គ្រូពេទ្យឯកទេស ព្រមានកុំឱ្យមើលរំលងសញ្ញាគ្រោះថ្នាក់នៃជំងឺបេះដូង អំឡុងពេលបញ្ចេញសកម្មភាពរាងកាយខ្លាំង ដូចជាពេលហាត់ប្រាណ និងការងារធ្ងន់
24-08-2026 16:33
(ភ្នំពេញ)៖ ក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញឱ្យឃើញថា ជំងឺបេះដូងបានឆក់យកជីវិតមនុស្សមានការកើនឡើង ពិសេសនៅក្នុងតំបន់អាស៊ីយើងតែម្ដងដែលកំពុងមានហានិភ័យ រួមមានកម្ពុជាផងដែរ។ ដូច្នេះគ្រូពេទ្យឯកទេសបេះដូង បានបង្ហាញពីចំណុចគួរកក់សម្គាល់ និងពេលវេលាដែលមនុស្សយើងគ្រប់គ្នាគួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ និងពិនិត្យសុខភាព។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Tan Sian-Tsung គ្រូពេទ្យឯកទេសបេះដូងជនជាតិសិង្ហបុរី ក្នុងឱកាសធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ ពីសុខភាពបេះដូង ទឹកនោមផ្អែម និងការរំលាយអាហារ ក្នុងវេទិកា Therapeutic Fusion Forum លើកទី ២ និងវេទិកា Cardio Metabolic Forum នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រជាជននៅអាស៊ីអាគ្នេយ៍គួរចាប់ផ្តើមពិនិត្យសុខភាពជាប្រចាំចាប់ពីអាយុ ៣០ឆ្នាំឡើងទៅ និងអនុវត្តរបៀបរស់នៅដែលមានសុខភាពល្អ ខណៈដែលជំងឺសរសៃឈាមបេះដូងនៅតែបន្តកើនឡើងនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «សូមប្រជាពលរដ្ឋតោងប្រយ័ត្នឱ្យបានខ្ពស់ និងកុំមើលរំលងរោគសញ្ញាដែលអាចបង្ហាញពីជំងឺបេះដូង ជាពិសេសរោគសញ្ញាដែលកើតមានឡើងអំឡុងពេលរាងកាយយើងកំពុងតែសកម្មខ្លាំង ដូចជាកំឡុងពេលហាត់ប្រាណ ឬធ្វើការងារធ្ងន់ជាដើម នាពេលនោះវាបានបង្ហាញរោគសញ្ញាតឹងទ្រូងជាដើម ដែលមើលទៅហាក់បីជារោគសញ្ញាព្រមានធម្មតា ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមអាចគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សម្រាប់ស្ត្រីក៏អាចជួបប្រទះរោគសញ្ញាដែលមិនសូវធម្មតា រួមមានការតឹងបំពង់ក ឈឺដៃ ឬឈឺខ្នង។រោគសញ្ញាដែលទាក់ទងនឹងបេះដូង ពេលខ្លះអាចច្រឡំថាជាជំងឺរលាកក្រពះ ឬអាស៊ីតច្រាល, ដូច្នេះមានតែការវាយតម្លៃផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះដែលមានភាពច្បាស់លាស់ អ្នកមិនអាចប្រាកដ ដោយគ្រាន់តែសម្គាល់ត្រឹមរោគសញ្ញាតែម្នាក់ឯងបាននោះទេ»។
លោកវេជ្ជបណ្ឌិត Tan បានថ្លែងបន្ដថា បច្ចុប្បន្នមានមនុស្សមួយចំនួនបានពឹងផ្អែកទៅលើការវិនិច្ឆ័យតាមនាឡិកាឆ្លាតវៃ តាមដានចង្វាក់បេះដូង អថេរនៃចង្វាក់បេះដូង និងអុកស៊ីសែន ។តែទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានប្រឆាំងនឹងការពឹងផ្អែកទាំងស្រុងលើឧបករណ៍នេះ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ ព្រោះថាមិនសុក្រិតដូចទៅនឹងឧបករណ៍វេជ្ជសាស្ត្រនោះទេ។ នាឱកាសនោះ «អ្នកដែលមានអាយុលើសពី ៣០ឬ ៤០ឆ្នាំ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យពិនិត្យសុខភាពជាប្រចាំ រួមទាំងការពិនិត្យមេតាប៉ូលីស និងការវាស់សម្ពាធឈាម ទោះបីជាមានអារម្មណ៍ថាមានសុខភាពល្អក៏ដោយ»។
ឆ្លៀតក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត Tan Sian-Tsung ដែលបានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងឯកទេសជំងឺបេះដូងនៅចក្រភពអង់គ្លេស មុនពេលបញ្ចប់កម្មវិធីសិក្សាស្រាវជ្រាវ (fellowship) ផ្នែកជំងឺបេះដូងអន្តរាគមន៍ស្មុគស្មាញនៅមន្ទីរពេទ្យ Royal Brompton ក្រោយមកលោកបានមកបំពេញការងារនៅមន្ទីរពេទ្យ Raffles ក្នុងប្រទេសសិង្ហបុរី ដែលលោកផ្តោតលើជំងឺសរសៃឈាមបេះដូង រួមទាំងជំងឺគាំងបេះដូង និងឈឺទ្រូងរ៉ាំរ៉ៃ ក៏បានបង្ហាញពីកត្ដាហានិភ័យចម្បងៗដែលបង្កើនហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល រួមមាន «ការជក់បារី ប្រវត្តិគ្រួសារ កូលេស្តេរ៉ុលខ្ពស់ ជំងឺទឹកនោមផ្អែម និងភាពធាត់»។
លោកបានបន្ថែមថា ការកើនឡើងនៃទ្រព្យសម្បត្តិ និងការអភិវឌ្ឍន៍បានរួមចំណែកដល់ការកើនឡើងនៃភាពធាត់ និងជំងឺទឹកនោមផ្អែម ហើយមនុស្សជាច្រើនក៏នៅតែមិនដឹងថាពួកគេមានជំងឺលើសឈាម ឬទឹកនោមផ្អែម និងមិនបានទទួលការព្យាបាលទាល់តែសោះ។
លោកវេជ្ជបណ្ឌិតឯកទេសរូបនេះ បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ រួមទាំងក្រុមគ្រូពេទ្យ ជួយលើកកម្ពស់ការយល់ពីបញ្ហាសុខភាពខាងលើនេះទៅដល់សហគមន៍បន្ថែមទៀត។ ជុំវិញនឹងជំងឺដ៏កាចសាហាវខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់ខ្ពស់ និងសហការជាមួយអង្គការដៃគូ ជាតិ-អន្ដរជាតិ ដើម្បីបញ្ជ្រៀបបញ្ហានេះជូនទៅដល់ប្រជាជនសហគមន៍ជាប់ជានិច្ច ទាំងជំងឺមិនឆ្លងនេះ និងជំងឺជំងឺឆ្លងផ្សេងទៀត៕











