មន្រ្តីជំនាញ៖ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ចំណេះដឹង ជាគន្លឹះសំខាន់ជំរុញឱ្យសាធារណជនហ៊ានប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព
24-08-2026 20:59
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានគូសបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងការលើកកម្ពស់ចំណេះដឹងសាធារណជន គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត និងកាត់បន្ថយហានិភ័យនៃការឆបោក ព្រមទាំងជំរុញឱ្យសាធារណជនហ៊ានប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព។
ដើម្បីសម្រេចបាននូវគោលដៅនេះ អ.ស.ហ. នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីពង្រឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន និងការពង្រីកការផ្សព្វផ្សាយផលិតផលហិរញ្ញវត្ថុ តាមរយៈការដាក់បញ្ចូលទៅក្នុង ACLEDA Super App។
លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអ.ស.ហ. បានសង្កត់ធ្ងន់ថា ការយល់ដឹងទាំងអក្ខរកម្មបច្ចេកវិទ្យា និងហិរញ្ញវត្ថុ គឺចាំបាច់ណាស់សម្រាប់សាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយទំនុកចិត្ត និងជៀសផុតពីការឆបោកផ្សេងៗ។ ទំនុកចិត្តកើតចេញពីព័ត៌មាន និងឯកសារដែលសាធារណជនទទួលបាន ដែលតម្រូវឱ្យមានការផ្សារភ្ជាប់ទៅនឹងអក្ខរកម្មហិរញ្ញវត្ថុ និងអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយធនាគារអេស៊ីលីដា តាមរយៈការចុះអនុស្សរណៈយោគយល់ (MOU) គឺមានគោលបំណងពង្រីកការផ្សព្វផ្សាយផលិតផលហិរញ្ញវត្ថុ និងឯកសារនានា តាមរយៈរដាក់បញ្ចូលទៅក្នុង ACLEDA Super App ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលមើល និងទាញយកឯកសារពាក់ព័ន្ធបានយ៉ាងងាយស្រួល។
លោកបន្តថា កម្មវិធីចុះ MOU នេះ មិនត្រឹមតែជាការអនុវត្តវិធានការគោលនយោបាយនិង យុទ្ធសាស្ត្រដែលបានដាក់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្របខ័ណ្ឌនិងជាយន្តការក្នុងការបន្ត ស្មារតីការងារសហការ ប្រកបដោយប្រសិទ្ធិភាព ដែលបាននិងកំពុងដំណើរការ ប្រកបដោយ លទ្ធផលជាផ្លែផ្កា រវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងអន្តរវិស័យហិរញ្ញវត្ថុ ពោលគឺ រវាងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
លោកបានបន្តថា អ.ស.ហ បាននិងកំពុងធ្វើជាមួយនឹងជាអាទិ៍ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, គ្រឹះស្ថានអប់រំនិងបណ្តុះបណ្ដាល, សមាគម, នវានុវត្តជន ក៏ដូចជាដៃគូអភិវឌ្ឍនិងស្ថាប័ន អន្តរជាតិនានា ដោយផ្តោតលើការជំរុញការប្រើប្រាស់ថ្នាលឌីជីថល, ការផ្តល់ជំនួយបច្ចេកទេស, ការចែករំលែកនិងការផ្លាស់ប្តូរបទពិសោធនិងឧត្តមានុវត្តន៍, ការរៀបចំវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព ខណៈកិច្ចសហប្រតិបត្តិការផ្សេងទៀត នឹងត្រូវបន្តពង្រឹងនិងពង្រីក ជាពិសេសក្នុងយន្តការ «បណ្ដាញអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
លោក ម៉ី វ៉ន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.ស.ហ. បានថ្លែងថា ដើម្បីធានាឱ្យការអនុវត្ត MOU នេះ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងធានាឱ្យគ្រប់ភាគីពាក់ព័ន្ធអាចទទួលបានអត្ថប្រយោជន៍ជាក់ស្ដែងពី MOU នេះ លោកបានណែនាំការងារអាទិភាពចំនួន៣ ដែលគួរយកចិត្តទុកដាក់ រួមមាន ទី១- សហការដាក់ចេញនូវផែនការសកម្មភាពគន្លឹះ ដែលត្រូវអនុវត្តរួមគ្នាជាអាទិភាព ដោយ ផ្អែកលើវិសាលភាពការងារដែលបានកំណត់ក្នុង MOU ព្រមទាំងពង្រឹងយន្តការចាំបាច់ នានា រួមមានការកំណត់ជនបង្គោល, មធ្យោបាយធ្វើការ, កិច្ចសម្របសម្រួល, កិច្ច- សហការ, កិច្ចពិភាក្សា, ការផ្លាស់ប្តូរនិងការចែករំលែកព័ត៌មាន ព្រមទាំងការបន្សំវត្ថុបំណង និងផលប្រយោជន៍របស់ភាគីទាំងអស់។ ទី២- សហការអនុវត្តផែនការសកម្មភាពគន្លឹះ ដែលបានកំណត់តាមលំដាប់អាទិភាព ប្រកបដោយស្មារតីអន្តរសកម្ម, សហថាមពល និងសិនិទ្ធភាព ដោយតម្កល់ឧត្តម- ប្រយោជន៍រួមរបស់ភាគីទាំងអស់ និងទី៣- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងអស់ឱ្យកាន់តែទូលំទូលាយនិង ស៊ីជម្រៅ ដោយពិនិត្យលទ្ធភាពក្នុងការធ្វើពិពិធកម្មវិសាលភាពការងារនិងផែនការ សកម្មភាពដែលអាចអនុវត្តរួមគ្នា ដើម្បីបម្រើឧត្តមប្រយោជន៍រួម ក្នុងរយៈពេលវែងនិង ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យនិងបេសកកម្មរបស់ភាគីទាំងអស់។
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដា្ឋន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានគូសបញ្ជាក់ថា កិច្ចសហការនេះ មិនត្រឹមតែឆ្លើយតបនឹងការអនុវត្តវិធានការ គោលនយោបាយនិងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពី កិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងត្រីភាគី រួមមានអគ្គលេខាធិការដ្ឋាន អ.ស.ហ., ធនាគារ អេស៊ីលីដា និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្នុងទស្សនវិស័យរួមនៃការលើកកម្ពស់ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល ព្រមទាំងការអភិវឌ្ឍសមត្ថភាពមូលធនមនុស្ស ឱ្យកាន់តែមានភាពរឹងមាំ ទាំងក្នុងក្របខ័ណ្ឌនៃការអប់រំនិងការសិក្សា ទាំងក្នុងវិជ្ជាជីវៈការងារ៕












