* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជា ជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក

25-08-2026 14:21

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia, លោក Gao Weixiang នាយកប្រតិបត្តិក្រុមហ៊ុន VINCIS និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការផលិតភាពយន្តភាគខ្លី ការផ្សព្វផ្សាយទេសចរណ៍ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និង «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ទីផ្សារអន្តរជាតិ។

ជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមយុវជនឌីជីថលកម្ពុជា-ចិន ក្រុមហ៊ុន Unicorn Media Consulting Group Cambodia ក្រុមហ៊ុន VINCIS តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកាសរុបប្រមាណ ៣០រូប។

ក្នុងឱកាសនោះ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានរាយការណ៍ជូនលោករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្លូវការ ក្នុងការផលិតភាពយន្តខ្លីកម្ពុជា-ចិន នៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមយុវជនឌីជីថលកម្ពុជា-ចិន និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។ លោកបានសម្តែងការស្វាគមន៍ និងគាំទ្រជាគោលការណ៍ចំពោះគម្រោងផលិតភាពយន្តខ្លីកម្ពុជា-ចិន ដែលនឹងបង្ហាញពីកម្ពុជាតាមរយៈសាច់រឿង និងមាតិកាដែលទាក់ទាញទស្សនិកជនអន្តរជាតិ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផលិតភាពយន្តត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន ជាពិសេសត្រូវទទួលបានការអនុញ្ញាតជាផ្លូវការលើខ្លឹមសារ និងសាច់រឿង (Script) ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុនពេលដំណើរការថតជាក់ស្តែង។

លោក ហួត ហាក់ ក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីដេអូ AI ដែលផលិតដោយក្រុមហ៊ុន VINCIS និងបានបង្ហាញពីតំបន់អង្គរ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍវីដេអូ AI ក្នុងទម្រង់និទានកថា (Storytelling) ដោយបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ម្ហូបអាហារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីផ្សព្វផ្សាយ «សម្រស់ពិតរបស់កម្ពុជា» ទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រីបានជំរុញឱ្យផលិតករទស្សនា និងមើលឃើញកម្ពុជា ជា «ស្ទូឌីយោធម្មជាតិ» ដ៏សម្បូរបែប ដោយពង្រីកទីតាំងថតឱ្យហួសពីតំបន់អង្គរ (Beyond Angkor) ទៅកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន តំបន់អេកូទេសចរណ៍ ព្រមទាំងស្ថាបត្យកម្មបេតិកភណ្ឌ និងសំណង់សម័យអាណានិគមនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពតជាដើម។

លោកបានបញ្ជាក់ថា តំបន់ទាំងនេះសុទ្ធតែមានសក្តានុពលក្លាយជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ទាក់ទាញ សម្រាប់ការផលិតភាពយន្ត និងមាតិកាអន្តរជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសរំលេចពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញ «ទេសចរណ៍ភាពយន្ត (Film Tourism)» ឱ្យក្លាយជាឧបករណ៍ដ៏មានសក្តានុពលសម្រាប់ផ្សព្វផ្សាយរូបភាព វប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្តែង រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើត «ក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងបានដាក់ឱ្យអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាកត្តាគាំទ្រដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកផលិតភាពយន្ត និងអ្នកបង្កើតមាតិកាពីទីផ្សារចិនមកកាន់កម្ពុជា។

មុនបញ្ចប់ លោក ហួត ហាក់ បានអំពាវនាវដល់សមាគម ក្រុមហ៊ុន តួសម្តែងកម្ពុជា-ចិន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយកម្ពុជាក្នុងនាមជា «គោលដៅទេសចរណ៍សុវត្ថិភាព» ព្រមទាំងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានអវិជ្ជមាន ដែលអាចប៉ះពាល់ដល់កិត្តិនាម និងរូបភាពទេសចរណ៍របស់កម្ពុជា។៕