គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវល្បាយក្រួស, ការសាងសង់លូ និងផ្លាកឈ្មោះផ្លូវ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

25-08-2026 21:18

(កោះកុង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២.២០០ម៉ែត្រ, ទទឹង ៨ម៉ែត្រ, សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង, លូមូលមុខបីចំនួន ៣កន្លែង, លូមូលមុខពីរចំនួន ១កន្លែង, លូមូលមុខមួយចំនួន ៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង សម្រាប់បម្រើការងារសាងសង់ស្ថូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នាឱកាសនោះលោកបណ្ឌិត នួន ដាញ៉ិល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍន៍សម្រេចនូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជនមានលទ្ធភាពប្រកបរបរ ចិញ្ចឹមជីវិតតាមប្រក្រតីភាព។

ចំណែកការអភិវឌ្ឍជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទដែលសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ លើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ និងថែទាំរហូតដល់បញ្ចប់សុពលភាព របស់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឬអ្នកធ្វើ ដំណើរឆ្លងកាត់, ហើយតាមរយៈផ្លូវនេះដែរ ក៏ជាការគាំទ្រដល់ការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលដ្ឋ ព្រោះនៅតំបន់ជនបទ ឬនៅតំបន់ទីប្រជុំជន ក្រៅពីធ្វើស្រែចម្ការ ប្រជាពលរដ្ឋក៏មានមុខរបរជាអ្នកលក់ដូរ និងការបើកអាជីវកម្មផ្សេងៗផងដែរ ក្រៅពីនេះផ្លូវក៏ជួយសម្រួលក្នុងការស្វែងរកសេវានៅមូលដ្ឋានដូចជា សេវារដ្ឋបាល មានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ, សេវាសង្គម មានសេវាអប់រំ សុខាភិបាល​ និងសេវាហេដ្ឋារចនាសម្ព័ន្ធ មានទឹកស្អាត អគ្គិសនី និងសន្តិសុខសណ្តាប់ធ្នាប់ជាដើម៕