រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ (Video inside)
25-08-2026 19:41
(ហាណូយ)៖ ក្រសួងការបរទេសវៀតណាម បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung គ្រោងនឹងជួបពិភាក្សាការងារជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធស្អែកនេះ ដែលនេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបំផុតដោយរដ្ឋមន្ត្រីការបរទេសវៀតណាម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា វៀតណាមចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដ៏សំខាន់មួយមិនអាចខ្វះបានរបស់អាស៊ាន និងចាត់ទុកកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (Five-Point Consensus) របស់អាស៊ាន ក្នុងការនាំមកនូវសន្តិភាព គឺជាក្របខ័ណ្ឌគន្លឹះសម្រាប់ការបន្តការចូលរួម និងការគាំទ្ររបស់ប្លុកតំបន់មួយនេះ៕




