* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណិ្ឌត យង់ ពៅ៖ កម្ពុជា មិនអាចរារែកក្នុងការធ្វើពិពិធកម្មវិស័យយោធា និងបំពាក់យុទ្ធោបករណ៍ទំនើបដើម្បីការពារអធិបតេយ្យឡើយ!

25-08-2026 12:26

(ភ្នំពេញ)៖ មកទល់ពេលនេះ ភាគីថៃនៅតែបន្តសាងសង់សំណង់រឹង និងហេដ្ឋារចនាសម្ព័ន្ធលើទឹកដីខ្មែរដែលយោធាថៃ បានកាន់កាប់នៅក្រោយបទឈប់បាញ់ ដែលជាការរំលោភបំពានធ្ងន់ធ្ងរលើការព្រមព្រៀងសន្តិភាពនិងបទឈប់បាញ់រវាងភាគីទាំងពីរ។

ជាបន្តបន្ទាប់កម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា នៅក្រោយបទឈប់បាញ់ចូលជាធរមាន។

ទោះជាយ៉ាងណាយើងឃើញថា ថៃនៅតែបន្តព្យាយាមប្រែក្លាយស្ថានភាពនៅតាមបណ្ដោយព្រំដែនឱ្យលេចឡើងនូវរបងថ្ម បន្តជីកប្រឡាយ ដាក់ទូរកុងតឺន័រ និងរាយបន្លាលួស នៅតំបន់ព្រំដែនមួយចំនួនដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បើទោះបីជាកន្លងមក អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរាយការណ៍និងអំពាវនាវឱ្យភាគីបញ្ឈប់ការឈ្លានពាននិងរារាំងមិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនក្ដី។

បើតាមលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា នៅចំពោះមុខសកម្មភាពដ៏គឃ្លើន និងឥតញញើតក្រែងនឹងច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ ក្រៅតែពីត្រូវបន្តប្រឹងប្រែងលើសមរភូមិការទូត ព័ត៌មាន និងយន្តការច្បាប់អន្តរជាតិ ដោយកសាងមូលដ្ឋានឯកសារបញ្ជាក់ពីអង្គហេតុទាំងឡាយដែលថៃបានរំលោភអធិបតេយ្យ និងប្រមែប្រមូលនូវរាល់ភស្តុតាងប្រឆាំងនឹងទង្វើឈ្លានពានរបស់ថៃ កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មយោធា ដោយឆន្ទៈមោះមុត ដើម្បីមានតុល្យភាព និងសមាមាត្រក្នុងកិច្ចការពារអធិបតេយ្យជាតិរបស់ខ្លួន។

លោកបណ្ឌិត បានបន្ថែមថា៖ «នៅចំពោះការប្រឈមមុខ អំពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់ប្រទេសជិតខាង កម្ពុជាមិនអាចរារែក ឬ មានភាពយឺតយ៉ាវក្នុងការធ្វើទំនើបកម្មវិស័យការពាររបស់ខ្លួន ដោយសារតែបារម្ភចំពោះការលើកឡើងពីភាគីណាមួយនោះឡើយ»។

បើតាមលោកបណ្ឌិត ការដែលប្រទេសថៃ នៅតែបន្តរំលោភច្បាប់អន្តរជាតិដោយងងើល ដូចបច្ចុប្បន្ននេះ គឺដោយសារថៃ បានប្រមាថលើកម្លាំងការពារជាតិរបស់កម្ពុជា។ ហេតុនេះហើយ កម្ពុជាត្រូវតែកសាងវិស័យការពារជាតិរបស់ខ្លួនក្នុងកម្រិតមួយ ដែលអាចទប់ទល់នឹងការការបំពារបំពានរបស់ភាគីថៃបាន។ ការពង្រឹងវិស័យការពារជាតិ គប្បីត្រូវធ្វើឡើងឱ្យស្របទៅនឹងឆន្ទៈជាតិ តម្រូវការការពារជាតិជាក់ស្ដែង ពិសេសស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

ជាការពិតណាស់ ចំពោះតំបន់ ឬ ទីតាំងដែលថៃបានរំលោភបំពាននិងកាន់កាប់ដោយខុសច្បាប់ មិនអាចក្លាយជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិថ្មីរវាងប្រទេសកម្ពុជានិងថៃបាននោះឡើយ។ ព្រំដែនកម្ពុជា-ថៃ អាចក្លាយជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិថ្មីបាន ល្គឹកណាក្រុមការងារបច្ចេកទេសកិច្ចការព្រំដែនប្រទេសទាំង២ បានចុះវាស់វែងដោយផ្ទាល់និងព្រមព្រៀងឯកភាពជាមួយគ្នាជាក់លាក់ ដោយផ្អែកលើផែនទីបារាំង-សៀម ដែលជាឧបសម្ព័ន្ធនៃអនុសញ្ញា និងសន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរវាងបារាំងនិងសៀម ទាំង៧៤បង្គោលជាដើម ដែលឯកសារគតិយុត្តិទាំងនេះសុទ្ធតែមានចែងយ៉ាងច្បាស់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU២០០០)។

សម្រាប់លោកបណ្ឌិត យង់ ពៅ លុះត្រាតែក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ បានចុះវាស់វែងជាក់ស្ដែង ដោយមានការឯកភាពជាលាយលក្ខណ៍អក្សរ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងដែលស្របតាមខ្លឹមសារដែលមានចែងនៅក្នុងសេចក្ដីប្រកាសរួមស្ដីពីបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ទើបអាចត្រូវបានយកជាការបាន។

រាល់ទីតាំងទាំងឡាយណា ដែលសៀមបានទន្ទ្រានកាន់កាប់ដោយកម្លាំង ឬ ដោយទិដ្ឋភាពផ្សេងៗទៀតដោយខុសច្បាប់ នឹងមិនអាចក្លាយទៅជាព្រំដែនផ្លូវការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ បានជាដាច់ខាត ព្រោះបើព្រំដែនរវាងរដ្ឋនឹងរដ្ឋ អាចត្រូវបានផ្លាស់ប្ដូរតាមចិត្តបានដោយកម្លាំងយោធា នោះពិភពលោកទាំងមូលនឹងក្លាយទៅជាអនាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់ទាំងស្រុង ខណៈដែលកម្ពុជានិងថៃ មានឯកសារគតិយុត្តិអន្តរជាតិ ដែលបានកំណត់យ៉ាងច្បាស់រួចស្រេចទៅហើយ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់លម្អិតថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញា ដែលមានតម្លៃទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិ ដែលនៅរង់ចាំតែការចុះវាស់វែងដោយក្រុមការងារបច្ចេកទេសវាស់វែងព្រំដែននៃប្រទេសទាំងពីរ ដើម្បីកំណត់នៅលើផែនដីជាក់ស្ដែងប៉ុណ្ណោះ។ អ្នកវិទ្យាសាស្រ្តនយោបាយរូបនេះ បានសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកនាសម័យទំនើបនេះ គេមិនអាចកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋដោយសកម្មភាពយោធា ឬមហិច្ឆតាឈ្លានពានឥតដែនកំណត់របស់រដ្ឋណាមួយបានជាដាច់ខាត៕