វិភាគអន្តរជាតិ៖ តើ NATO អាចធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល ដើម្បីការពារតួកគីយ៉េ ឬ?

24-08-2026 20:15

(តែលអាវីវ)៖ ការប្រឈមមុខដាក់គ្នាដោយបើកចំហរវាងអ៉ីស្រាអែល និងតួកគីយ៉េ បាននិងកំពុងបង្កឱ្យមានការចោទសួរថាតើនឹងមានអ្វីកើតឡើង ប្រសិនបើមហាអំណាចយោធា២ ក្នុងតំបន់មជ្ឈិមបូព៌ា វាយប្រហារដាក់គ្នាទៅវិញទៅមក ខណៈគេដឹងថាតួកគីយ៉េគឺជាសមាជិក NATO? ចម្លើយនៅទីនេះមិនមែនធ្ងន់ធ្ងររហូតដល់ផ្ទុះជម្លោះរវាង NATO និងអ៉ីស្រាអែលនោះទេ។ ពិតណាស់ ការវាយប្រហារណាមួយរបស់អ៉ីស្រាអែលលើទឹកដីតួកគីយ៉េ អាចនឹងផ្ដល់ឱ្យទីក្រុងអង់ការ៉ានូវអំណះអំណាងយ៉ាងរឹងមាំ ក្នុងការស្វែងរកការការពារជាសមូហភាពនៅក្រោមមាត្រា៥ របស់ NATO។ ក៏ប៉ុន្តែ ជម្លោះរវាងអ៉ីស្រាអែល និងតួកគីយ៉េក្នុងប្រទេសស៊ីរី នឹងមិនមែនមានន័យថាសមាជិក NATO ផ្សេងទៀតត្រូវមានកាតព្វកិច្ចដោយស្វ័យប្រវត្តិដើម្បីបើកការវាយប្រហារលើអ៉ីស្រាអែលនោះទេ។

ភាពតានតឹងរវាងអ៉ីស្រាអែល និងតួកគីយ៉េ បានផ្ទុះឡើងបន្ទាប់ពីអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ពអាកាស Abu al-Duhur ស្ថិតនៅភាពពាយព្យប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែសីហា ក្រោយប្រតិភូតួកគីមួយក្រុមធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពនោះ។ អ៉ីស្រាអែលបានអះអាងថាការវាយប្រហាររបស់ខ្លួនធ្វើឡើងក្នុងគោលបំណងរារាំងការដាក់ពង្រាយយោធាតួកគីយ៉េជាអចិន្ត្រៃយ៍នៅឯមូលដ្ឋានទ័ពអាកាសខាងលើ។ សហរដ្ឋអាមេរិក និងតួកគីយ៉េបានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល ខណៈរដ្ឋាភិបាលស៊ីរីបានអះអាងថាមិនមានគម្រោងអនុញ្ញាតតួកគីយ៉េដាក់មូលដ្ឋានទ័ពជាអចិន្ត្រៃយ៍នៅលើទឹកដីរបស់ខ្លួនឡើយ។

* តើមាត្រា៥ គ្របដណ្ដប់លើអ្វីខ្លះ?
មាត្រា៥ របស់អង្គការ NATO បានចែងថាការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋជាសមាជិកណាមួយនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើបក្សសម្ព័ន្ធយោធានេះទាំងមូល។ តួកគីយ៉េបានចូលជាសមាជិក NATO​ ក្នុងឆ្នាំ១៩៥២ ដែលនេះមានន័យថាទឹកដីរបស់ តួកគីយ៉េស្ថិតនៅក្រោមការការពារដែលមានចែងក្នុងមាត្រា៥។ ប៉ុន្តែកាត្តាទីតាំងភូមិសាស្ត្រគឺជារឿងសំខាន់។ មាត្រា ៦ បានកំណត់ថាការការពារជាសមូហភាពគ្របដណ្ដប់លើទឹកដីតួកគីយ៉េ រួមទាំងកងកម្លាំង នាវាចម្បាំង និងយន្ដហោះចម្បាំងរបស់តួកគីយ៉េ ឬសម្ព័ន្ធមិត្ត NATO​ ផ្សេងទៀត នៅក្នុងតំបន់ដែលត្រូវបានកំណត់ជាក់លាក់ ក្នុងនោះរួមមានទាំងសមុទ្រមេឌីទែររ៉ាណេ។ ដូច្នេះបើកងកម្លាំងតួកគីយ៉េត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី នោះវាមិនស្ថិតនៅក្នុងក្របខណ្ឌទីតាំងភូមិសាស្ត្របែបនេះទេ ដ្បិតស៊ីរីស្ថិតនៅក្រៅទឹកដី NATO។ ឬអាចនិយាយម្យ៉ាងទៀតបានថាការវាយប្រហារតាមផ្លូវអាកាសណាមួយរបស់អ៉ីស្រាអែលក្នុងទឹកដីស៊ីរី ដែលបានសម្លាប់ទាហានតួកគីយ៉េអាចនឹងបង្កជាវិបត្តិដ៏ធំមួយ តែមិនមែនបានន័យថាវានឹងត្រូវបានចាត់ទុកដោយស្វ័យប្រវត្តិថាជាការវាយប្រហារលើទីក្រុងអង់ការ៉ា អ៉ីស្ដង់ប៊ូល ឬមូលដ្ឋានទ័ពនៅលើទឹកដីតួកគីយ៉េ នោះឡើយ។

លើសពីនេះទៅទៀត ការប្រឈមមុខដាក់គ្នានៅឯសមុទ្រ ឬនៅលើអាកាស អាចនឹងក្លាយជាបញ្ហាខាងផ្លូវច្បាប់ដាច់ដោយឡែកមួយផ្សេងទៀត។ សន្ធិសញ្ញា NATO គ្របដណ្ដប់លើនាវាចម្បាំង ឬយន្ដហោះចម្បាំងរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេ។ ក្នុងន័យនេះការវាយប្រហារលើនាវាចម្បាំង ឬយន្ដហោះចម្បាំងតួកគីយ៉េក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេអាចនឹងផ្ដល់ឱ្យទីក្រុងអង់ការ៉ា នូវអំណះអំណាងរឹងមាំដើម្បីស្វែងរកការការពារពីមាត្រា៥។ តែអ្វីដែលបានរៀបរាប់នេះ វាគ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះ ហើយជាការអនុវត្តជាក់ស្ដែង ទោះបីជាមាត្រា៥ ត្រូវបានយកមកប្រើក៏ដោយ ក៏មិនមែនមានន័យថា NATO នឹងត្រូវប្រកាសសង្រ្គាម ឬវាយប្រហារលើអ៉ីស្រាអែលដោយស្វ័យប្រវត្តិនោះដែរ។ សមាជិក NATO នីមួយៗត្រូវបានតម្រូវឱ្យជួយដល់សម្ព័ន្ធមិត្តដែលរងការវាយប្រហារ។ ប៉ុន្តែសន្ធិសញ្ញា NATO​ ក៏បានអនុញ្ញាតផងដែរឱ្យរដ្ឋជាសមាជិកនីមួយៗធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើការធ្វើសកម្មភាពបែបណាដែលខ្លួនចាត់ទុកថាចាំបាច់។ ការគាំទ្របែបនេះក្នុងនោះរួមមានអាចជាកម្លាំងយោធា តែមិនមែនតម្រូវជាដាច់ខាតទេ។ ជំនួសមកវិញ សមាជិក​ NATO អាចនឹងផ្ដល់ជំនួយជាព័ត៌មានស៊ើបការណ៍ ការការពារដែនអាកាស ឡូជីស្ទីគ ឬកងកម្លាំងដើម្បីការពារទឹកដីតួកគីយ៉េ។

នៅទីនេះវាអាចមានករណីលើកលែងជាពិសេស បើមានជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែល។ ពីព្រោះការសម្រេចចិត្តរបស់ NATO មានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនឹងនយោបាយ នោះគឺត្រូវមើលទឹកមុខអាមេរិកសិនដែរដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល។

* តើ NATO អាចធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលឬ?
ជាទ្រឹស្ដី ចម្លើយគឺអាច។ ប្រសិនបើអ៉ីស្រាអែលបើកការវាយប្រហារប្រដាប់អាវុធណាមួយលើសម្ព័ន្ធមិត្ត NATO ក្នុងករណីនេះគឺតួកគីយ៉េ នោះសមាជិក NATO​ ផ្សេងទៀតទាំងអស់អាចធ្វើការសម្រេចចិត្តថាការប្រើកម្លាំងយោធាជាវិធានការចាំបាច់ដើម្បីការពារតួកគីយ៉េ។ ក៏ប៉ុន្តែ ជាការអនុវត្តជាក់ស្ដែង ករណីបែបនេះសឹងតែមិនអាចទៅរួចទេ ក៏ព្រោះតែសហរដ្ឋអាមេរិកប្រហែលជាមិនអាចបណ្ដោយឱ្យរឿងបែបនេះកើតឡើងទេ។ សហរដ្ឋអាមេរិកមានផលប្រយោជន៍ផ្សារភ្ជាប់ទាំងជាមួយតួកគីយ៉េ និងអ៉ីស្រាអែល។ តួកគីយ៉េជាសម្ព័ន្ធមិត្តរបស់ NATO ដែលអាមេរិកមានការប្ដេជ្ញាចិត្តត្រូវការពារនៅក្រោមមាត្រា ៥។ រីឯអ៉ីស្រាអែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់វ៉ាស៊ីនតោន។ ម្លោះហើយសហរដ្ឋអាមេរិកត្រូវតែទប់ស្កាត់កុំឱ្យជម្លោះពេញទំហឹងរវាងតួកគីយ៉េ និងអ៉ីស្រាអែលផ្ទុះឡើង បើពុំដូច្នោះទេវ៉ាស៊ីនតោនអាចនឹងត្រូវប្រឈមធ្វើការសម្រេចចិត្ត ថាតើរើសយកតួកគីយ៉េដែលជាសមាជិក NATO ឬក៏អ៉ីស្រាអែល?

ដូច្នេះគ្រោះថ្នាក់ពិតប្រាកដ វាមិនមែននៅត្រង់ការធ្វើអន្តរាគមន៍យោធាដោយស្វ័យប្រវត្តិរបស់ NATO នោះទេ។ ប៉ុន្តែវាជាការកើនឡើងជម្លោះដែលអាចនឹងលុបបំបាត់ចោលនូវដំណោះស្រាយការទូតបន្តិចម្ដងៗ រហូតដល់អ៉ីស្រាអែល និងតួកគីយ៉េ ផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នានៅស៊ីរី នាំទៅរកការសងសឹងរបស់តួកគីយ៉េ ហើយអ៉ីស្រាអែលសងសឹងវិញ ឬឈានដល់ការវាយប្រហារសងសឹងលើទឹកដីតួកគីយ៉េ។ ក្នុងសេណារីយ៉ូបែបនេះ ប្រសិនបើកើតឡើងពិតមែន នោះការប្រឈមមុខដាក់គ្នានៅស៊ីរី នឹងមិនមែនត្រឹមតែជាជម្លោះរវាងអ៉ីស្រាអែល និងតួកគីយ៉េទៀតនោះទេ៕