នាយឧត្តមសេនីយ៍ វង្ស ពិសេន បើកសិក្ខាសាលាដកពិសោធន៍ ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពទ័ព ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥
24-08-2026 13:42
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥។
សិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»។
ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាព គឺជាកិច្ចការដ៏ធំធេងបំផុតមួយនៃដំណើរការប្រតិបត្តិការ ក្នុងកងយោធពលខេមរភូមិន្ទ ជាខឿនការពារជាតិ និងប្រជាជន ដែលមិនអាចខ្វះបានស្របតាមអនុសាសន៍ប្រកបដោយថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះគឺពិតជាមានសារសំខាន់ឆ្លើយតបទៅនឹងវិធានការ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍និងសាមគ្គីជាតិខ្ពស់។
ថ្លែងបើកអង្គសិក្ខាសាលា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យយកចិត្តទុកដាក់អនុវត្តតាមទិសដៅភារកិច្ច ក៏ដូចជាផែនការការងារសម្ព័ន្ធភាពដែលអង្គសិក្ខាសាលា បានដាក់ចេញ និងខិតខំបន្តនិរន្តរភាពសម្ព័ន្ធមេត្រីភាពរបស់យើងដែលមានស្រាប់ ជាមួយការបង្កើតសម្ព័ន្ធមេត្រីភាព ថ្មីៗទៀត ជាមួយស្ថាប័នអង្គភាពនៃកងយោធពលខេមរភូមិន្ទ ដែលមានភាពចាំបាច់ដោយស្វែងរកដៃគូប្រកបដោយ ប្រសិទ្ធភាពបម្រើឱ្យវិស័យការពារជាតិចំពោះមុខ ស្របតាមគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ទទឹមនេះត្រូវយកចិត្តទុកដាក់បន្តនិរន្តរភាពជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍនានាដើម្បីទ្រទ្រង់ដល់ជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពសមរភូមិមុខ ក៏ដូចជា គ្រួសារយោធិន ដោយផ្តោតលើផែនការ សកម្មភាព ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ និងភូមិសាស្រ្តនីមួយៗ ព្រមទាំងតាមដានត្រួតពិនិត្យ វាយតម្លៃការអនុវត្តទៅតាមផែនការសកម្មភាព ដែលបានគ្រោងទុកនិងមានភាពបត់បែនប៉ិនប្រសប់៕















