វិភាគអន្តរជាតិ៖ ការធ្វើតេស្តទំនាក់ទំនងអាមេរិក-ចិន គឺនៅប៉ាស៊ីហ្វិកខាងលិច មិនមែននៅវ៉ាស៊ីនតោន
25-08-2026 22:17
(វ៉ាស៊ីនតោន)៖ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦ ក្រសែភ្នែករបស់ពិភពលោកនឹងផ្តោតលើទីក្រុងវ៉ាស៊ីនតោន ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល។ មជ្ឈដ្ឋានជាច្រើនអាចនឹងតាមដានដំណើរការ ឬការប្រព្រឹត្តិនៃកិច្ចប្រជុំកំពូលនេះដើម្បីសិក្សាពីតម្រុយថាតើទំនាក់ទំនងរវាងមហាអំណាចទាំង២ នឹងវិវត្តទៅកាន់ទិសដៅបែបណាតទៅមុខទៀត? ក៏ប៉ុន្តែ ដើម្បីអាចយល់ច្បាស់ពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលមានសារៈសំខាន់បំផុត គេគួរតែតាមដានអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ ប៉ាស៊ីហ្វិកភាគខាងលិចជាទីលានប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិនដែលមានសភាពកាន់តែក្ដៅគគុក។
សហរដ្ឋអាមេរិកជាយូរណាស់មកហើយ បានចាត់ទុកប៉ាស៊ីហ្វិកភាគខាងលិចជាច្រកផ្លូវរបស់ខ្លួនឆ្ពោះទៅកាន់តំបន់អាស៊ី និងកំពុងព្យាយាមរារាំងមិនឱ្យមហាអំណាចណាមួយផ្សេងទៀតគ្រប់គ្រង ឬផាត់សហរដ្ឋអាមេរិកចេញពីតំបន់នេះ។ ចិនវិញបានចាត់ទុកប៉ាស៊ីហ្វិកភាគខាងលិចជាដែនឥទ្ធិពលស្របច្បាប់របស់ខ្លួន ព្រមទាំងជាច្រកផ្លូវរបស់ខ្លួនភ្ជាប់ទៅកាន់ពិភពលោកដ៏ធំល្វឹងល្វើយ។ កាលពីប៉ុន្មានឆ្នាំមុន ឧត្តមសេនីយ៍ចិនម្នាក់បាននិយាយបែបលេងសើចថាវ៉ាស៊ីនតោន និងប៉េកាំងគួរតែពុះចែកមហាសមុទ្រប៉ាស៊ីហ្វិកនៅត្រឹមហាវ៉ៃ។ ប៉ុន្តែខណៈអំណាចយោធាចិនកាន់តែរីកធំ ពាក្យសម្ដីលេងសើចនេះមិនបានធ្វើឱ្យគេសើចនោះទេ។ ជាពិសេសក្នុងពេលដែលសហរដ្ឋអាមេរិក ជាច្រើនឆ្នាំមកនេះបានបង្វែរការផ្តោតចេញពីអាស៊ី ទៅកាន់អឺរ៉ុបដោយសារសង្រ្គាមនៅអ៊ុយក្រែន និងឥលូវត្រូវជាប់ផុងក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។
លោក ត្រាំ និងលោក ស៊ី ជីនពីង បានជួបគ្នារួចហើយក្នុងទីក្រុងប៉េកាំងកាលពីខែឧសភា ឆ្នាំ២០២៦។ តែកិច្ចប្រជុំនេះមិនអាចបង្អាក់ ឬបញ្ឈប់មហិច្ឆតាពង្រីកឥទ្ធិពលរបស់ចិនបានឡើយ។ ផ្ទុយទៅវិញ ចិនកាន់តែប្រើធម៌ក្ដៅចំពោះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ដើម្បីធ្វើតេស្ដមើលថាតើលោក ត្រាំ នឹងបញ្ចេញប្រតិកម្មតបតវិញបែបណា? កាលពីខែកក្កដាកន្លងទៅ ចិនបានដឹកនាំការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបក្នុងតំបន់ប៉ាស៊ីហ្វិក ជាការក្រើនរំឮកពីការរីកចម្រើននៃសមត្ថភាពនុយក្លេអ៊ែររបស់ប៉េកាំង។ កងទ័ពជើងទឹកចិនក៏បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុនផងដែរ ក៏ដូចជាដឹកនាំការធ្វើប្រតិបត្តិការល្បាតរួមគ្នាជាមួយនាវាចម្បាំង និងនាវាមុជទឹករុស្ស៉ី នៅក្បែរកោះ Okinawa និង Hokkaido។
លើសពីនេះទៅទៀត ចិនកាន់តែដំឡើងសាច់ដុំដាក់តៃវ៉ាន់ តាមរយៈការបញ្ជូននាវាចម្បាំង ឬនាវាឆ្មាំសមុទ្រធ្វើសមយុទ្ធឡោមព័ន្ធតៃវ៉ាន់ស្ទើរតែជាប្រចាំ។ ចំណែក យន្ដហោះចម្បាំង និងនាវាចម្បាំងចិនវិញកំពុងស្វែងរកចំណុចខ្សោយនៃប្រព័ន្ធការពារតៃវ៉ាន់ ខណៈយោធាចិនកំពុងហាត់សមពីរបៀបវាយលុក ឬបិទខ្ទប់កោះតៃវ៉ាន់។ ក្នុងខែសីហានេះមានសេចក្ដីរាយការណ៍ជាច្រើនថាក្រុម hackers ចិនបានបើកការវាយប្រហារសាយប័រប្រឆាំងតៃវ៉ាន់ ដោយប្រើប្រាស់បច្ចេកវិទ្យា AI ហើយនេះបានបង្ហាញថាការវិវត្តបច្ចេវិទ្យា AI នឹងផ្ដល់ឱ្យចិននូវជម្រើសកាន់តែច្រើនដើម្បីដាក់សម្ពាធតៃវ៉ាន់។ គ្រោះថ្នាក់ក៏កំពុងកើនឡើងដែរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កាលពីខែកក្កដាកន្លងទៅ នាវិកចិន និងហ្វីលីពីន បានប៉ះគ្នាមួយប្រាវនៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ កាលពីខែកក្កដា ការព្រួយបារម្ភបានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ នៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបង្ហើបឱ្យដឹងថានាវាចម្បាំងអាមេរិកមួយគ្រឿងបានធ្វើអន្តរាគមន៍ដោយផ្ទាល់ដោយចូលទៅស្ថិតនៅចន្លោះកណ្ដាលរវាងនាវាចម្បាំងចិន និងហ្វីលីពីន។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានបង្កើតប្រយោគមួយដែលគេបានប្រើមកទល់នឹងសព្វថ្ងៃ នោះគឺ «តំបន់ឥណ្ឌូប៉ាស៊ីហ្វីសេរី និងបើកចំហ»។ នាយករដ្ឋមន្ត្រីជប៉ុនដែលឡើងកាន់តំណែងបន្តពីលោក Abe សុទ្ធតែបានបង្ហាញពីបំណងចង់សម្រេចឱ្យបាននូវចក្ខុវិស័យនេះ។ អូស្ត្រាលីវិញក៏កំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ដែរ តាមរយៈការចុះសន្ធិសញ្ញាការពារជាតិជាមួយប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេកាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកបែរជាកំពុងធ្វើឱ្យសម្ព័ន្ធមិត្តមានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនទៅវិញ។ សង្រ្គាមរបស់លោក ត្រាំជាមួយអ៉ីរ៉ង់ បានធ្វើឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងចំនួនដ៏ច្រើននូវអាវុធទំនើបៗដែលត្រូវការជាចាំបាច់ដើម្បីកំញើញចិន។ មិនតែប៉ុណ្ណោះ ជាការធ្វើសម្បទានទៅឱ្យលោក ស៊ី ជីនពីង លោក ត្រាំថែមទាំងពន្យារពេលការលក់អាវុធទៅឱ្យតៃវ៉ាន់ទៀតផង។ កាន់តែសំខាន់ជាងនេះ ខណៈកញ្ចប់ថវិកាយោធារបស់តៃវ៉ាន់បានកើនឡើងជាលំដាប់ ការវិនិយោគលើវិស័យសំខាន់ៗតួយ៉ាងដូចជាដ្រូនបែរជាកំពុងជាប់គាំងទៅវិញ។ ដោយឡែក នៅឯហ្វីលីពីន ជម្លោះនយោបាយបានបង្កឱ្យមានការចោទសួរថាតើអ្វីទៅជា គោលនយោបាយរបស់ហ្វីលីពីន នៅក្រោយការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៨?
ជាការពិតណាស់ ទោះបីជាកិច្ចសហប្រតិបត្តិការពហុភាគីកំពុងកើនឡើងក៏ពិតមែន ក៏តំបន់ប៉ាស៊ីហ្វិកនៅតែមិនទាន់មានក្របខណ្ឌស្ថាប័នរួមមួយដើម្បីកំញើញ និងការការពារជាសមូហភាពនោះទេ។ តំបន់ប៉ាស៊ីហ្វិកខាងលិចមិនទាន់រងគ្រោះដោយសារសង្រ្គាមទ្រង់ទ្រាយធំឡើយ។ ក៏ប៉ុន្តែការកើនឡើងការធ្វើសមយុទ្ធយោធាដំឡើងសាច់ដុំដាក់គ្នាទៅវិញទៅមក បូករួមទាំងការប្រឈមមុខដាក់គ្នាមានពេលខ្លះឈានដល់ការប្រើហិង្សា វាមានន័យថាតំបន់ប៉ាស៊ីហ្វិកភាគខាងលិចក៏មិនមានសន្តិភាពពេញលេញនោះដែរ។ កិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោននៅខែក្រោយ លោក ត្រាំ និងលោក ស៊ី ជីនពីង ប្រហែលជាអាចលើកសរសើរពីទំនាក់ទំនងរវាងមេដឹកនាំទាំង២ និងអំពាវនាវឱ្យរក្សាទំនាក់ទំនង ប្រកបដោយលក្ខណៈស្ថាបនា។
តែយ៉ាងណា ការធ្វើតេស្ដពិតប្រាកដលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងត្រូវបានបង្ហាញតាមរយៈអ្វីដែលបាន និងកំពុងកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច៕








