គ្រោះទឹកជំនន់ភ្លាមៗ និងបាក់ដីយ៉ាងធ្ងន់ធ្ងរនៅព្រំដែននេប៉ាល់-ទីបេ សម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងបាត់ខ្លួនភ្ញៀវទេសចររាប់រយនាក់ (Video inside)

26-08-2026 19:59

(កាតម៉ាន់ឌូ)៖ គ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីភក់យ៉ាងធ្ងន់ធ្ងរបានវាយប្រហារតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ រវាងប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិន នៅថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ៩នាក់ និងបណ្តាលឱ្យភ្ញៀវទេសចររាប់រយនាក់កំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ហេតុការណ៍គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីផ្ទាំងថ្ម និងភក់ដ៏ធំសម្បើមបានបាក់ស្រុតចូលទៅក្នុងទន្លេមួយនៅតំបន់ព្រំដែន ដែលបានបង្កជាទឹករលកជំនន់ដ៏កំណាចហូរបោកបក់យ៉ាងគំហុកចូលទៅក្នុងទឹកដីនៃប្រទេសនេប៉ាល់។ វីដេអូដែលត្រូវបានផ្ទៀងផ្ទាត់នៅលើបណ្តាញសង្គម បានបង្ហាញពីទិដ្ឋភាពមនុស្សរាប់សិបនាក់ត្រូវបានទឹកហូរកួចយកទៅនៅតំបន់ព្រំដែន ខណៈដែលផ្ទះសម្បែង ផ្លូវថ្នល់ និងគម្រោងរោងចក្រវារីអគ្គិសនីជាច្រើនត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

អាជ្ញាធរនៃប្រទេសទាំងពីរបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងថា ចំនួនអ្នកស្លាប់ និងរងរបួសអាចនឹងកើនឡើងខ្ពស់ជាងនេះ ខណៈដែលមន្ត្រីប្រចាំតំបន់ទីបេបានបញ្ជាក់ថា ពួកគេបារម្ភពី «ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន» និងមានមនុស្សមួយចំនួនកំពុងបាត់ខ្លួននៅក្នុងស្រុក Gyirong បន្ទាប់ពីការបាក់ដីបានវាយប្រហារលើច្រកទ្វារព្រំដែនគោក។

គួរបញ្ជាក់ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើងជាបន្ទាន់នៅតាមតំបន់ព្រំដែនជួរភ្នំ ខណៈដែលស្ថានភាពគ្រោះមហន្តរាយនៅតែបន្តវិវត្តយ៉ាងស្មុគស្មាញ និងបង្កការគំរាមកំហែងដល់ពលរដ្ឋក្នុងតំបន់៕