សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ត្រូវបានព្រឹទ្ធសភា ប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សាបន្ថែម (Video inside)
25-08-2026 16:55
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» បានចូលដល់ព្រឹទ្ធសភាហើយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ហើយត្រូវបានព្រឹទ្ធសភាប្រគល់ភារកិច្ចជូន គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការ ព្រំដែន នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាបន្ថែម។
នេះបើយោងតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ។
សេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ត្រូវបានរដ្ឋសភា អនុម័តជាឯកច្ឆន្ទ (១១០ លើ ១១០ សំឡេង) កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ការធ្វើវិសោធនកម្មនេះ មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖ ពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណត់ច្បាស់ពីតួនាទីក្រុមប្រឹក្សា និងមេឃុំ/ចៅសង្កាត់ ដើម្បីបម្រើពលរដ្ឋឱ្យកាន់តែរហ័ស, ធានាការផ្ទេរមុខងារភ្ជាប់ជាមួយកញ្ចប់ថវិកាទ្រទ្រង់ជាក់លាក់, និង ពង្រឹងឋានៈ តួនាទីស្មៀនឃុំ សង្កាត់ ព្រមទាំងរៀបចំមន្ត្រីមូលដ្ឋានតាមប្រព័ន្ធឌីជីថលប្រកបដោយតម្លាភាព៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖














