កម្ពុជា-រុស្សី បញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក

25-08-2026 22:24

(ភ្នំពេញ)៖ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា-រុស្សី។

ប្រភពដដែលបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ទំនាក់ទំនង អាស៊ាន-រុស្ស៊ី ភាពជាដៃគូអីរ៉ាស៊ី សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្ន-ភាពលើស្ថានភាពព្រំដែនកម្ពុជា-ថៃ ។ សហប្រធានទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសស្នាក់នៅកម្ពុជា លោក Andrey Rudenko អនុមន្ត្រីការបរទេស នៃសហព័ន្ធរុស្សី ក៏បានចូលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំកម្ពុជា រួមមាន សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបទាំងនេះបានពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕