ជូនដំណឹង! ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យប្រកួត មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដល់ថ្ងៃទី៣០ ខែកញ្ញា
24-08-2026 17:20
(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសទទួលពាក្យប្រកួត មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ចាប់ពីថ្ងៃនេះរហូដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នៅរោងហ្វេប៊ល (Fable Cinema) ក្រោមអធិបតីភាព លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងជាលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានលើកឡើងថា មហោស្រពនេះ មានគោលបំណងសំខាន់ៗចំនួន០៣ រួមមាន៖
*១. ជាយន្តការលើកទឹកចិត្ត៖ ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាស ក៏ដូចជាជំរុញលើកទឹកចិត្តដល់យុវជនដែល ស្រឡាញ់វិស័យភាពយន្ត ឪ្យចូលរួមបញ្ចេញគំនិត ទស្សនៈ ព័ត៌មានដែលពួកគេមានហើយបង្កើតជាសាច់រឿង (Storytelling)ថ្មីៗ និងផលិតជាភាពយន្តប្រកបដោយភាពច្នៃប្រតិដ្ឋ។ លើសពីនេះ ក៏ជាការជំរុញយុវជនឲ្យចេះបង្កើតនូវការប្រាស្រ័យទាក់ទងគ្នា និងការចេះធ្វើការងារជាក្រុមផងដែរ។
*២. ជាយន្តការសម្រាប់វាស់ស្ទង់កម្រិតសមត្ថភាព៖ ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកាក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់ផលិតករវ័យក្មេងរបស់យើង ដែលជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាឲ្យកាន់តែមានភាពវិវវត្តន៍ឈានឡើង។
*៣. ជាយន្តការបង្កើនផលិតផលនិងព្រឹត្តិការណ៍វប្បធម៌៖ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតនូវបរិយាកាសដ៏សំបូរបែបបន្ថែមទៀត នូវសកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌នៅក្នុងប្រទេស ព្រមទាំងបង្កើតបាននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹម តែបម្រើឲ្យការកម្សាន្តប៉ុណ្ណោះទេ តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ ដែលនេះគឺជាអំណាចទន់ (Soft Power)របស់កម្ពុជា។
លោកបានបន្តថា លក្ខខណ្ឌនានានៃការចូលរួម កាលបរិច្ឆេទ គោលការណ៍វិនិច្ឆ័យនៃការជ្រើសរើស និងពានរង្វាន់របស់មហោស្រព ដូចខាងក្រោម៖
*១. អំពីលក្ខខណ្ឌនៃការចូលរួម៖ គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី៥ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- ស្នាដៃដែលផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជាជនជាតិខ្មែរ
- ស្នាដៃដែលបានផលិតក្រោយពី ខែមករា ឆ្នាំ២០២៤ និង ពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជានាពេលកន្លងមក
- ស្នាដៃដែលមានថិរវេលាបញ្ចាំងមិនលើសពី៣០នាទី (គិតបញ្ចូលទាំង Ending Credits)
- ស្នាដៃដែលរួមបញ្ចូល៖ ភាពយន្ត (Fiction), ភាពយន្តឯកសារ( Documentary), គំនូរជីវចល (Animation) ដែលផលិតជាទម្រង់ឌីជីថល (16:9 Full HD)
- ស្នាដៃភាពយន្តខ្នាតខ្លីត្រូវមានចំណងជើងរង ជាភាសាអង់គ្លេស (English Subtitle)។
ចំពោះស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតដោយជនបរទេស អាចដាក់ពាក្យចូលរួមចាក់បញ្ចាំង (មិនប្រកួតប្រជែង) ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦។
*២. អំពីកាលបរិច្ឆេទ ៖
- កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និង ពិធីបិទនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
- កាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃ ជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖
១. ពាក្យស្នើសុំចូលរួមប្រកួតប្រជែង (Google Form)
២. ស្នាដៃភាពយន្តខ្លីជាទម្រង់ MP4
៣. វីដេអូ Trailer ជាទម្រង់ MP4 រយៈពេល ៣០វិនាទី
៤. រូបភាពសកម្មភាពនៃការផលិត ចំនួន០៤សន្លឹកក្នុងទម្រង់ JPEG (High Resolution)
៥. រូបថតអ្នកដឹកនាំរឿង(Portrait) ចំនួន ០២សន្លឹកក្នុងទម្រង់ JPEG (High Resolution)
៦. រូបភាព Poster ចំនួន ០១សន្លឹកក្នុងទម្រង់ JPEG (High Resolution)
សូមភ្ជាប់ឯកសារខាងលើ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ដោយផ្ទាល់បន្ទាប់ពីធ្វើការដាក់ពាក្យតាមរយៈ Google Form រួច។
- កាលបរិច្ឆេទនៃការប្រកាសជ្រើសរើសស្នាដៃដែលបានជាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
*៣. អំពីគោលការណ៍វិនិច្ឆ័យនិងការជ្រើសរើស៖
- ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលត្រូវបានប្រកាសជ្រើសរើសបឋម នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅតាមបណ្តារោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
- ស្នាដៃភាពយន្តដែលបានដាក់ចូលរួមប្រកួតប្រជែងនឹងត្រូវវិនិច្ឆ័យជ្រើសរើសបឋម ដោយអនុគណៈកម្មការ មេប្រយោគវគ្គជម្រុះ ដើម្បីជ្រើសយកស្នាដៃភាពយន្តចំនួន០៥ចំណងជើង បន្តចូលរួមប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្រ។
- ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ សាលសន្និសីទចតុម្មុខ។ គណៈកម្មកា រ មេប្រយោគវគ្គផ្តាច់ព្រ័ត្រនឹងប្រកាសជ្រើសរើសស្នាដៃភាពយន្តដែលល្អផ្តាច់គេដើម្បីប្រគល់ពានរង្វាន់។
*៤. អំពីជ័យលាភី និងរង្វាន់៖
នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ យើងមានពានរង្វាន់ធំចំនួន ៤ ដែលក្នុងនោះរួមមាន៖
- ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា
- ពានជ័យលាភីលេខ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា
- ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរិទ្ធ អមដោយថវិកា
- ពានរង្វាន់របស់មេប្រយោគ(Special Jury Award) ទទួលបានពាន អមដោយថវិកា។
សូមជម្រាបថា ក្រៅពីការបញ្ចាំងភាពយន្តសម្រាប់ការប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំការបណ្តុះបណ្តាល Cambodia FilmLab និងសិក្ខាសាលាភាពយន្ត Masterclass, Filmmaker’s Nights និង Networking Session ដែលនឹងអញ្ជើញវាគ្មិនជំនាញៗប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូបចូលរួមពិភាក្សាចែករំលែកបទពិសោធន៍ និងធាតុចូលសំខាន់ៗក្នុងគោលបំណងជំរុញលើកកម្ពស់កម្រិតសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពភាពយន្តកម្ពុជាផងដែរ៕













