* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កុមារាភ្លោះពីរនាក់ អាយុ១៣ឆ្នាំ លង់ទឹកស្លាប់ក្នុងពេលតែមួយ នៅស្រុកស្អាង ខេត្តកណ្តាល

26-08-2026 16:21

(កណ្តាល)៖ កុមារាជាបងប្អូនភ្លោះបង្កើតនឹងគ្នា អាយុ១៣ឆ្នាំ បានលង់ទឹកស្លាប់យ៉ាងសោកសៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបឹងព្រែកចិន ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងអ្នកភូមិ។

ជនរងគ្រោះទាំងពីរនាក់ជាសិស្ស និងមានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុ។ តាមការបំភ្លឺពីលោកស្រី ហឿង សុខខៃ អាយុ៤០ឆ្នាំ ដែលត្រូវជាម្តាយ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បាននាំកូនប្រុសទាំង៣នាក់ ទៅលេងទឹកនៅដីចំការព្រែកចិន ដែលមានជម្រៅត្រឹមចង្កេះ។

ខណៈពេលដែលគាត់រវល់មើលកូនប្រុសម្នាក់ទៀត ស្រាប់តែងាកមករកកូនប្រុសភ្លោះទាំងពីរ ក៏បាត់មិនឃើញ។ ទោះខំស្រែកហៅក៏មិនឮឆ្លើយតប រួចម្តាយក៏បានទៅរាវរកត្រង់កន្លែងដែលកូនលេងទឹកនោះ ក៏បានប៉ះកូនប្រុសម្នាក់ ហើយក៏ស្រង់កូនឡើងលើគោក។

បន្ទាប់មក លោកស្រីក៏បានរត់ទៅហៅប្តីនៅឯភូមិ និងអ្នកជិតខាងមកជួយរាវរកកូនប្រុសម្នាក់ទៀត។ ក្រោយពីរាវរកឃើញហើយ ក៏លើកកូនទាំងពីរដាក់លើម៉ូតូផាស់អាប់ ដឹកបញ្ជូនទៅមណ្ឌលសុខភាព ហើយក្រុមលោកគ្រូពេទ្យក៏បានជួយបញ្ជូនបន្តទៅមន្ទីរពេទ្យស្រុកកោះធំ។

ជាអកុសល ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនភ្លោះទាំងពីរនាក់បានស្លាប់បាត់ទៅហើយ។ ក្រោយមក ម្តាយក៏បានស្នើសុំឱ្យរថយន្តពេទ្យដឹកសពកូនទាំងពីរមកលំនៅឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ហេតុការណ៍នេះជាមេរៀនមួយសម្រាប់មាតាបិតាគ្រប់រូប ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗនៅពេលលេងទឹក ដើម្បីចៀសវាងនូវសោកនាដកម្មដែលមិនគួរកើតមានឡើង៕