រដ្ឋបាលរាជធានីភ្នំពេញ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីចាប់ផ្តើមអនុវត្តគម្រោង «ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ»
25-08-2026 15:45
(ភ្នំពេញ)៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ រស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិត ដែលប្រឈមនឹងកម្ដៅ។
លោក ពេញ ធារម្យ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីចាប់ផ្តើមអនុវត្តគម្រោង «ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោក ពេញ ធារម្យ បានបន្តថា បញ្ហាកម្ដៅកើនឡើងខ្លាំង មិនត្រឹមតែជាបញ្ហាបរិស្ថានមួយប៉ុណ្ណោះទេ តែជាបញ្ហាដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសុខភាព សាធារណៈ សុវត្ថិភាព ការងារ និងគុណភាពជីវិតប្រជាពលរដ្ឋក្នុងតំបន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការការពារ និងឆ្លើយតបបានទាន់ពេលវេលា។ ដោយមើលឃើញពីសារៈសំខាន់ទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភពីអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង បានរៀបចំផែនការអនុវត្តគម្រោងនេះឡើងដើម្បីចូលរួមពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការបង្កើតយន្តការការពារ កាត់បន្ថយ និងឆ្លើយតប ចំពោះផលប៉ះពាល់សុខភាព ដែលបណ្តាលមកពីការកើនឡើងនៃរលកកម្ដៅ។
ដើម្បីធានាដល់ដំណើរការរបស់គម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលតាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំជាផែនការសកម្មភាព និងការកសាងប្រព័ន្ធទិន្នន័យ ដើម្បីឈានដល់ការវិភាគ និងវិនិច្ឆ័យហានិភ័យកម្ដៅ និងដាក់ចេញជាវិធានការសម្រាប់អនុវត្តប្រកបដោយចីរភាព និងនិរន្តរភាព ព្រមទាំងចូលរួមកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមាន។
លោក Farhad Ali អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cities) បានថ្លែងថា អង្គការនេះមានទីក្រុងចំនួន៧៤ទីក្រុង ជុំវិញពិភពលោកជាសមាជិក ដោយទីក្រុងទាំងអស់នោះតែងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ។
ក្នុងនាមជាសមាជិក រាជធានីភ្នំពេញតែងតែបានចូលរួមអនុវត្តការងារយ៉ាងល្អប្រសើរ ជាក់ស្តែង ដូចជា៖ គម្រោងបញ្ចប់លុបបំបាត់ភេសជ្ជៈផ្អែមនៅតាមសាលារៀន ជាមួយ និងការរៀបចំមានទឹកស្អាតនៅតាមសាលា គម្រោងគ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនជាដើម។ លោកបានបន្តថា ពេលនេះយើងមានបញ្ហាមួយទៀត នោះគឺបញ្ហារលកកម្ដៅ ដែលធ្វើឱ្យមនុស្សប្រឈមនឹងជំងឺ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយយើងចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។
ក្នុងឱកាសនោះ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអង្គការភាពជាដៃគូ សម្រាប់សុខុមាលភាពទីក្រុង តាំងពីឆ្នាំ២០១៧ ហើយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចជា បញ្ចប់លក់ភេសជ្ជៈផ្អែម និងធ្វើឱ្យមានទឹកស្អាត នៅតាមសាលារៀន គ្មានផ្សែងបារីនៅផ្លូវថ្មើជើងចតុមុខ និងគម្រោងសុវត្ថិភាពនៅតាមសាលារៀនជាដើម ហើយនៅពេលនេះ នូវបានរៀបចំផែនការ ដោយដាក់ឧបករណ៍វាស់ធាតុអាកាសនៅតាមខណ្ឌចំនួន១១ទីតាំង ដើម្បីតាមដានក្នុងកាត់បន្ថយឱ្យបាននូវការគ្រោះថ្នាក់និងស្លាប់ដោយបញ្ហារលកកំដៅ។
លោកស្រីបានស្នើឱ្យអាជ្ញាធរខណ្ឌ សង្កាត់ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាជួយផ្តល់ការសហការឱ្យបានល្អ ជាមួយអ្នកជំនាញនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការតំឡើងឧបករណ៍វាស់ធាតុសីតុណ្ហភាពនៅតាមទីតាំងទាំង ១១ និងការផ្តល់បទសម្ភាសន៍ ដើម្បីក្រុមការអាចទទួលបានទិន្នន័យជាក់លាក់ ក្នុងការរៀបចំផែនការឆ្លើយតប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែល បង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញនេះតាមផែនការដែលបានគ្រោងទុក៕





























