លោក ប៉េង ពោធិ៍សា ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យធំមួយរបស់វៀតណាម ពីការផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិតកម្ពុជា ជាអទិភាពខេត្តស្វាយរៀង
24-08-2026 15:58
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានទទួលជួបលោក Nguyen Minh Duc សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Van Hien របស់ប្រទេសវៀតណាម ដើម្បីពិភាក្សាពីឱកាសដែលសាកលវិទ្យាល័យ Van Hien ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០កន្លែង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំទីក្រុងហូជីមិញ ដល់និស្សិតនៅកម្ពុជា ជាពិសេសជាអទិភាពនិស្សិតនៅខេត្តស្វាយរៀង ដែលមានបំណងចង់ទៅសិក្សានៅប្រទេសវៀតណាម។
ជំនួបនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តស្វាយរៀង, លោក Nguyen Do Tung នាយកប្រតិបត្តិនៃសាកលវិទ្យាល័យ Van Hien លោក Ho Le Anh Hoang នាយកមជ្ឈមណ្ឌលប្រឹក្សាការចូលរៀននៃសាកលវិទ្យាល័យ Van Hien លោក Nguyen Vu Anh Duy ប្រធានវិទ្យាស្ថានអន្តរជាតិនៃសាកលវិទ្យាល័យ Van Hien លោក ធន់ ប៊ុនហេង ប្រធានសមាគមនិស្សិតកម្ពុជានៅទីក្រុងហូជីមិញ លោក លី ហេង អនុប្រធានសមាគមនិស្សិតកម្ពុជានៅទីក្រុងហូជីមិញ និងមានអ្នកពាក់ព័ន្ធជាច្រើនទៀត។
សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអបរំ សេដ្ឋកិច្ចជាតិ និងជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម សមាគមនិស្សិតកម្ពុជាប្រចាំទីក្រុងហូជីមិញ បានព្យាយាមស្នើសុំទៅសកលវិទ្យាល័យនានា នៅក្នុងប្រទេសវៀតណាម ដើម្បីទទួលបានអាហារូបករណ៍ដូចខាងលើនេះផងដែរ។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះដែរលោក Nguyen Do Tung បានថ្លែងអណរគុណដល់លោកអភិបាលខេត្តស្វាយរៀង ដែលបានផ្តល់ជាកិត្តិយសអនុញ្ញាតឱ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យ Van Hien ចូលជួបសម្តែងការគួរសម និងប្រគល់អាហារូបករណ៍នាពេលនេះ។
លោកបានបញ្ជាក់ថា សាកលវិទ្យាល័យ Van Hien បានប្រគល់អាហារូបករណ៍ដល់និស្សិតនៅខេត្តស្វាយរៀងជាអាទិភាពទីមួយ និងសិស្សានុសិស្សខេត្តផ្សេងទៀតជាអាទិភាពបន្ទាប់ ដោយសារខេត្តស្វាយរៀងមានភូមិសាស្ត្រជាប់ព្រំទល់វៀតណាម និងចម្ងាយជិតសាលាប្រមាណ ៧០គីឡូម៉ែត្រ ម្យ៉ាងទៀតខាងសាកលវិទ្យាល័យ មានបំណងចង់ឱ្យសិស្ស និស្សិតបន្ទាប់ពីរៀនចប់អាចបំពេញការងារនៅក្នុងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់សាកលវិទ្យាល័យ និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងខេត្តនឹងខេត្ត ក្រុងនឹងក្រុង ប្រជាជននឹងប្រជាជន ដែលរស់នៅជាប់ព្រំប្រទល់គ្នាផងដែរ។
នាឱកាសនោះដែរលោក ប៉េង ពោធិ៍សា បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ Van Hien និងថ្នាក់ដឹកនាំសមាគមនិស្សិតកម្ពុជាប្រចាំទីក្រុងហូជីមិញ ដែលបានឈ្មួសឈ្មុលជួយស្វែងរក ក៏ដូចជាបានផ្តល់ឱកាសទាំងនេះដល់សិស្សានុសិស្សកម្ពុជា និងជាពិសេសសម្រាប់ខេត្តស្វាយរៀង។
លោកបានបន្តទៀតថា វិស័យអប់រំ ជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់ខ្លាំងពីសម្តេចនាយករដ្ឋមន្ត្រី។ វិស័យអប់រំក៏ជាផ្លូវដែលធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបានស្ទើរគ្រប់វស័យនោះដែរ។ លោកក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងថ្នាក់ដឹកនាំសមាគម និស្សិត កម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ដែលបានផ្តល់អាហារូបករណ៍នេះមកឱ្យខេត្តស្វាយរៀង។
នាឱកាសនោះដែរ លោក Nguyen Minh Duc បានបង្ហាញអំពីលក្ខខណ្ឌនានា ដើម្បីទទួលបានអារូបករណ៍នេះជូនទៅលោកអភិបាលខេត្តស្វាយរៀង និងក្រុមការងារទាំងអស់ថា សិស្សានុសិស្សត្រូវមាន សញ្ជាតិខ្មែរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២៤ ២០២៥ និងឆ្នាំ ២០២៦ និងត្រូវមានលិខិតឆ្លងដែន និងឯកសារមួយចំនួនទៀតផងដែរ។
លោក ធន់ ប៊ុនហេង ក៏បានធ្វើការងារបង្ហាញបន្ថែមតាមរយៈគណៈគ្រប់គ្រងសាកលវិទ្យាល័យ អំពីចំណុចសំខាន់នៃអាហារូបករណ៍នេះ និងបញ្ជាក់ថា អាហារូបករណ៍នេះគឺផ្តល់ជូន ១០០% លើថ្លៃសិក្សារយៈពេល ៤ឆ្នាំ និងសិក្សាភាសា ១ឆ្នាំ មានផ្តល់ជូនកន្លែងស្នាក់នៅ សម្លៀកបំពាក់សាលា និងធានារ៉ាប់រងសុខភាព។ មួយវិញទៀតសិស្ស និស្សិតបន្ទាប់ពីរៀនភាសារចប់ក្នុងឆ្នាំទី១ ពួកគាត់នឹងធ្វើការប្រឡងបញ្ចប់ការសិក្សាថ្នាក់ភាសាបរទេស ហើយនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំវៀតណាមផងដែរ៕















