ជំនួបជាមួយទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ផ្ដល់ទស្សនៈ៣សំខាន់ ដើម្បីជំរុញទំនាក់ទំនង រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន

25-08-2026 17:51

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា, ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរ ចំពោះលោក ថាមើ ម៉ូហាមេដ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត របស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា។

សម្ដេចតេជោ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្ដិរបស់លោក ថាមើ ម៉ូហាមេដ ដែលជាឯករាជទូតថ្មី របស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក ថាមើ ម៉ូហាមេដ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក និងសហការី បានជួបសម្ដែងការគួរសម។ លោកបានបង្ហាញអំពីភាពរឹងមាំ នៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្ដបន្ទាប់ នៃដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។

បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូរនូវធុរជនរបស់អារ៉ាប៊ីសាអូឌីត មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាផ្នែកនៅក្នុងការពង្រឹងបន្ថែមទៀត ទៅលើវិស័យវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរ អាចធ្វើជាមួយគ្នាបាន ជាពិសេស គឺការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងមានការកើនឡើង ហើយលោកសង្ឃឹមថា ទំនាក់ទនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នឹងមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត តាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល នយោបាយ និងប្រជាជន និងប្រជាជន។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ដ របស់លោក ថាមើ ម៉ូហាមេដ ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងលោក ថាមើ ម៉ូហាមេដ ដោយសម្ដេចតេជោ សង្កត់ធ្ងន់ទៅលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោ បានចាត់ទុកថា គឺជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។

បន្ថែមពីលើនេះ សម្ដេចតេជោ បានផ្ដល់នូវទស្សនៈចំនួនបីសំខាន់ ដើម្បីជំរុញឲ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាន់តែរីកចម្រើន។

ទីមួយ៖ សម្ដេចតេជោ ចង់សង្កត់ទៅលើការជំរុញបន្ថែមទៀត ទៅលើការផ្លាស់ប្ដូរ នៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរ ឲ្យកាន់តែញឹកញាប់បន្ថែមទៀត ដើម្បីបន្ថែមនូវការជឿជាក់គ្នា រវាងប្រទេសទាំងពីរ

ទីពីរ៖ គឺទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ, ការទស្សនកិច្ចរវាងធុរជនអារ៉ាប៊ីសាអូឌីត មកកាន់កម្ពុជា និងធុរជនរបស់កម្ពុជា ទៅកាន់អារ៉ាប៊ីសាអូឌីត ហើយជាពិសេស គឺធុរជនរវាងប្រទេសទាំងពីរ ធ្វើការជាមួយគ្នា ដើម្បីបង្កើននូវការវិនិយោគ នៅក្នុងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើង ហើយសម្ដេចចង់ឃើញ អ្នកវិនិយោគរបស់ អារ៉ាប៊ីសាអូឌីត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើន ជាពិសេសទៅលើការកែច្នៃ ដើម្បីនាំនូវផលិតផលរបស់កម្ពុជា ពោលដូចជា កសិកម្មជាដើម លក់ទៅលក់នៅអារ៉ាប៊ីសាអូឌីត។

ទី៣៖ សម្ដេចតេជោ បានជំរុញបន្ថែមទៀត ធ្វើយ៉ាងណារដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជំរុញឲ្យមានការទំនាក់ទំនង រវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត ហើយជាពិសេសនោះ គឺការផ្ដោតទៅលើវិស័យទេសចរណ៍តែម្ដង​ដើម្បីជាការជំរុញបន្ថែមទៀត ទៅលើទំនាក់ទំនង ក្នុងក្របខណ្ឌនយោបាយរបស់កម្ពុជា និងអារ៉ាប៊ីសាអូឌីត ឲ្យកាន់តែរឹងមាំ៕