និយ័តករបរធនបាលកិច្ច សហការជាមួយវិភាគទានច្បាប់ រៀបចំសិក្ខាសាលាស្តីពី សន្តតិកម្ម និងលិខិតបរធនបាលកិច្ច
26-08-2026 17:42
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច បានសហការជាមួយវិភាគទានច្បាប់ រៀបចំសិក្ខាសាលាស្តីពី សន្តតិកម្ម និងលិខិតបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងលោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកនៃវិភាគទានច្បាប់ ដោយក្នុងនោះ មានលោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច នៃ ន.ប.ធ. ចូលរួមជាវាគ្មិន ជាមួយតំណាងវិភាគទានច្បាប់ជាច្រើនរូបទៀត។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ ន.ប.ធ. និងវិភាគទានច្បាប់ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ផ្តោតលើមូលបទសំខាន់ៗចំនួន ៤ រួមមាន៖ មូលបទទី១៖ ប្រព័ន្ធសន្តតិកម្ម និងប្រព័ន្ធបរធនបាលកិច្ច (Succession and Trust), មូលបទទី២៖ លិខិតបរធនបាលកិច្ច និងមតកសាសន៍ (Trust Deed and Will), មូលបទទី៣៖ ការអនុវត្តបទប្បញ្ញត្តិស្តីពីសន្តតិកម្មចំពោះទ្រព្យសម្បត្តិបរធនបាលកិច្ច (Application of Succession Rules toward Trust Fund) និង មូលបទទី៤៖ យន្តការនៃការជម្រះបញ្ជី៖ បរធនបាលកិច្ច និងសន្តតិកម្ម (Liquidation Process: Trust and Succession)។
សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ និងពង្រីកការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅលើយន្តការបរធនបាលកិច្ច ជាពិសេសបរធនបាលកិច្ចបុគ្គល ដែលមានទំនាក់ទំនងជាមួយនឹងរបបសន្តតិកម្ម។ ក្នុងនោះ សិក្ខាសាលាក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងស្វែងយល់បន្ថែមអំពីការគ្រប់គ្រង ចាត់ចែង និងថែរក្សាទ្រព្យសម្បត្តិបរធនបាលកិច្ចតាមច្បាប់ស្តីពីបរធនបាលកិច្ច និងការបែងចែកទ្រព្យក្នុងសន្តតិកម្មតាមក្រមរដ្ឋប្បវេណីផងដែរ។
សិក្ខាសាលានេះ មានការចូលរួមពី និស្សិតច្បាប់ អ្នកវិជ្ជាជីវៈច្បាប់ សាធារណជន និងសិស្សនិស្សិតជាសមាជិកវិភាគទាន សរុបប្រមាណ ២៧០ នាក់៕



























