លោកស្រីបណ្ឌិត ជា សិរី៖ វិស័យឯកជនក៏គួរយល់ឱ្យបានច្បាស់ពីគោលការណ៍ និងការព្រួយបារម្ភរបស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន ស្ថិរភាពហិរញ្ញវត្ថុ
26-08-2026 12:19
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ស្ថាប័នសាធារណៈត្រូវបន្តស្វែងយល់ ពីការវិវត្តនៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ខណៈវិស័យឯកជនក៏គួរយល់ឱ្យបានច្បាស់ ពីគោលការណ៍ និងការព្រួយបារម្ភរបស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន ស្ថិរភាពហិរញ្ញវត្ថុ។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងឱកាសលោកស្រីបណ្ឌិតបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំតុមូលស្តីពី «ការជំរុញការតភ្ជាប់ប្រព័ន្ធឌីជីថល៖ ការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ ជាមួយបណ្តាញហិរញ្ញវត្ថុសកល» ក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស្កិន នៃប្រទេសអ៊ូសបេគីស្ថាន។
លោកស្រីបណ្ឌិតទេសាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងការយល់គ្នាទៅវិញទៅមក និងកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន ដើម្បីឱ្យការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងការតភ្ជាប់ប្រព័ន្ធទូទាត់ អាចឆ្លើយតបបានទាំងតម្រូវការទីផ្សារ និងផលប្រយោជន៍សាធារណៈ។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា «ស្ថាប័នសាធារណៈត្រូវបន្តស្វែងយល់ ពីការវិវត្តនៃបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ខណៈវិស័យឯកជន ក៏គួរយល់ឱ្យបានច្បាស់ពីគោលការណ៍ និងការព្រួយបារម្ភរបស់និយ័តករ ជាពិសេសពាក់ព័ន្ធនឹងការការពារអតិថិជន ស្ថិរភាពហិរញ្ញវត្ថុ សុវត្ថិភាព និងភាពធន់នៃប្រព័ន្ធ»។
លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការប្រើប្រាស់ភាសាដែលងាយយល់ និងការសន្ទនាប្រកបដោយភាពបើក ចំហរវាងភាគីពាក់ព័ន្ធ ដើម្បីកសាងការយល់គ្នា និងស្វែងរកដំណោះស្រាយរួម។ ក្នុងបរិបទនេះ កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន នឹងកាន់តែមានសារៈសំខាន់ ដើម្បីធានាថា នវានុវត្តន៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា អាចដើរទន្ទឹមនឹងសុវត្ថិភាព ប្រសិទ្ធភាព និងផលប្រយោជន៍សាធារណៈ។
សូមជម្រាបថា អង្គប្រជុំបានពិភាក្សាអំពីតុល្យភាព រវាងការការពារទិន្នន័យជាតិ និងការបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដែលបើកចំហ មានភាពប្រកួតប្រជែង និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល៕








