* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ណែនាំនិស្សិតដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online Scam

25-08-2026 22:50

(ភ្នំពេញ)៖ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០រូប ដឹកនាំដោយលោកខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។

ទេសរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមប្រកួតប្រជែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារង់ចាំជានិច្ចនូវវត្តមានវិលត្រឡប់របស់និស្សិតគ្រប់រូប ព្រមទាំងចំណេះជំនាញដើម្បីអភិវឌ្ឍប្រទេស។

ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ពស់ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលជាឱកាសមាសសម្រាប់និស្សិតក្នុងការក្រសោបយកចំណេះដឹង និងជំនាញទំនើបៗ យកមកកសាង និងអភិវឌ្ឍប្រទេសជាតិវិញនាពេលអនាគត។

ក្នុងនាមជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសរុស្ស៊ីក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីពីការរស់នៅ និងការសិក្សា ដើម្បីជាគន្លឹះ និងការត្រៀមខ្លួនទុកជាមុនដល់និស្សិតកម្ពុជា មុនពេលចេញទៅបន្តការសិក្សានៅទីនោះ។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំរៀនសូត្រទាំងភាសារុស្ស៊ី និងមុខវិជ្ជាឯកទេស ដោយត្រូវមានភាពអត់ធ្មត់ និងឆន្ទៈមោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ លើសពីនេះ ក្នុងនាមជាយុវជនទូតវប្បធម៌កម្ពុជា និស្សិតយើងត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាពរីកចម្រើនរបស់ប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ រួមទាំងត្រូវរក្សាសេចក្តីថ្លៃថ្នូរ វិន័យសីលធម៌ សាមគ្គីភាពជិតស្និទ្ធជាមួយនិស្សិតខ្មែរដូចគ្នា និងកសាងទំនាក់ទំនងល្អជាមួយប្រជាជនរុស្ស៊ី ព្រមទាំងត្រូវគោរពច្បាប់នៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងកិត្តិយសជាតិ»។

ឆ្លៀតក្នុងឱកាសនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាប និងលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។

សន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះជនពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) តាមរយៈការបង្កើតគណៈកម្មាការចំពោះកិច្ច (គ.ប.ឆ.ប) ការតាក់តែងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការពង្រឹងកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីលើនេះសន្តិបណ្ឌិត ក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ (https://ccos.gov.kh/km/)។ សន្និសីទនេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាការគំរាមកំហែងជាសកល។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមសន្តិបណ្ឌិត បានប្រាប់ដល់ក្រុមនិស្សិតថា កម្ពុជានៅតែរក្សាជំហរដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោល ខណៈដែលសហគមន៍អន្តរជាតិភាគច្រើន បាននឹងកំពុងមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាស្រាប់។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ដែលបានផ្ដល់អនុសាសន៍ និងចែករំលែកបទពិសោធដ៏មានតម្លៃ ដល់និស្សិតកម្ពុជាចំនួន ៤០រូប មុននឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ។
ជាមួយគ្នានេះ ពួកគេនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ ព្រមទាំងគោរពច្បាប់រុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។ ក្រៅពីការរក្សាសេចក្តីថ្លៃថ្លូរ និងសាមគ្គីភាពផ្ទៃក្នុង និស្សិតទាំងអស់សន្យាថានឹងបំពេញតួនាទីជា «ទូតសុឆន្ទៈ និងទូតវប្បធម៌» ដ៏ល្អ ដើម្បីផ្សព្វផ្សាយពីកិត្តិយស និងប្រពៃណីជាតិខ្មែរ ហើយត្រឡប់មកវិញដើម្បីចូលរួមអភិវឌ្ឍមាតុភូមិក្រោមកិច្ចខិតខំប្រឹងប្រែងកសាងជាតិ៕