រ្គាមវប្បធម៌យ៉ាងប្រសេចប្រសាចមកលើកម្ពុជា
23-08-2026 16:55
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងសម័យបច្ចកវិទ្យាទំនើបនេះ បើយើងនិយាយអំពីមហិច្ឆតារបស់ទីក្រុងបាងកក បន្ទាប់ពីបើកសង្រ្គាមឈ្លានពានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាពីឆ្នាំ២០២៥មក ឥទ្បូវទីក្រុងបាងកកកំពុងធ្វើសង្រ្គាមវប្បធម៌យ៉ាងប្រសេចប្រសាចមកលើកម្ពុជា ក្នុងបំណងដើម្បីដណ្តើមធ្វើជាកម្មសិទ្ធិវប្បធម៌ពីមរតកកម្ពុជាទៀត។
ស្ថិតក្នុងទង្វើរបស់ទីក្រុងបាងកកបែបនេះ គឺពួកគេបាននិងកំពុងបន្ថែមកំដៅពីវិវាទវប្បធម៌ទៅលើវិវាទទឹកដីថែមទៀត បង្កើតការរើសអើងជាតិសាសន៍យ៉ាងខ្លាំង ដើម្បីបម្រើឲ្យគំនិតជាតិនិយមជ្រុលខ្លួន ដោយយកបណ្តាញសង្គម មកដុតបញ្ឆេះកំហឹងជាតិនិយមជ្រុល ដោយប្រើពាក្យពេចន៍ស្អប់ខ្ពើម ជេរប្រមាថ និងប្រឌិត បំភ្លៃ ក្នុងចេតនាទម្លាក់តម្លៃវប្បធម៌មកលើជាតិសាសន៌មួយទៀត។
ហេតុនេះចំពោះទង្វើនិងអាកប្បកិរិយារបស់ទីក្រុងបាងកក ដោយការជេរប្រមាថមកលើជាតិសាសន៍មួយទៀត ថា ជាជាតិសាសន៍ក្រីក្រ អន់ជាងខ្លួន ដោយពួកគេប្រើអាកប្បកិរិយាសំដីហិង្សា តាមបណ្តាញសង្គម ដោយគ្មានភាពស៊ីវិល័យផ្នែកសីលធម៌លើថ្នាលឌីជីថល ដោយចេតនាបង្កើតជារូបភាពអវិជ្ជមាន ឬកំណត់ស្ដង់ដារ ថា ពូជសាសន៍មួយអន់ជាងពូជសាសន៍ខ្លួន គឺជាការរើសអើងជាតិសាសន៍យ៉ាងច្បាស់លាស់ និងរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិមួយទៀត ដែលពិភពលោកគេស្អប់ខ្ពើមបំផុត។
ទន្ទឹមនឹងនេះ យើងអាចចោទសួរថា ហេតុអ្វីបានជាទីក្រុងបាងកក ខំធ្វើសង្គ្រាមវប្បធម៌យ៉ាងប្រសេចប្រសាចមកលើកម្ពុជា?
លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ទង្វើរបស់ទីក្រុងបាងកកបែបនេះ គឺមានគោលបំណងតែមួយគត់ ដើម្បីឆក់និងដណ្តើមយកមរតកវប្បធម៌ពីកម្ពុជា មកធ្វើការកំណត់អត្តសញ្ញាណវប្បធម៌ដាច់ដោយឡែកផ្ទាល់ខ្លួន ក្នុងការលើកស្ទួយចរន្ដគំនិតជាតិនិយមជ្រុលខ្លួន ដល់មោទនភាពជាតិខ្លួន និងរៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌ ដើម្បីបម្រើឲ្យអំណាចវប្បធម៌សេដ្ឋកិច្ចឌីជីថល នាដើមស វ.ទី២១នេះ លើវិស័យឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ច៕




