ក្ដីសង្ឃឹមថ្មីរបស់ប្រជាពលរដ្ឋស្រុកកណ្តៀង៖ រដ្ឋបាលខេត្តពោធិ៍សាត់ បើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកកម្រិត១ ថ្មី កម្ពស់០៣ជាន់

24-08-2026 15:00

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី «បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារសម្រាកព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកកណ្តៀង» ដែលស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពរបស់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីសុខាភិបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

យោងតាមរបាយការណ៍ របស់លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកកណ្តៀង ពីមុនជាអតីតពេទ្យស្រុក (១៩៩៣-១៩៩៨) បានកែសម្រួលជាមណ្ឌលសុខភាព (១៩៩៨-២០២៣) និងត្រូវបានដំឡើងកម្រិតជាមន្ទីរពេទ្យបង្អែកកម្រិត១ ក្នុងឆ្នាំ២០២៣។ បច្ចុប្បន្នមន្ទីរពេទ្យនេះផ្តល់សេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលមានប្រជាជនសរុបជាង១៤ម៉ឺននាក់ និងមន្ត្រីសុខាភិបាលសរុប២៦នាក់។

សម្រាប់គម្រោងសាងសង់ «អគារសម្រាកព្យាបាលជំងឺទូទៅ» ថ្មីនេះ មានទំហំ ២០ម៉ែត្រ៤០ម៉ែត្រ, កម្ពស់០៣ជាន់ (រាប់ទាំងជាន់ផ្ទាល់ដី),ឧបត្ថម្ភដោយថវិកាជាតិ (គម្រោងវិនិយោគផ្ទាល់) តាមរយៈក្រសួងសុខាភិបាល, សាងសង់ដោយក្រុមហ៊ុន KH-Infra Development Co.,Ltd និងគ្រោងបញ្ចប់ក្នុង ខែកញ្ញា ឆ្នាំ២០២៧ខាងមុខ។ អគារថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាពិនិត្យ ថែទាំព្យាបាលជំងឺទូទៅ និងជាពិសេសការសម្រាលកូន និងថែទាំម្តាយមុន និងក្រោយសម្រាល ដែលជួយកាត់បន្ថយអត្រាប្រឈម និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅទីនោះ លោក ខូយ រីដា បានគូសបញ្ជាក់យ៉ាងមុតមាំថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ស្របតាមចក្ខុវិស័យដ៏មុតស្រួច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បានលើកឡើងថា ការសាងសង់អគារមន្ទីរពេទ្យថ្មីនេះ គឺជាការឆ្លើយតបយ៉ាងជាក់ស្តែង និងចំគោលដៅចំពោះតម្រូវការសេវាសុខាភិបាលនៅមូលដ្ឋាន ដែលនឹងជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅទទួលសេវាព្យាបាលជំងឺនៅទីឆ្ងាយ។

លោកបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល ពិសេសវិស័យសុខាភិបាលក្នុងខេត្តពោធិ៍សាត់។

ទន្ទឹមនឹងការចាប់ផ្តើមបើកការដ្ឋាននេះ លោក ខូយ រីដា ក៏បានស្នើសុំឱ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ ត្រូវតាមដាន និងពិនិត្យការដ្ឋានសាងសង់ឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព និងភាពរឹងមាំយូរអង្វែង។

ជាមួយគ្នានោះ លោកផ្តាំផ្ញើដល់លោកគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ ក្តីមេត្តាករុណា និងផ្តល់សេវាថែទាំជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា ដោយពុំប្រកាន់និន្នាការនយោបាយ។

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែរក្សាសមិទ្ធផលថ្មីនេះឱ្យបានគង់វង្ស និងត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព អនាម័យ និងមកទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាលឱ្យបានទាន់ពេលវេលា។

ក្នុងនាមរដ្ឋបាលខេត្ត លោកសង្ឃឹមយ៉ាងមុតមាំថា នៅពេលអគារសម្រាកព្យាបាលជំងឺទូទៅនេះសាងសង់រួចរាល់ វានឹងក្លាយជាមូលដ្ឋានសុខាភិបាលសាធារណៈដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាព និងឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ទាំងមូល៕