ជំនន់ទន្លេមេគង្គ ប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំនៅខេត្តក្រចេះ, រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើពលរដ្ឋពិចារណាធ្វើពិពិធកម្មដំណាំ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
25-08-2026 16:48
(ក្រចេះ)៖ ទឹកជំនន់ទន្លេមេគង្គ បានបន្តជន់លិចផ្ទៃដីកសិកម្មនៅខេត្តក្រចេះអស់រយៈពេល៨ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យដំណាំស្រូវ និងដំណាំផ្សេងៗរងការខូចខាត និងបង្កការព្រួយបារម្ភដល់ជីវភាពប្រជាកសិករ ដែលពឹងផ្អែកលើការដាំដុះជាចម្បង។
ស្របពេលនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញឱ្យប្រជាកសិករពិចារណាធ្វើពិពិធកម្មដំណាំ និងកែសម្រួលវិធីសាស្ត្រដាំដុះឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងស្ថានភាពទឹកនៅមូលដ្ឋាន។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់លើវិស័យកសិកម្មនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង និងស្វែងរកវិធានការសមស្របណាមួយ ដើម្បីជួយប្រជាកសិករបន្សាំខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុដែលមានការប្រែប្រួលកាន់តែច្រើន។
ប្រជាពលរដ្ឋបានជម្រាបជូនលោករដ្ឋមន្ត្រីថា ទឹកជំនន់ដែលអូសបន្លាយរយៈពេលយូរ បានបង្កការខូចខាតដល់ដំណាំ និងធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកាដែលបានចំណាយលើការរៀបចំដី និងដាំដុះ មុនពេលទឹកទន្លេមេគង្គឡើង។
ជាការឆ្លើយតប រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យប្រជាកសិករសហការជាមួយមន្ត្រីជំនាញកសិកម្ម ដើម្បីសិក្សាឱ្យបានច្បាស់អំពីប្រភេទដី ស្ថានភាពទឹក រដូវកាល និងហានិភ័យនៃការជន់លិច មុនសម្រេចជ្រើសរើសប្រភេទដំណាំ និងវិធីសាស្ត្រដាំដុះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការដាំដុះមិនគួរពឹងផ្អែកតែលើដំណាំស្រូវតែមួយមុខនោះទេ ប៉ុន្តែគួរធ្វើពិពិធកម្មដំណាំ ដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់។ រដ្ឋមន្ត្រីបានណែនាំឱ្យកសិករពិចារណាលើការប្រើពូជស្រូវមានរយៈពេលខ្លី និងដំណាំជំនួសផ្សេងៗ ដូចជា៖ ឈូក អំពៅ ពោត និងបន្លែ ដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែងនៅតំបន់ និងតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «ការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ មានន័យថា យើងត្រូវផ្លាស់ប្តូររបៀបធ្វើការរបស់យើង។ កាលពីមុន យើងដាំតែស្រូវ»។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា កសិករអាចប្រឈមនឹងការខាតបង់យ៉ាងច្រើន ប្រសិនបើដាំដំណាំដោយមិនបានគិតគូរពីពេលវេលានៃការឡើងទឹកទន្លេមេគង្គប្រចាំឆ្នាំ ដែលជាទូទៅកើតមាននៅអំឡុងខែកក្កដា និងខែសីហា។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនចង់ឃើញបងប្អូនប្រជាពលរដ្ឋយើងចំណាយលុយច្រើន» ដោយបានលើកឡើងថា កសិករមួយចំនួនអាចចំណាយថវិកាប្រមាណពី១លាន ទៅ២លានរៀល សម្រាប់ការដាំដុះ ប៉ុន្តែអាចខាតបង់ ឬបានទិន្នផលតិចប្រសិនបើដំណាំត្រូវបានទឹកជំនន់បំផ្លាញនៅមុនពេលប្រមូលផល។
ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកយកឧទាហរណ៍ ការដាំដុះនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដែលបន្ស៊ាំទៅនឹងការប្រែប្រួលស្ថានភាពទឹក តាមរយៈការផ្លាស់ប្តូរពីការដាំស្រូវមកដាំដំណាំឈូកវិញ។ តាមការបញ្ជាក់របស់លោកមេឃុំ តំបន់នេះមានគ្រួសារជាង១០០គ្រួសារ ប្រកបរបរកសិកម្ម ក្នុងនោះកាលពីឆ្នាំមុនមានប្រមាណ៨០គ្រួសារបានដាំឈូក ហើយនៅឆ្នាំនេះ គ្រួសារដែលប្រកបរបរកសិកម្មស្ទើរតែទាំងអស់ត្រូវបានរំពឹងថានឹងបន្តដាំឈូក។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ប្រជាកសិករនៅតំបន់រងផលប៉ះពាល់ ឱ្យទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍នៅឃុំព្រែកសាម៉ាន់ បន្ទាប់ពីទឹកស្រក ដើម្បីស្វែងយល់ពីបច្ចេកទេសដាំឈូក និងការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានជំរុញឱ្យប្រជាកសិករពិចារណារួមគ្នាធ្វើកសិកម្មតាមបែបសហគមន៍ ជាពិសេសនៅតំបន់ដែលកសិករមានផ្ទៃដីតូច និងធនធានទឹកមានកម្រិត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមយ៉ាងដូច្នេះថា៖ «បើយើងមានដីតូច យើងគួរតែរួមគ្នាធ្វើជាសហគមន៍»។ តាមរយៈការធ្វើកសិកម្មជាសហគមន៍ កសិករអាចសហការគ្នារៀបចំការដាំដុះនៅលើផ្ទៃដីដែលនៅជាប់គ្នា ធ្វើពិពិធកម្មដំណាំ និងចែករំលែកធនធានទឹក ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកលើដំណាំតែមួយមុខ។
រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកែសម្រួលប្រព័ន្ធគ្រប់គ្រងទឹកឱ្យសមស្របទៅនឹងប្រភេទដំណាំ និងលក្ខខណ្ឌធម្មជាតិ។ លោកលើកឡើងថា កសិករនៅព្រៃសំណាងបានលើកទំនប់ឱ្យខ្ពស់ ដើម្បីរក្សាទឹកសម្រាប់ដាំឈូក ខណៈកាលពីមុន ពួកគេធ្លាប់ធ្វើទំនប់ទាប ដើម្បីបង្ហូរទឹកឱ្យបានលឿន សម្រាប់ការដាំស្រូវ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូររបៀបធ្វើកសិកម្មឱ្យស្របទៅនឹងស្ថានភាពអាកាសធាតុ និងប្រភពទឹកដែលកំពុងមានការប្រែប្រួល។
ដោយឡែក លោក ទួន សៀងហ៊ី អាយុ៥១ឆ្នាំ ជាកសិកររស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី បានរាយការណ៍ពីការខាតបង់យ៉ាងច្រើនលើដំណាំស្រូវរបស់លោក ដោយបញ្ជាក់ថា៖ «ស្រែស្រូវរបស់ខ្ញុំចំនួន៤៥អា ត្រូវបានប៉ះពាល់។ ខ្ញុំអាចប្រមូលផលបានត្រឹមតែ១៩បាវប៉ុណ្ណោះ ដោយសារយើងប្រមូលផលមុនកំណត់ ដើម្បីចៀសវាងការខូចខាត ឬការបំផ្លាញកាន់តែច្រើនដោយសារទឹកជំនន់ទន្លេមេគង្គ»។
លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចុះពិនិត្យដោយផ្ទាល់ដល់តំបន់រងផលប៉ះពាល់ និងស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីទឹកជំនន់។
ការជំរុញឱ្យប្រជាកសិករធ្វើពិពិធកម្មដំណាំ និងកែសម្រួលរបៀបធ្វើកសិកម្មទៅតាមស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ ត្រូវបានចាត់ទុកថាជាវិធានការសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យ បង្កើនភាពធន់របស់ប្រជាកសិករ និងរក្សាបាននូវស្ថិរភាពជីវភាពប្រជាពលរដ្ឋក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ៕






















