ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង គាំទ្រការផ្សព្វផ្សាយ «ម្រេចកំពត» និង «ផ្កាអំបិល» លើទីផ្សារកូរ៉េ
26-08-2026 14:40
(កូរ៉េ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងភរិយា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត ដឹកនាំដោយ លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
លោក ខៀវ រិទ្ធីភ័ណ្ឌ បានជម្រាបជូនលោកឯកអគ្គរាជទូត អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងខេត្តកំពតលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ។
លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលអញ្ជើញបំពេញបេសកកម្មនៅប្រទេសកូរ៉េ។ លោកបានជម្រាបជូនប្រតិភូអំពី ស្ថានភាពនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរក្នុងប្រទេសកូរ៉េផងដែរ។
លោកបានលើកឡើងថា ខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថាជាផលិតផល ដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពី សក្តានុពលទាំងនេះរបស់ខេត្តនៅប្រទេសកូរ៉េ ឱ្យបានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ៕










