មន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល បញ្ញវន្ត និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា មកសិក្សាឈ្វេងយល់ចំណេះដឹងថ្មីៗតាមបែបព្រះពុទ្ធសាសនាលើការធ្វើជំនួញ និងការប្រើប្រាស់ជីសរីរាង្គ
24-08-2026 14:06
(ព្រៃវែង)៖ មន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល បញ្ញវន្ត ប្រជាពលរដ្ឋ មកពីតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីរមណីយដ្ឋានភូមិសុខារាវី ស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីទទួលបានចំណេះដឹងថ្មីៗតាមបែបព្រះពុទ្ធសាសនា លើមុខជំនួញប្រកបរបររកស៊ី និងការប្រើប្រាស់ជីសរីរាង្គ ពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។
មហាឧបាសក អៀង សុធារ៉ា បានថ្លែងថា ថ្ងៃនេះមានកម្មវិធីចម្រុះ គឺកម្មវិធីជួបជុំមិត្តភក្តិ ជួបជុំសាច់ញាតិ ជួបជុំអ្នកស្គាល់គ្នា ហើយមានបំណងមកលេងកម្សាន្ត រីករាយក្នុងចិត្ត មកមើលបរិស្ថានល្អ មានដើមឈើច្រើន ជាម្លប់ដ៏ត្រឈឹងត្រឈៃ មានទឹក មានផ្ទះខ្មែរ មានសួនច្បារ មានសួនបន្លែ មានរោងចក្រផលិតជីសរីរាង្គ។ ប៉ុន្តែទន្ទឹមនឹងការកម្សាន្ត និងមកលេងនោះ ពួកគាត់បានរៀនសូត្រថា ដោយចាប់តាំងពីឆ្នាំ២០២០ ដីទទេសោះ ឥឡូវដាំបានដើមឈើប្រណិតៗជាង១០ម៉ឺនដើម ក្នុងនោះមិនរាប់បញ្ចូលដើមឈើហូបផ្លែផងនោះទេ។
លោកបានបន្តថា ដីទទេសោះ យើងអាចធ្វើឱ្យមានទឹកដល់ទៅ ២៥ ហិកតា ហើយមានស្រែ មានសួនបន្លែ មានសួនផ្កា មានផ្ទះខ្មែរ គឺពួកគាត់បានរៀនសូត្រ ពីអ្វីដែលបានកើតឡើង បានកសាងឡើងនៅទីនេះ។ ម្យ៉ាងវិញទៀត អាចឃើញផ្ទះខ្មែរ ដោយផ្ទះបែបខ្មែរល្អហើយស្អាត។ ផ្ទះបែបខ្មែរនេះ គឺគ្រាន់តែយើងយកឈើចាស់ៗដែលបានរួចពីផ្ទះពីរឬបី មកផ្សំអាចធ្វើបានផ្ទះមួយ ហើយផ្ទះនោះអាចស្នាក់នៅបាន។ ជាមួយគ្នានេះ នៅពេលពួកគាត់ត្រឡប់ទៅផ្ទះវិញនៅតែនឹកឃើញថា ស្រឡាញ់ផ្ទះខ្មែរ នឹកឃើញអនុស្សាវរីយ៍កាលពីនៅក្មេងរស់នៅផ្ទះខ្មែរផងដែរ។
លោកមហាឧបាសកបានបន្តថា ភ្ញៀវដែលមកទីនេះក៏អាចមើលបន្លែសរីរាង្គ ដែលមានការបញ្ជាក់ទទួលស្គាល់ ពីខាងក្រសួងកសិកម្ម ពីព្រោះបន្លែសរីរាង្គមានសុវត្ថិភាពល្អ ទទួលទានទៅឆ្ងាញ់ ហើយនៅពេលដែលពួកគាត់ត្រឡប់ទៅផ្ទះវិញ នឹងចូលរួមដាំបន្លែសរីរាង្គឲ្យបានច្រើន ដើម្បីសុខភាពគ្រួសារ។
នៅក្នុងដំណើរសិក្សាស្វែងយល់នៅភូមិសុខារាវីនេះ ភ្ញៀវទាំងអស់ បានទៅមើលផលិតកម្ម រោងចក្រជីសរីរាង្គ ដែលអាចផលិតមួយថ្ងៃបានចន្លោះ ពី១០តោន ទៅ១៥តោន ហើយវត្ថុធាតុដើម គឺនៅក្នុងប្រទេសកម្ពុជាសុទ្ធសាធ ក្នុងនោះអ្នកធ្វើការក្នុងរោងចក្រជីនេះ គឺសុទ្ធតែកូនខ្មែរ បានផ្ដល់ការងារជូនពួកគាត់នៅក្នុងស្រុក។ ការប្រើប្រាស់ជីសរីរាង្គនេះមានគុណភាពល្អ តម្លៃក៏បានសមរម្យ បានទិន្នផលខ្ពស់ ហើយទទួលទានមានសុខភាពល្អ ដូច្នេះទាំងមន្ត្រីរាជការ អ្នកជំនួញ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋដែលបានមកទស្សនកិច្ចសិក្សាឈ្វេងយល់នៅទីនេះ គឺបានចំណេះដឹងច្រើន។
លោកមហាឧបាសកបានគូសបញ្ជាក់ថា មាន៣ចំណុចសំខាន់ដែរ គឺពួកគាត់អាចមកទស្សនកិច្ចនៅទីនេះ ដោយគ្រាន់តែដើរជុំវិញនឹងមើលឃើញពាក្យស្លោកតាមបែបខ្មែរ ពាក្យស្លោកបែបព្រះពុទ្ធសាសនា និងពាក្យស្លោកតាមបែបបរទេសក៏មានដែរ។ មួយវិញទៀតក៏មានស្រះទឹកជីករាងជាផែនទីប្រទេសកម្ពុជាផងដែរ គឺមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកមកទស្សនាកម្សាន្តនៅភូមិសុខារាវីនេះ។
ជាមួយគ្នានេះ បរិស្ថានក៏ល្អ ត្រជាក់ស្រួលធ្វើឲ្យអ្នកមកលេងហើយ ចង់មកម្ដងទៀត ដែលអាចកាត់បន្ថយការស្ត្រេស ជាពិសេសអ្នកធ្វើការនៅទីក្រុង ដែលមានអារម្មណ៍មិនសូវល្អនោះ គឺអាចមកទីនេះសម្រាកនិងលំហែកាយបាន។ ដូច្នេះយើងចង់ឱ្យភ្ញៀវគ្រប់រូបដែលមកកម្សាន្តនៅភូមិសុខារាវី ទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃតាមរយៈបរិយាកាសដ៏ស្រស់ស្រាយ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ការស្នាក់នៅប្រកបដោយផាសុកភាព មានឱកាសក្នុងការសិក្សាស្វែងយល់និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។
មហាឧបាសក អៀង សុធារ៉ា បានបន្តទៀតថា ភ្ញៀវដែលមកទីនេះចម្រុះ មានទាំងអ្នកធ្វើការនៅរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អ្នកជំនួញតូចធំ ហើយក៏មានអ្នកជាបញ្ញវន្ត ដែលសុទ្ធសឹងមិនសូវស្គាល់គ្នាពីមុនមក អ្នកខ្លះស្គាល់តាមអនឡាញ ដែលលោកបានបង្រៀន ប៉ុន្តែពេលនេះ គឺពួកគាត់បានជួបមុខគ្នាផ្ទាល់ ហើយមកពីឆ្ងាយទៀត ដូចជាខេត្តព្រះវិហារ សៀមរាប បាត់ដំបង ភ្នំពេញ កំពង់ធំ បន្ទាយមានជ័យ និងអ្នកនៅក្នុងខេត្តព្រៃវែងផងដែរ ដូច្នេះជាឱកាសមួយដែលស្គាល់គ្នា មានសាមគ្គីភាព និងអាចជួយគ្នាទៅវិញទៅមក រាប់អានគ្នាជាបងប្អូន ក្រុមគ្រួសារខ្មែរតែមួយផងដែរ។
សូមបញ្ជាក់ថា ខេត្តព្រៃវែងមានសក្ដានុពលទេសចរណ៍នៅមានកម្រិត ដូច្នេះហើយភូមិសុខារាវីបានចូលរួមចំណែក បង្កើតការងារក្នុងស្រុកជាង១០០ កន្លែង និងជួយគាំទ្រដល់កសិករ ព្រមទាំងសិប្បករក្នុងស្រុកតាមរយៈការបញ្ជាទិញផលិតផលរបស់ពួកគាត់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ៕















































