សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត និមន្តដឹកនាំនិស្សិតចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់ ជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់សាសនិកឥស្លាមកម្ពុជា
25-08-2026 21:12
(កំពង់ឆ្នាំង)៖ សុខដុមនីយកម្មសាសនា នាំមកនូវវឌ្ឍនភាព និងសេចក្តីសុខក្នុងសង្គមជាតិទាំងមូល, នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា បាននិមន្តដឹកនាំនិស្សិតចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់ ជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់សាសនិកឥស្លាមកម្ពុជា តបតាមការនិមន្តរបស់លោកឧកញ៉ាឃ្នួរ ម៉ាត់ សា មេដឹកនាំសាសនាឥស្លាមក្រុមកនអ៉ីម៉ាំសាន់ នៅព្រះវិហារកែវស ស្រែព្រៃ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកឧកញ៉ាឃ្នួរ ម៉ាត់ សា បានបញ្ជាក់ថា បុណ្យម៉ៅឡត់ (Mawlid) ជាការប្រារព្ធរំឭកដល់ខួបកំណើតព្យាការី មូហាំម៉ាត់ ដែលសហគមន៍មូស្លីមមកជួបជុំគ្នានៅតាមព្រះវិហារ សូត្រគម្ពីរគួរអាន (Qur’an) ជាប្រវត្តិ និងការបង្រៀនរបស់ព្យាការីមូហាំម៉ាត់ ព្រមទាំងការចែករំលែកចំណីអាហារ ការបរិច្ចាគទាន និងបង្រៀនយុវជនជំនាក់ក្រោយឱ្យយល់ពីគុណតម្លៃនៃសាសនាឥស្លាម។ គណៈដឹកនាំសាសនាឥស្លាមនៅទីនេះ ពិតជាត្រេកអរដោយក្តីគោរពបំផុត ចំពោះព្រះវត្តមានរបស់សម្តេច ព្រះមហាអរិយវង្ស ដែលជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា ដែលបានចូលរួម កម្មវិធីជាច្រើនជាមួយគ្នាកន្លងមក។
នៅក្នុងថេរដីកាសំណេះសំណេះជាមួយសហគមន៍មូស្លីម តំណាងថ្នាក់ដឹកនាំស្រុក និងប្រធាន មន្ទីរធម្មការ និងសាសនាខេត្ត សម្តេចព្រះមហាអរិយវង្ស បានរំឭកអំពីការស្រលាញ់រាប់អានគ្នា រវាងអតីតសម្តេចអគ្គមហាសង្ឃារាជាធិបតី ទេព វង្ស និងលោកឧកញ៉ាឃ្នួរ កៃទាំ អតីតមេដឹកនាំសាសនាឥស្លាមក្រុមកនអ៉ីម៉ាំសាន់ ថាជាគម្រូល្អ ជាសេចក្តីស្រលាញ់រាប់អានដឹងសុខទុក្ខគ្នា ចេញពីបេះដូងពិតជាការប្រតិបត្តិជំនឿសាសនា ដែលអ្នកជំនាន់នេះ ត្រូវតែបន្តស្រលាញ់រាប់អានគ្នា គោរពតម្លៃជំនឿផ្សេងគ្នានៅសង្គមពហុសាសនា។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត មានសង្ឃដីកាថា សុខដុមនីយកម្មសាសនា នាំមកនូវវឌ្ឍនភាព និងសេចក្តីសុខក្នុងសង្គមជាតិទាំងមូល។ ទាំងនេះ ជាទស្សនវិស័យ ដែលថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលចង់ឃើញ ហើយដែលកំពុងកើតមានពិតនៅពេលនេះ នៅទីនេះផ្ទាល់។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះអង្គមានសង្ឃដីកាបន្តថា ករណីសិក្សាអំពីកិច្ចសហការអន្តរសាសនានៅកម្ពុជា តែត្រូវបានចែករំលែកនៅក្នុងការសិក្សា និងសន្និសីទអន្តរសាសនានានា ដែលសមាជិកក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា បានចូលរួម។ នៅខែវិច្ឆិកា ចុងឆ្នាំ២០២៦នេះ សមាជិកក្រុមប្រឹក្សាអន្តរសាសនាកម្ពុជានឹងនិមន្ត-អញ្ជើញទៅ ចូលរួមសន្និសីទសាសនាដើម្បីសន្តិភាពពិភពលោក នៅប្រទេសសិង្ហបុរី៕





















