កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង ទទួលបានចំណេះដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ
25-08-2026 16:36
(កោះកុង)៖ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពជុំវិញខេត្តកោះកុង សរុប ២៣០នាក់ ក្រោមវត្តមាន លោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា, លោក ថម ហ្គៃហ្សឺ ប្រតិភូផ្នែកកងទ័ពថ្នាក់តំបន់នៃ ICRC, ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង, លោក អ៊ូច ទូច សមាជិកគណៈកម្មាធិការសាខា ព្រមទាំងប្រតិភូ ICRC មន្ត្រីនៃទីស្នាក់ការកណ្តាល និងមន្រ្តីប្រតិបត្តិសាខាជាច្រើនរូប។
ពិធីផ្សព្វផ្សាយខាងលើ ត្រូវបានរៀបចំធ្វើឡើងនៅទីតាំងចំនួន២ ដោយទីតាំងទី១ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលមាននាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមប្រមាណ ១៥០នាក់ និងទីតាំងទី២ ប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល នាទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានអ្នកចូលរួមប្រមាណ ៨០នាក់។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានថ្លែងថាក្នុងនាមនាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូនៃទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ដែលបានចំណាយពេលវេលាដ៏មមារញឹកក្នុងការងារ ចុះមកបើកវគ្គផ្សព្វផ្សាយស្តីពី ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្ម អាយ.ស៊ី.អ.ស៊ី និង កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ ជូនដល់នាយទាហាន និងពលទាហាន នៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងនាពេលនេះ។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ គូសបញ្ជាក់ថា ក្រៅពីការងារស្នូលក្នុងការការពារបូរណភាពទឹកដី ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងផ្នែកពាក់ព័ន្ធក្នុងការសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ទឹកជំនន់ យុទ្ធនាការលើកកម្ពស់សុខភាពសាធារណៈ ចូលជាសមាជិកភាពទ្រទ្រង់ថវិកាប្រចាំឆ្នាំ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងការងារផ្សេងៗទៀតផងដែរ។
លោកបានបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានគិតគូដល់សុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ ប្រជាពលរដ្ឋរងវិបត្តិភ័យនៃជម្លោះប្រដាប់អាវុធ និងប្រជាពលរដ្ឋងាយរងគ្រោបំផុតទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និងទស្សនៈនយោបាយ និងជាពិសេស ក្រៅពីសកម្មភាពមនុស្សធម៌ខាងលើកាកបាទក្រហមកម្ពុជា បានគិតគូរដល់ការ លើកកម្ពស់កាយល់ដឹងជាសកល នៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងហៅម្យ៉ាងទៀតបានថា «ច្បាប់សង្គ្រាម» យកមកផ្សព្វផ្សាយជូន នាយទាហាន និងពលទាហាន នៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ស្របពេលដែលបរិបទនៃជម្លោះព្រំដែន ស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ។
នាឱកាសនោះដែរលោក អ៊ូច ទូច សមាជិកគណៈកម្មាធិការសាខា បានលើកឡើងផងដែរថា ក្នុងនាមលោកស្រី ឈី វ៉ា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្នុងនាមលោកផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានរបស់លោកស្រីគណៈប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំរួមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមជា គណៈអធិបតី ក៏ដូចជាចុះមករៀបចំពិធីផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំណុះខេត្តកោះកុង ដែលនេះគឺជាសកម្មភាពមួយទៀត ក្រៅពីការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា សូមគាំទ្រដល់វគ្គផ្សព្វផ្សាយនេះឱ្យទទួលបានជោគជ័យ។
មានមតិបើកវគ្គផ្សព្វផ្សាយ លោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង បានថ្លែងថា ដោយយោងតាមផែនការប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោកស្រីអគ្គលេខាធិការ បានចាត់តាំងឱ្យក្រុមការងារចុះមកសួរសុខទុក្ខ និងបើកវគ្គផ្សព្វផ្សាយជូនអស់កងកម្លាំង និងមន្ត្រីរាជការប្រចាំខេត្តកោះកុងនេះ អំពីសកម្មភាពមួយចំនួនទាក់ទងនិងសភាពការថ្មីនៃការងារកាកបាទក្រហមកម្ពុជា ក៏ដូចជាគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)នៅកម្ពុជាយើង ខណៈដែលកម្ពុជាយើងមានបញ្ហាជាមួយប្រទេសជិតខាង។
លោកស្រីបានថ្លែងទៀតថា «នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្មួយប្រុស ក្មួយស្រី ទាំងអស់ ចំពោះសេចក្តីស្រឡាញ់ ចំពោះទឹកចិត្ត និងតែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងកម្លាំង និងធនធានថវិកា ក្នុងការរួមចំណែកជាមួយបេសកកម្មមនុស្សរបស់កាកបាទក្រហមកម្ពុជានាពេលកន្លងមក។
ជាមួយនេះលោកស្រីបានជម្រាបជូនអំពីសារបាននៃការបង្កើតកាកបាទក្រហមកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា ដំណើរការទៅបាន និងបានបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនអស់រយៈពេល៧១ ឈានចូល៧២ឆ្នាំហើយ។ ពេលដែលកាកបាទក្រហមកម្ពុជា ចូលជាសមាជិកពេញសិទ្ធរបស់អន្តរជាតិ មានច្បាប់មួយចំនួនដែលយើងត្រូវអនុវត្តនិងគោរពតាម ព្រោះយើងមិនអាចរស់នៅ និងបំពេញការងារតែម្នាក់ឯងបានទេ ហើយជាក់ស្តែងក្មួយៗបានដឹងថា ក្នុងឆ្នាំ២០២៥ គឺនៅមានការបញ្ហានៅតាមព្រំដែន កាកបាទក្រហមកម្ពុជា បានបំពេញការងារច្រើនទាក់ទងនឹងយុទ្ធជនពលី និងរបួស ក្នុងនោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន យើងបានចូលរួមគ្រប់មរណភាពរបស់យុទ្ធជនពលី និងបានចុះសួរសុខទុក្ខយុទ្ធជនសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទាំងរាជធានីភ្នំពេញ និងមន្ទីរពេទ្យនៅតាមបណ្តាខេត្ត»។
លើសពីនោះលោកស្រីបានជម្រាបពីបេសកកម្មជាអន្តរជាតិ យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្រោមការឧបត្ថម្ភ និងការសម្របសម្រួលដ៏ជិតស្និតពី ICRC កាកបាទក្រហមកម្ពុជា បាននាំយកសារលិខិតរបស់កាកបាទក្រហមពីយុទ្ធជនទាំង១៨នាក់ ដែលគ្រប់គ្រងដោយភាគីថៃ មកជូនដល់ក្រុមគ្រួសារនៅតាមបណ្តោយព្រំដែនបានចំនួន៣លើក រហូតដល់ភាគីថៃបានបញ្ជូនយុទ្ធទាំង១៨នាក់ ត្រឡប់មកមាតុប្រទេសវិញ។ ជាមួយគ្នានេះដែរ ការងារសំខាន់មួយទៀត គឺការឆ្លើយតបទៅនឹងបងប្អូនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព នេះជាអាទិភាពដំបូង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកបានដោះស្រាយ គឺបានផ្តល់ថវិកាមួយចំនួនជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ការរៀបតង់ សម្រាប់ការរៀបចំទីជម្រករបស់បងប្អូនជនភៀសសឹកកន្លងមក។
លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ ក្រោមការជួយឧបត្ថម្ភរបស់ ICRC ការងារសំខាន់សម្រាប់ការឆ្លើយតបទៅនឹងវិបត្តិព្រំដែនមានចំនួន២ ដែលកាកបាទក្រហមកម្ពុជា និងICRC បានធ្វើរួមគ្នា ក្នុងនោះធ្វើការបណ្តុះបណ្តាល និងសិក្សាពីតម្រូវការរបស់បងប្អូនជនភៀសសឹកបានចំនួន២លើក។ ក្នុងនោះទី១ទាក់ទងនឹងបញ្ហាគ្រប់បែកចង្កោម បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ នៅតាមបណ្តោយព្រំដែន ជាពិសេសនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ដែលនៅសល់រាប់សែនគ្រាប់នៅលើទឹកដីខ្មែរយើង ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់គ្រប់ពេល ដែលមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ICRC ក៏ដូចជាអាជ្ញាធរមីន ធ្វើការបណ្តុះបណ្តាល បានធ្វើការអប់រំដល់បណ្តាញកាកបាទក្រហម ដែលនៅតាមភូមិឃុំ សំដៅឱ្យបន្តការយកចិត្តទុកដាក់ នៅក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃគ្រប់មីន។ មួយវិញទៀតទាក់ទងនឹងបញ្ហាសុខភាពកាកបាទក្រហមកម្ពុជា និង ICRC បានធ្វើការបណ្តុះបណ្តាលអំពីសុខភាពសាធារណៈ និងសុខភាពផ្លូវចិត្តជូនដល់បងប្អូនភៀសសឹកផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍បន្ថែមថា នៅពេលវេលាសមស្របសូមអនុញ្ញាតដល់កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាស្រុកនៅក្នុងខេត្តកោះកុង ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចជម្រាបជូនពីការងារមួយចំនួនដែលយើងត្រូវដឹង ដើម្បីចូលរួមការពារនូវកិត្តិនាម និងលើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជាយើង។ ជាទីបញ្ចប់លោកស្រីក៏បានឱ្យដឹងថា នៅក្នុងវគ្គផ្សព្វផ្សាយនេះផ្តោតសំខាន់លើការលើកកម្ពស់ ការយល់ដឹងពីគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការការពារ ការប្រើប្រាស់បដិរូបកាកបាទក្រហម ការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ៕




































