កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scam ចំនួន២កន្លែង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនបរទេស២២នាក់

26-08-2026 14:54

(ស្វាយរៀង)៖ កម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ២កន្លែង នៅក្រុងបាវិត ដោយឃាត់ខ្លួនជនបរទេសចំនួន ២២នាក់និងវត្ថុតាងមួយចំនួនធំ។

នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងសង្ស័យចំនួន ២កន្លែង ស្ថិតក្នុងភូមិបាវិតលើ និងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផល នៃការចុះត្រួតពិនិត្យរដ្ឋបាលចំហទាំង ២ទីតាំង កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០១នាក់) ដែលមាន ២សញ្ជាតិ រួមមាន៖ ជនជាតិវៀតណាម ចំនួន ០២នាក់ (ស្រី ០១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជនជាតិចិន ចំនួន ២២នាក់ (ប្រុសទាំងអស់) ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៤ក្បាល និងគ្មានលិខិតឆ្លងដែនចំនួន ១៨នាក់។

ទីតាំងទាំង ២កន្លែង រួមមាន៖

*ទីតាំងទី១៖ ផ្ទះល្វែងនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត រកឃើញជនបរទេសស្នាក់នៅចំនួន ០២នាក់ (ស្រី ០១នាក់) ជនជាតិវៀតណាម និងពុំមានជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នោះឡើយ។
*ទីតាំងទី២៖ ស្ថិតនៅលើដីជួលមានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្នុងទីតាំងនេះ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ២២នាក់ (ប្រុសទាំងអស់) ស្នាក់នៅ និងសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

សម្ភារ និងវត្ថុតាងដែលដកហូតបាននៅទីតាំងទី២ រួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន ០៧គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ២៦គ្រឿង, រថយន្ត ០១គ្រឿង ម៉ាក Honda CR-V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1936 ន៨ងលិខិតឆ្លងដែនចំនួន ០៤ក្បាល។

បច្ចុប្បន្ន ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេច បិទទីតាំងសង្ស័យខាងលើជាបណ្តោះអាសន្ន ព្រមទាំងបានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទាំង ២២នាក់ រួមជាមួយសម្ភារអេឡិចត្រូនិក និងវត្ថុតាងពាក់ព័ន្ធទាំងអស់ ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕