ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ណែនាំភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams, ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដ៏សំខាន់ដល់សមត្ថកិច្ច

26-08-2026 20:36

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដរាយការណ៍ករណីសង្ស័យទីតាំងប្រព្រឹត្តបទល្មើស Online Scams ទៅកាន់សមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋាន និងមិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមទីតាំងដែលខ្លួនទទួលខុសត្រូវដាច់ខាត។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៩ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្តិសុខឯកជន គឺជាកម្លាំងដ៏សំខាន់ ក៏ជាមួយកម្លាំងមួយដ៏មានតម្លៃ ក្នុងការចូលរួមការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនអ្នកវិនិយោគ ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដូចពាក្យថា «មានសន្តិសុខ សុវត្ថិភាពល្អ គឺអ្នកសម្រានលក់ស្រួល»។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ប្រសិនបើមានភ្នាក់ងារសន្តិសុខឯកជន ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អប្រើសើរហើយ ប្រជាពលរដ្ឋ ឬអ្នកវិនិយោគ មិនភិតភ័យ ឬមានហានិភ័យ ណាមួយដែលប៉ះពាល់សន្តិសុខ សុវត្ថិភាពរបស់ទាំងអស់គ្នា ហើយក៏បានសម្រាលនូវកិច្ចការងាររបស់សមត្ថកិច្ចនគរបាលមួយចំនួនផងដែរ។

ក្នុងន័យនេះ លោកប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្នើឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព និងសមត្ថភាព ភ្នាក់ងារសន្តិសុខឯកជន ដូចខាងក្រោម៖

* ខិតខំបំប៉នជំនាញ ឬចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកទទួលការបណ្តុះបណ្តាល ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព
* ត្រូវត្រួតពិនិត្យឲ្យបានម្មត់ចត់ ដល់បុគ្គលិកលក្ខណៈសម្បត្តិ ឬជីវប្រវត្តរបស់អ្នក ស្នើសុំចូលបម្រើជាភ្នាក់ងារសន្តិសុខឯកជន
* ត្រូវផ្តល់អាទិភាពខ្ពស់ជូននគរបាល ឬយោធិន ដែលបានចូលនិវត្តន៍ ឱ្យបម្រើការងារភ្នាក់ងារសន្តិសុខឯកជន ឬផ្តល់ប្រាក់ខែខ្ពស់ ឬមុខតំណែងខ្ពស់ ព្រោះថានគរបាល ឬយោធិន ធ្លាប់បានហ្វឹកហាត់កាយសម្បទា មានចំណេះដឹងខ្ពស់ លើកិច្ចការងារការពារ សន្តិសុខសុវត្ថិភាព បានយ៉ាងស្ទាត់ជំនាញ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា វិស័យសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល និងជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ក្នុងរយៈពេល២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទទួលបានចំណេះដឹងជាច្រើន ដែលសិក្ខាកាមបាននិងកំពុងជួបប្រទះកន្លងមក ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួន បម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន និងមានក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន។ លោកលើកទឹកចិត្តឲ្យយកចំណេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តទៅដល់មិត្តរួមការងារ ក្រុមគ្រួសារ មិត្តភ័ក្ក ឲ្យយល់ដឹងអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវិត និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមចំណែក អនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕