អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជានេសាទកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

23-08-2026 17:58

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ក្នុងមូលដ្ឋានខេត្តតាកែវ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទិន្នផលត្រីធម្មជាតិឲ្យកាន់តែសម្បូរបែប។

ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន ដងឆក់ ស្បៃមុងក្រឡាញឹក ថ្នាំពុល និងឧបករណ៍ផ្ទុះគ្រប់ប្រភេទ ពិតជាបានបំផ្លាញកូនត្រី និងជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ហើយចូលរួមសហការ ជាមួយអាជ្ញាធរ និងគោរពទៅតាមការណែនាំរបស់មន្រ្តីជលផល ដើម្បីរក្សាប្រភពធនធានមច្ឆាជាតិ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងបន្សល់ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានណែនាំដល់ សមត្ថកិច្ច អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តចុះល្បាតជាប្រចាំ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលនៅតែបន្តលួចប្រព្រឹត្តបទល្មើសជលផលខុសច្បាប់។ ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរជិតបំផុត នៅពេលជួបប្រទះសកម្មភាពនេសាទខុសច្បាប់ណាមួួយ កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕