អ្នកឧកញ៉ា សៀង ណាំ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ

26-08-2026 16:37

(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋទូទៅ។ ហើយការកសាងរបង ខ្លោងទ្វារ និងផ្លូវថ្នល់ ដើម្បីកំណត់ព្រំប្រទល់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងងាយស្រួលក្នុងការធ្វើដំណើរក្នុងវត្តផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់អ្នកឧកញ៉ា សៀង ណាំ នៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុកគ្រឹះសាងសង់ខ្លោងទ្វារវត្តប្រាសាទគោកចក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ដែលក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ អាចារ្យ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យយកមកកសាងខ្លោងទ្វារវត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ពុទ្ធបរិស័ទចេញចូលក្នុងវត្ត។

អ្នកឧកញ៉ា បន្តថា វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរ ជាកន្លែងអប់រំមនុស្សឲ្យធ្វើល្អ និងជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ ព្រមទាំងបច្ចេកទេសរបស់ជាតិ។ ទីវត្តអារាម មិនត្រឹមតែជាកន្លែងសក្ការបូជា និងជាបង្អែកខាងផ្លូវចិត្តរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រកនៃការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ អក្សរសាស្ត្រ និងសីលធម៌សង្គមដ៏សំខាន់ផងដែរ។

អ្នកឧកញ៉ា បានបន្តថា ការរីកចម្រើនផ្នែកពុទ្ធចក្រ មិនអាចកាត់ផ្ដាច់ចេញពីការរីកចម្រើនផ្នែកអាណាចក្របានឡើយ។ ក្រោមម្លប់នៃ សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិ មានឱកាសពេញលេញក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងផងដែរ។

អ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងអំពាវនាវដល់ពុទ្ធបរិស័ទ លោកតា លោកយាយទាំងអស់ មេត្តាជួយថែរក្សា ការពារសមិទ្ធផល ដែលយើងបានកសាងនៅថ្ងៃនេះ ឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ និងសូមបន្តរួបរួមគ្នារក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីភាពសុខសាន្តនៅក្នុងសហគមន៍របស់យើង។

គ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ដោយសារការកសាងសមិទ្ធផលធំៗ ត្រូវចំណាយថវិកាច្រើន ដែលបុគ្គលម្នាក់ៗមិនអាចធ្វើទៅរួច ដូច្នេះត្រូវបង្កើតបុណ្យផ្កានេះឡើង ដើម្បីឱ្យអ្នកមានសទ្ធាជ្រះថ្លាអាចចូលរួមម្នាក់បន្តិចៗតាមកម្លាំងសទ្ធា រហូតបានជាទឹកប្រាក់ច្រើនដើម្បីសម្រេចការងាររួម។

គ្រូវិចិត្រវង្សា មានថេរដីកាបន្តថា តាមជំនឿព្រះពុទ្ធសាសនាខ្មែរយើងជឿថា ការបរិច្ចាគទ្រព្យធន ដើម្បីប្រយោជន៍រួម និងប្រយោជន៍សាសនា គឺជាការសន្សំកុសលផលបុណ្យសម្រាប់ជាតិមុខ ព្រមទាំងដើម្បីសេចក្ដីសុខក្នុងជាតិកាលនេះ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គី គឺជាយន្តការនៃការចែករំលែក ការរួមរួមកម្លាំងគ្នារបស់ប្រជាជនខ្មែរ ដើម្បីអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យសាសនា។

គ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបញ្ជាក់ថា ខ្លោងទ្វារនេះ គឺមានទទឹងប្រវែង ១០.៥០ម៉ែត្រ និងកម្ពស់១១.៥០ម៉ែត្រ ដែលគ្រោងនិងចំណាយថវិកាសរុបចំនួន ៣៦,០០០ដុល្លារ (បីម៉ឺនប្រាំមួយពាន់ដុល្លារសហរដ្ឋអាមេរិក)។

នៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី និងបុកគ្រឹះសាងសង់ខ្លោងទ្វារនេះដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមជាមួយនិងមន្ត្រីរាជការ នៃសាលាខេត្តសៀមរាប បាននាំយកនូវថវិការបស់រដ្ឋបាលខេត្តចំនួន ៨,៥០០,០០០ រៀល ប្រគេនជូនដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីចូលរួមក្នុងការកសាងខ្លោងទ្វារវត្ត។

ជាមួយនេះដែរ លោក ឌី រ៉ាដូ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លារួមចំណែកក្នុងការកសាងខ្លោងទ្វារ ក៏ដូចជាសមិទ្ធនានាក្នុងវត្តដើម្បីជួយលើកកម្ពស់សោភ័ណភាពវត្តអារាម និងរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនរុងរឿងផងដែរ៕