រដ្ឋមន្ត្រីចក្រភពអង់គ្លេស បំពេញទស្សនកិច្ចនៅកម្ពុជា ដោយធ្វើដំណើរទៅកាន់ព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការអំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី
25-08-2026 14:47
(ភ្នំពេញ)៖ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានមុខដល់កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ច។
ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ភាគខាងជើងប្រទេសកម្ពុជា ដែលព្រឹតថេន កំពុងធ្វើការជាដៃគូជាមួយអង្គការកម្ពុជា ដើម្បីគាំទ្រសហគមន៍មូលដ្ឋាន ស្របតាមវិធីសាស្ត្រអភិវឌ្ឍន៍ទំនើបរបស់ព្រឹតថេន។
ក្នុងការចុះទស្សនកិច្ចនៅឃុំកោកប្រាសាទ លោកស្រីនឹងបានឃើញដោយផ្ទាល់ពីរបៀបដែលការគាំទ្ររបស់ព្រឹតថេនជួយកុមារដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗរវាងថៃ និងកម្ពុជា ឱ្យបន្តការសិក្សា និងកសាងជីវិតឡើងវិញ។ ទស្សនកិច្ចនេះក៏នឹងគូសបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំរបស់ព្រឹតថេនចំពោះសន្តិភាពប្រកបដោយចីរភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅខែធ្នូ ឆ្នាំ២០២៥។
លោកស្រីរដ្ឋមន្ត្រីក៏នឹងជួបជាមួយអ្នកជំនាញដោះមីនពីអង្គការសប្បុរសធម៌ HALO Trust និង Apopo ផងដែរ។ ព្រឹតថេនបានគាំទ្រការដោះមីន និងការស្តារឡើងវិញផ្នែកមនុស្សធម៌នៅកម្ពុជារយៈពេលជាងបីទសវត្សរ៍មកហើយ ដោយបានសម្អាតផ្ទៃដីស្មើនឹងទីលានបាល់ទាត់ចំនួន ២២៤០០ តាំងពីឆ្នាំ ២០១៤ និងបានប្រគល់ដីទាំងនោះត្រឡប់ទៅសម្រាប់ការប្រើប្រាស់ប្រកបដោយផលិតភាពវិញ។
នៅខែឧសភា កន្លងទៅ ព្រឹតថេន បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ១.៦ លានផោន សម្រាប់ការដោះមីន និងការអប់រំអំពីហានិភ័យមីននៅកម្ពុជា ដែលនឹងជួយសម្អាតដីមានមីនប្រមាណជិត ១.៩៤ លានម៉ែត្រការ៉េ និងគាំទ្រគោលដៅរបស់កម្ពុជាក្នុងការក្លាយជាប្រទេសរួចផុតពីផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ ២០៣០។
ប្រសាសន៍របស់ លោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៖ «កម្ពុជាស្ថិតនៅចំកណ្តាលតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ព្រឹតថេន។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្ញុំបានឃើញពីរបៀបដែលការគាំទ្ររបស់ព្រឹតថេនកំពុងជួយសហគមន៍នានាឱ្យងើបឡើងវិញពីជម្លោះ និងជួយដោះមីនដែលបង្កការគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រឹតថេនប្តេជ្ញាគាំទ្រស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយបន្តធ្វើការរួមគ្នាដើម្បីកសាងតំបន់ដែលមានសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។
នៅរាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីនឹងជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីភាពជាដៃគូដ៏រឹងមាំរវាងព្រឹតថេន និងកម្ពុជា ព្រមទាំងអាទិភាពរួមសម្រាប់អនាគត។
លោកស្រីរដ្ឋមន្ត្រីក៏នឹងជួយបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យអប់រំ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងពង្រឹងភាពជាដៃគូរវាងស្ថាប័ន លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងគាំទ្រការអភិវឌ្ឍជំនាញដែលចាំបាច់សម្រាប់កំណើននាពេលអនាគតរបស់កម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារៀន និងសាកលវិទ្យាល័យអង់គ្លេសបានពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ដោយសាកលវិទ្យាល័យ De Montfort និង Teesside ផ្តល់កម្មវិធីសិក្សាសញ្ញាបត្រព្រឹតថេននៅកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជាទទួលបានការអប់រំអន្តរជាតិលំដាប់ពិភពលោក៕




