រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លើកឡើងការបង្កើនដ្រូនយោធា ដើម្បីពង្រឹងសមត្ថភាពការពារជាតិ (Video inside)

25-08-2026 16:57

(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែសីហា ថាប្រទេសនេះមានផែនការពង្រីកសមត្ថភាពប្រើប្រាស់ដ្រូន ទាំងតាមរយៈការអភិវឌ្ឍ និងការទិញដ្រូនបន្ថែម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់ទាប។

លោក Teodoro បានឱ្យដឹងថា បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធកំពុងធ្វើប្រតិបត្តិការកងអាកាសដ្រូន ដែលផ្តល់ព័ត៌មានស៉ើបការណ៍ ឃ្លាំមើល និងឈ្លបយកការណ៍។ ក្នុងពេលស្នើថវិកាទៅកាន់សមាជិកសភា ឱ្យអនុម័តការដំឡើងដល់ក្រសួងការពារជាតិចំនួន ៦,៣ភាគរយសម្រាប់ឆ្នាំ២០២៧ លោក Teodoro គូសបញ្ជាក់ថា «នៅពេលដែលយើងរីកចម្រើនទៅតាមដំណាក់កាល យើងនឹងអាចទទួលបានធនធានបន្ថែមទៀត»

ការបង្កើនដ្រូនគឺជាផ្នែកមួយនៃគម្រោងបែងចែកថវិកា ៥០ពាន់លានប៉េសូ ឬ ៨១០,៤លានដុល្លារ សម្រាប់កម្មវិធីធ្វើទំនើបកម្មរបស់ហ្វីលីពីន នៅឆ្នាំក្រោយ ដែលជាចំនួនកើនឡើង ២៥ភាគរយធៀបនឹងថវិកាបច្ចុប្បន្ន។ តាមលោក Teodoro អាទិភាពមួយទៀតនោះគឺការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ និងចំណេះដឹងផ្នែកប្រតិបត្តិការ ដែលចាំបាច់សម្រាប់ការប្រើប្រាស់ដ្រូនដោយប្រសិទ្ធភាព៕