ប្រធានគណៈបញ្ជាការឯកភាពស្រុកតាំងគោក ណែនាំឱ្យបន្តពង្រឹងការងារសន្តិសុខ និងយកចិត្តទុកដាក់លើសុខមាលភាពស្ត្រីមានផ្ទៃពោះក្នុងមូលដ្ឋាន

26-08-2026 11:14

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែ ដើម្បីពិនិត្យ រាយការណ៍ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត, ពិធីនេះដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក-លោកស្រី មេឃុំ ប្រធានមណ្ឌលសុខភាពទាំង៨ និងប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធជុំវិញស្រុក។

នៅក្នុងឱកាសនោះដែរលោកអធិការនគរបាលស្រុកតាំងគោក បានឡើងធ្វើរបាយការណ៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ជូនដល់អង្គប្រជុំទាំងមូល និងបានរំលេចយ៉ាងច្បាស់អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធផលនៃការចុះល្បាត ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្នុងដែនសមត្ថកិច្ចស្រុកនាពេលកន្លងមក។

បន្ទាប់ពីនេះលោក ញ៉ែម ពេញ ប្រធានការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ក៏បានឡើងមានមតិ និងរាយការណ៍អំពីការងារសុខាភិបាល ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចំពោះសុខមាលភាពមាតា និងទារក។ លោកបានស្នើឱ្យអាជ្ញាធរឃុំទាំងអស់ ចុះស្រង់ទិន្នន័យចំនួនស្ត្រីមានផ្ទៃពោះនៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ព្រមទាំងបន្តតាមដាន និងជំរុញលើកទឹកចិត្តឱ្យពួកគាត់ទៅទទួលសេវាពិនិត្យសុខភាព និងពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ នៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត។

ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានសម្តែងនូវការគោរព កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមណ្ឌលសុខភាព និងអាជ្ញាធរភូមិទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងល្អប្រសើរកន្លងមក ក្នុងការចុះយុទ្ធនាការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនឈាមនៅមូលដ្ឋាន។

លោក ហាក់ ម៉ុងហួត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានណែនាំ និងជំរុញបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តការងារសំខាន់ៗដូចជា ការងារសុខាភិបាល៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីការការពារ និងទប់ស្កាត់ការរីករាលដាលនៃ ជំងឺគ្រុនឈាម ព្រមទាំងបន្តចុះស្រង់ទិន្នន័យថែទាំសុខមាលភាពស្ត្រីមានផ្ទៃពោះ និងយកចិត្តទុកដាក់លើសុខមាលភាពស្ត្រីមានផ្ទៃពោះក្នុងមូលដ្ឋាន។

ការងារគ្រប់គ្រងដីធ្លី៖ ជំរុញឱ្យអាជ្ញាធរភូមិ-ឃុំ ចុះផ្សព្វផ្សាយជាបន្ទាន់ និងឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ អំពីដំណើរការនៃការប្រកាសចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងបានជំរុញដល់អាជ្ញាធរឃុំ និងភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យ និងសម្របសម្រួលចំពោះភូមិណាដែលត្រូវ ប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃកាលវិនិច្ឆ័យដីធ្លី ដើម្បីឱ្យប្រជាពលរដ្ឋបានទៅពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

បន្ថែមពីនេះជុំវិញការងារសន្តិសុខ និងសេវាសាធារណៈ លោក ហាក់ ម៉ុងហួត ក៏បានបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» បង្កើនល្បឿនក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗតាមរដូវកាលផងដែរ៕