រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញដល់ទីក្រុងហូជីមិញ ប្រកបដោយសុខសុវត្ថិភាព
25-08-2026 21:37
(វៀតណាម)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញដល់ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុខសុវត្ថិភាព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី២០ (ITE-HCMC 2026) និងកម្មវិធីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ដំណើរអញ្ជើញនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីលោកស្រី ទូច សុផារត្ន័ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងតំណាងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីវៀតណាម។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ មានគោលបំណងផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» លើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។
សូមជម្រាបថា ITE-HCMC 2026 នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «Vibrant Connections, Global Destinations» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត Saigon Exhibition and Convention Center (SECC) ដោយរំពឹងថានឹងទទួលស្វាគមន៍គណៈប្រតិភូជាតិ និងអន្តរជាតិ អ្នកទិញទេសចរណ៍ អាជីវកម្មទេសចរណ៍ និងអ្នកចូលរួមជាច្រើនមកពីជុំវិញពិភពលោក។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោករដ្ឋមន្ត្រី ហួត ហាក់ ក៏នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLV, CLMV និង ACMECS ព្រមទាំងជំនួបទ្វេភាគីជាមួយភាគីវៀតណាម និងដៃគូវិស័យឯកជន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរទេសចររវាងកម្ពុជា និងវៀតណាម៕










