វិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) ទទួលបានការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស ពីសមាគមគណនេយ្យករជំនាញ(ACCA)នៃចក្រភពអង់គ្លេស

26-08-2026 13:15

(ភ្នំពេញ)៖ វិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) ដែលជាគ្រឹះស្ថានអប់រំឈានមុខគេលើផ្នែកគណនេយ្យ ធុរកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា កាលពីពេលថ្មីៗនេះ ទទួលបាន ការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស GOLD Approved Learning Partner (ALP) ពី សមាគមគណនេយ្យករជំនាញ (ACCA) នៃចក្រភពអង់គ្លេស។

ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់ ដោយមានចូលរួមជាគណៈអធិបតីពី លោក ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអធិបតីភាពរបស់ លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ន.គ.ស.។ លើសពីនេះទៀតក៏មានវត្តមានរបស់ លោក នូវ រតនា នាយកការិយាល័យតំណាងសមាគមគណនេយ្យករជំនាញ ACCA ប្រចាំនៅប្រទេសកម្ពុជា និងឡាវ ទន្ទឹមនឹងនេះក៏មានវត្តមាន លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) អមជាមួយវត្តមាន លោក យិន សេកហុង នាយក នៃវិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ។ មិនតែប៉ុណ្ណោះក្នុងបរិកាសដ៏អធិកអធមមួយនេះក៏មានវត្តមានចូលរួមពីគណៈគ្រប់គ្រងសកលវិទ្យាល័យ វិទ្យាស្ថានសិក្សានិង ស្ថាប័នធំៗក្នុងវិស័យ គណនេយ្យហិរញ្ញវត្ថុនិងសវនាកម្មប្រចាំប្រទេសកម្ពុជា។

ការជួបជុំនារសៀលនេះពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានដោយឃើញពីវត្តមានរបស់ភ្ងៀវកិត្តិយសដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីអបអរសាទរនូវសមិទ្ធផលរបស់ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) នារាត្រីនេះ។ មិនតែប៉ុណ្ណោះក៏មានការទទួលទានបូជនីយអាហារដែលបានឆ្លុះបញ្ជាំងពីសកម្មភាពគាំទ្រ ជំរុញឱ្យមានសក្ដានុពល ហើយកម្មវិធីនេះមិនត្រឹមតែរៀបចំឡើងដើម្បីប្រកាសពីភាពជោគជ័យនៃការទទួលបានគុណវុឌ្ឍិ គុណភាពបណ្ដុះបណ្ដាលកម្រិតមាស GOLD Approved Learning Partner (ALP) របស់ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួបជុំគ្នាយ៉ាងសំខាន់រវាងតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថាប័ន ACCA និងដៃគូសហការក្នុងវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូក្នុងការលើកកម្ពស់ស្តង់ដារអប់រំនៅកម្ពុជា ទាំងនេះហើយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាយើងមានគោលដៅរួមមួយគឺ អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាអោយមានវិសាលភាពឈ្ពោះទៅមុខពីមួយកម្រិតឈានទៅមួយកម្រិតទៀត។

លោក ឡា វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរ និងមានមោទនភាពជាពន់ពេកចំពោះស្នាដៃនៃ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ដោយលោកបានបញ្ជាក់ថា៖ «ការទទួលបានការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស Approved Learning Partner - Gold ពី ACCA គឺជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ BSA ហើយក៏ជាការលើកកម្ពស់មុខមាត់នៃការអប់រំវិជ្ជាជីវៈគណនេយ្យ ធុរកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជាផងដែរ»។ លោកក៏បានបន្ថែមទៀតថា គ្រឹះស្ថានសិក្សាត្រូវតែរៀបចំការអប់រំដើម្បី «ឱ្យអ្នកសិក្សាអាចផ្លាស់ប្តូរពី «ចេះ» ទៅជា «អាចអនុវត្តបាន» និងពី «មានសញ្ញាបត្រ» ទៅជា «មានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ»

បន្ថែមពីនេះទៀត លោក ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសារអបអរសាទរចំពោះវិទ្យាស្ថានគណនេយ្យធុរកិច្ច ដោយបញ្ជាក់ថា៖ «ការទទួលបានការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស Approved Learning Partner – Gold ពី ACCA បង្ហាញថា គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា កំពុងឈានដល់ស្តង់ដារអន្តរជាតិ។ នេះមិនមែនជាសមិទ្ធផលរបស់វិទ្យាស្ថានតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលរួមរបស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា»

លោកបានបន្ថែមទៀតថា៖ «ក្នុងបរិបទនៃការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងការឈានទៅរកការអនុវត្តស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ តម្រូវការធនធានមនុស្សប្រកបដោយគុណវុឌ្ឍិលើជំនាញគណនេយ្យ និងសវនកម្ម កំពុងកើនឡើងជាលំដាប់»។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តដល់និស្សិត និងអ្នកជំនាញវ័យក្មេង ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គុណភាព និងតម្លាភាព ដោយបញ្ជាក់ថា៖ «វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ឈរលើមូលដ្ឋានទំនុកចិត្តជាសាធារណៈ ហើយទំនុកចិត្តនោះកសាងឡើងដោយក្រមសីលធម៌ និងគុណភាពការងារ»

ទន្ទឹមនឹងនេះ លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងវិទ្យាស្ថានគណនេយ្យធុរកិច្ច តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលវិទ្យាស្ថានបានចូលរួមផ្តល់វគ្គបណ្តុះបណ្តាលជូនស្ថាប័ន និងផ្គត់ផ្គង់ធនធានគ្រូបង្វឹកប្រកបដោយចំណេះដឹង និងគុណវុឌ្ឍិ សម្រាប់ពង្រឹងជំនាញ និងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យជាបន្តបន្ទាប់។

ជាចុងក្រោយ លោកបានជូនពរដល់វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ ឱ្យបន្តរក្សាបាននូវស្តង់ដារគុណភាពដែលបានសម្រេច ព្រមទាំងពង្រីកការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ លោក នូវ រតនា បានផ្ដល់នូវកិច្ចស្វាគមន៏និងមតិសំណេះសំណាលដ៏មានអត្ថន័យចំពោះ ភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួមជាអធិបតីភាពនារសៀលនេះ។ យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានលើកឡើងអំពីវិសាលភាពរបស់វិស័យគណនេយ្យនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលជាហេតុនាំឲ្យមានវត្តមាន សមាគមគណនេយ្យករជំនាញ (ACCA) នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារកម្រិតអន្តរជាតិ ជាមួយគ្នានេះផងដែរ អមជាមួយសកម្មភាពចម្បងរបស់ សមាគមន៏ ACCA វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ក៏ជាចំណែកមួយដែលបានចូលរួមក្នុងការផ្សព្វផ្សាយបណ្ដុះបណ្ដាល ចំណេះជំនាញ វិជ្ជាជីវៈ ស្របតាមតម្រូវការទីផ្សារការងារនាបរិបទសង្គមនាពេលបច្ចុប្បន្ន។ ប្រទេសកាន់តែជឿនលឿនទីផ្សារការងារកាន់តែប្រកួតប្រជែង ជាហេតុ BSA ធ្វើការសហការជាមួយ សមាគមគណនេយ្យករជំនាញ (ACCA) នៅកម្ពុជា និងបានពាំនាំកម្មវិធីសិក្សាកម្រិតអន្តរជាតិ ដើម្បីជម្រុញសក្តានុពលនៃធនធានមនុស្សក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតលោកបានមានប្រសាសន៏ កោតសរសើរមិនដាច់ពីមាត់ និងមានមោទនភាពយ៉ាងអនេកចំពោះវិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ដោយបានលើកឡើងថាវិទ្យាស្ថានមានបុគ្គលិកសុទ្ធសឹងតែមានសមត្ថភាពទាំងនៅវ័យក្មេង បើក្រឡេកទៅមើលសាស្ត្រាចារ្យនីមួយភាគច្រើនសុទ្ធតែមានសញ្ជាតិជាកូនខ្មែរ ពោរពេញទៅដោយចំណេះជំនាញនិងបទពិសោធន៏ ដែលបានចែករំលែកចំណេះដឹងនិងពង្រឹងសមត្ថភាពដល់កូនខ្មែរដែលនឹងក្លាយជាទំពាំងដ៏រឹងមាំ និងស្នងឬស្សីនាពេលអនាគត។ ទាំងនេះហើយជាមូលហេតុចម្បងដែលធ្វើឲ្យ BSA ទទួលបានការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស GOLD Approved Learning Partner (ALP) ហើយក៏ជាមូលហេតុដែលធ្វើឲ្យស្ថាប័ននានាមានទំនុកចិត្ត។ ដោយឃើញទស្សនៈវិស័យនិងសកម្មភាពរបស់ BSA កន្លងមក លោកសង្ឃឹមថា BSA និងអាចយក PLATINUM បានក្នុងពេលឆាប់ៗនេះដូចផែនការដែលបានគ្រោងទុក។ បន្ថែមពីលើនេះទៀតលោកក៏បានលើកឡើងពីកិច្ចសហការរវាងសកលវិទ្យាល័យប្រចាំខេត្តក្រុងនានាប្រចាំប្រទេសកម្ពុជា ជាពិសេសសកលវិទ្យាល័យអន្តរជាតិ ឌូវី ដែលសព្វថ្ងៃបានធ្វើសហប្រតិបត្តិការជាមួយវិទ្យាស្ថានធុរកិច្ចគណនេយ្យ (BSA) ដែលជាការបោះជំហានយ៉ាងសំខាន់ក្នុងការនាំយកកម្មវិធីសិក្សាបរិញ្ញាបត្រ គណនេយ្យអាជីព(BPA) ជូនដល់និស្សិតនៅក្នុងខេត្តបាត់ដំបង។ គួរឲ្យកត់សម្គាល់ដែលថា កម្មវិធីសិក្សានេះជាកម្មវិធីសិក្សាដែលទទួលស្គាល់ជាអន្តរជាតិ និងមានបញ្ជូលកម្មវិធី ACCA ក្នុងកម្មវិធីសិក្សាទាំងបួនឆ្នាំ។ មិនតែប៉ុណ្ណោះលោកក៏បានអំពាវនាវឲ្យសកលវិទ្យាល័យដែលបានចូលរួម ងាកមកមើលកម្មវិធីសិក្សា ACCA ព្រោះលោកជឿជាក់ថាកម្មវិធីសិក្សានេះមិនត្រឹមតែពង្រឹងសមត្ថភាពនិស្សិតក្នុងថ្នាក់ប៉ុណ្ណោះទេ តែក៏ជួយឲ្យនិស្សិតត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមខ្លួនចូលទីផ្សារការងារទាំងក្នុងស្ថាប័នជាតិនិងអន្តរជាតិ។ បន្ថែមពីលើនេះទៀតលោកក៏បានអំពាវនាវដល់ស្ថាប័ននានា ឲ្យជួយផ្សព្វផ្សាយនិងផ្ដល់ឱកាសការងារ ដល់និស្សិតដែលបានសិក្សាកម្មវិធី ACCA នៅតាមទីរួមខេត្តផងដែរ។

ស្របពេលជាមួយគ្នានេះដែរ លោក ឃុន ដារិទ្ធ បានផ្ដល់ជាប្រសាសន៏ស្វាគមន៏យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយសដែលបានអញ្ចើញចូលរួមជាវត្តមានក្នុងអង្គពិធីនៃការអបអរសាទរចំពោះភាពជោគជ័យរបស់ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA)លើការទទួលបាន ការទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលកម្រិតមាស GOLD Approved Learning Partner (ALP) ពីសមាគមគណនេយ្យករជំនាញ (ACCA) នៃចក្រភពអង់គ្លេស។ លើសពីនេះទៅទៀត លោកក៏បានសម្ដែងការកោតសរសើរយ៉ាងស្ញប់ស្ញែងចំពោះភាពជោគជ័យថ្មីនេះ ព្រោះទាំងអស់នេះបានបង្ហាញថា វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ជាកាតាលីករមួយយ៉ាងសំខាន់ជម្រុញវិស័យអប់រំផ្នែកគណនេយ្យនៅកម្ពុជាអាចឈានទៅដល់កម្រិតអន្តរជាតិ។

លោក យិន សេកហុង នាយកនៃវិទ្យាស្ថានគណនេយ្យធុរកិច្ច (BSA) បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះទស្សនៈវិស័យ និងផែនការនាពេលអនាគត ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបានបញ្ជាក់អំពីទិសដៅទៅមុខបន្ទាប់ទៀតរបស់វិទ្យាស្ថានថា៖ «យើងខ្ញុំសូមប្តេជ្ញាចិត្តថែរក្សាទំនុកចិត្តដ៏មានតម្លៃនេះ ដោយធានាផ្តល់ជូននូវគុណភាពអប់រំ និងបទពិសោធន៍សិក្សាដ៏ល្អបំផុត ដើម្បីជាស្ពានឆ្ពោះទៅរកគោលដៅបន្ទាប់ទៀត គឺការទទួលស្គាល់កម្រិត Platinum»

សមិទ្ធផលមួយនេះ សបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ប្រសិទ្ធិភាព និងការអប់រំស្របតាមស្តង់ដារអន្តរជាតិ នៃវិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ក្នុងការបណ្តុះបណ្តាលកម្មវិធីសិក្សា ACCA Global Qualification ។ មុននឹងទទួលបានលទ្ធផលគាប់ប្រសើរមួយនេះ វិទ្យាស្ថានបានឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់លើ គុណភាពនៃការបង្រៀន ដែលមានវត្តមានសាស្រ្តាចារ្យមានបទពិសោធន៍ និងជំនាញច្បាស់លាស់ អត្រាជោគជ័យរបស់សិស្សនីមួយៗដែលបានប្រឡងទទួលបានលំដាប់ពិន្ទុខ្ពស់រហូតដល់ ១០០% នៃស្តង់ដារអន្តរជាតិ ដែលជាមុខមាត់ថ្មីមួយទៀតក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតវិទ្យាស្ថានបានចូលរួមជ្រោមជ្រែងសិស្សានុសិស្សដោយសកម្មភាព ផ្តល់ជាសម្ភារៈសិក្សា ការប្រឹក្សាយោបល់ និងបរិយាកាសសិក្សាបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗស្របតាមស្តង់ដារដែលបានកំណត់។

តំណាងថ្នាក់ដឹកនាំ នៃវិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) សូមថ្លែងនូវសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងមានទំនុកចិត្តមកកាន់ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) រហូតសម្រេចបាននូវសមិទ្ធផលមួយនេះ។ សមិទ្ធផលមួយនេះ ឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មរបស់ វិទ្យាស្ថានគណនេយ្យធុរកិច្ច ប៊ី អេស អេ (BSA) ក្នុងការអភិវឌ្ឍធនធានមនុស្ស ផ្នែកគណនេយ្យ ធុរកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យស្របតាមស្តង់ដាអន្តរជាតិ៕