ស៉ីឈ្នួលដឹកឈើបានកម្រៃ១លានរៀល តែត្រូវរដ្ឋបាលព្រៃឈើព្រះវិហារ ឃាត់ផាកពិន័យជាង២០លានរៀល, ម្ចាស់រថយន្ដទទូចប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះវិហារជួយពិនិត្យសំណុំរឿង ដើម្បីអាចយកឡានមករកស៉ីវិញ ខណៈគ្មានលទ្ធភាពបង់ធនាគារ និងកូនត្រូវបោះបង់ការសិក្សា

24-08-2026 15:36

(ព្រះវិហារ)៖ ធ្លាប់តែស៉ីឈ្នួលដឹកទំនិញ និងដឹកគោ ប៉ុន្ដែគេជួលឲ្យទៅដឹកឈើម្ដងដែលប្រមូលទិញពីអ្នកភូមិនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយបានកម្រៃ១លានរៀលក្នុងមួយជើង ជាអកុសលមកតាមផ្លូវ ក្នុងទិសដៅពីខេត្តព្រះវិហារ មកខេត្តកំពង់ធំ ក៏ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ចាប់ឃាត់រថយន្ដទុកនៅស្រុករវៀង និងតម្រូវឲ្យម្ចាស់រថយន្ដបង់ប្រាក់ផាកពិន័យប្រមាណជាង ២០លានរៀល ពីបទ «ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានការអនុញ្ញាត»។

លោក ឃិន មន ដែលមានម្ចាស់រថយន្ដរស់នៅខេត្តកំពង់ធំ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនត្រូវបានសមត្ថកិច្ចចាប់ឃាត់ផាកពិន័យ និងដកហូតរថយន្ដទុក គឺគាត់ជាអ្នកស៉ីជួលដឹកគោ និងទំនិញផ្សេងពីខេត្តកំពង់ធំ ទៅកាន់រាជធានីភ្នំពេញ។ ប៉ុន្ដែថ្ងៃមួយត្រូវបានគេហៅឲ្យស៉ីឈ្នួលដឹកឈើ ដោយគិតថា ឈើនោះម្ចាស់គេបានរត់ការច្បាប់ត្រឹមត្រូវ ពោលខ្លួនគ្រាន់តែស៉ីឈ្នួលដឹកប៉ុណ្ណោះ ក្នុងកម្រៃ១លានរៀល ទាំងដែលខ្លួនមិនដែលដឹកឈើបែបនេះទាល់តែសោះ។

បើតាមការរៀបរាប់របស់លោក ឃិន មន, អ្នកដែលជួលបានប្រាប់លោកថា ឈើនោះគឺគេប្រមូលទិញពីតាមផ្ទះអ្នកភូមិ នៅក្នុងភូមិសាស្ដ្រស្រុកឆែប ខេត្តព្រះវិហារ បានសរុបប្រមាណ៦ម៉ែត្រគូប។ ទិសដៅនៃការដឹកជញ្ជូន គឺចេញពីភូមិសាស្ដ្រស្រុកឆែប សម្ដៅមកខេត្តកំពង់ធំ ប៉ុន្ដែនៅពេលមកដល់ស្រុករវៀង ខេត្តព្រះវិហារ ក៏ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ ចាប់ឃាត់តែម្ដង។

នៅពេលចាប់ឃាត់រថយន្ដនោះ សមត្ថកិច្ចបានបញ្ជាក់ថា ឈើដែលលោក ឃិន មន កំពុងដឹកនៅលើរថយន្ដនេះមិនមានច្បាប់អនុញ្ញាតនោះឡើយ ហើយសមត្ថកិច្ចក៏ចាត់ការតាមនីតិវិធី ដោយឃាត់ទាំងរថយន្ដ និងដកហូតឈើយកទៅរក្សាទុកបណ្ដោះអាសន្ន ហើយសំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ។

ក្នុងនោះ លោកត្រូវបានគេពិន័យអន្ដរកាលតាមច្បាប់ ចំនួន២០,៥២៤,២៦០រៀល តែលោកពុំមានលទ្ធភាពបង់ប្រាក់ផាកពិន័យ ដើម្បីអាចយករថយន្ដមករកស៉ីវិញបាននោះទេ ព្រោះស៉ីឈ្នួលមួយជើងនេះបានកម្រៃត្រឹម ១លានរៀលប៉ុណ្ណោះ។

តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២៦មក គ្រាដែលរថយន្ដត្រូវបានសមត្ថកិច្ចដកហូតទុក ហើយសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ លោកពុំមានមធ្យោបាយអ្វីដើម្បីរកទទួលទានចិញ្ចឹមជីវភាពក្នុងគ្រួសារ ដែលមានកូនចំនួន៥នាក់នៅក្នុងបន្ទុកនោះឡើយ។ លោកបានអះអាងថា រថយន្ដដែលយកមករកស៉ីនេះ គឺខ្ចីលុយធនាគារ ដោយត្រូវបង់១ខែ ចំនួន១លាន៥០ម៉ឺនរៀល រយៈពេល៥ឆ្នាំ ប៉ុន្ដែលោកទើបខ្ចីបានជាង១ឆ្នាំប៉ុណ្ណោះ។

ចាប់តាំងពីថ្ងៃនោះមក លោកពុំមានលទ្ធភាពណាផ្សេងដើម្បីរកប្រាក់ក្នុងការបង់រំលស់ទៅកាន់ធនាគារនោះទេ ហើយកូនបងម្នាក់ ក្នុងចំណោមកូន៥នាក់នៅក្នុងបន្ទុកគ្រួសារ ក៏ត្រូវឈប់រៀនផងដែរ ព្រោះជីវភាពដុនដាមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារគ្មានរថយន្ដដើម្បីយកមករកស៉ីចិញ្ចឹមជីវិត។

ដោយសារតែជីវភាពកាន់តែដុនដាមទៅពីមួយថ្ងៃទៅមួយថ្ងៃ លោក ឃិន មន បានស្នើសុំយ៉ាងទទូចទៅកាន់លោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឲ្យជួយពិនិត្យមើលសំណុំរឿងមួយនេះ ក្រែងលោកអាច មានឱកាសដើម្បីស្នើសុំយករថយន្ដមករកស៉ីវិញបាន។

លោកបញ្ជាក់ថា ដោយសារការរៀនសូត្របានបន្ដិចបន្ទួច និងមិនបានយល់អំពីច្បាប់ ទើបលោកមិនដឹងថា ការស៉ីឈ្នួលដឹកឈើដែលបានកម្រៃ១លានរៀលនេះ ជាអំពើល្មើសនោះឡើយ ហើយលោកក៏មិនដែលធ្លាប់ដឹកបែបនេះដែរ៕

លោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្តព្រះវិហារ និងលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត