វិភាគអន្តរជាតិ៖ ដាក់ទណ្ឌកម្មអ៉ីរ៉ង់ អាស្រ័យលើអាមេរិកហ៊ានដាក់ទណ្ឌកម្មចិន ឬអត់?
26-08-2026 20:45
(វ៉ាស៊ីនតោន)៖ ការគំរាមរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក្នុងការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានប្រឆាំងនឹងអ៉ីរ៉ង់ បាន និងកំពុងរុញច្រានឱ្យសហរដ្ឋអាមេរិកស្ថិតក្នុងទិសដៅឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាជាមួយចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៉ីរ៉ង់។ ក៏ប៉ុន្តែ ការប៉ះទង្គិចគ្នាជាមួយចិនអាចកើតឡើងទៅបាន លុះត្រាតែលោក Bessent ពិតជាអនុវត្តតាមការគំរាមរបស់លោក ដូណាល់ ត្រាំ ដោយមិនខ្វល់ពីអ្វីទាំងអស់។ មនុស្សភាគច្រើននៅតែមានការសង្ស័យថាលោក Bessent ពិតជាធ្វើបែបនេះមែន ឬយ៉ាងណាទេ? ជាពិសេសនៅពេលមានជាប់ពាក់ព័ន្ធនឹងចិន ជាអ្នកទិញ៩០ភាគរយនៃប្រេងដែលអ៉ីរ៉ង់នាំចេញ ក្នុងបរិបទទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមរក្សាបទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយប៉េកាំង និងដើម្បីបញ្ចៀសផលវិបាកធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចពិភពលោក។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក Bessent បានសន្យាថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំដៅបិទខ្ទប់ប្រភពចំណូលរបស់អ៉ីរ៉ង់ នៅជុំវិញពិភពលោក ក្នុងពេលតែមួយដែលលោក ត្រាំ កំពុងព្យាយាមបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ដែលលោកផ្ទាល់ជាអ្នកបង្កឡើងជាមួយអ៉ីស្រាអែល។ លោក Bessent បានប្រកាសពីការដាក់ទណ្ឌកម្មលើក្រុមហ៊ុន បុគ្គល និងកប៉ាល់ពាណិជ្ជកម្មមួយចំនួនជាងសង្ស័យថាជួយ លាងលុយរបស់អ៉ីរ៉ង់។ ប៉ុន្តែអ្វីដែលគេតាមដានបំផុតនៅពេលលោកធ្វើសន្និសីទសារព័ត៌មាន នោះគឺការគំរាមដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណាដែលជួយ ឬបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។
ជាការឆ្លើយតបទៅនឹងការគំរាមរបស់លោក Bessent ចិនបានចេញមុខការពារកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអ៉ីរ៉ង់។ នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានព្រមានពីលទ្ធភាពនៃការសងសឹករបស់ប៉េកាំងប្រឆាំងនឹងចំណាត់ការថ្មីរបស់វ៉ាស៊ីនតោន។ លោក Lin Jian បាននិយាយថាកិច្ចសហប្រតិបត្តិការរបស់ប៉េកាំងជាមួយអ៉ីរ៉ង់ តែងតែធ្វើឡើងនៅក្នុងក្របខណ្ឌអន្តរជាតិ ហើយថាកិច្ចសហប្រតិបត្តិការបែបនេះមិនគួរត្រូវបានលូកលាន់ ឬក៏ត្រូវបានបំផ្លាញនោះទេ។ លោកបន្ថែមថាចិននឹងតាមដានយ៉ាងយកចិត្តទុកលើការវិវត្តស្ថានការណ៍ពាក់ព័ន្ធ ក៏ដូចជានឹងចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់។
ចិនជាម៉ូយទិញប្រេងដ៏ធំបំផុតពីអ៉ីរ៉ង់ និងត្រូវបានគេចាត់ទុកថាជាដំណរភ្ជាប់មួយទៅកាន់សេដ្ឋកិច្ចពិភពលោកសម្រាប់តេហេរ៉ង់។ បានន័យថារាល់កិច្ចប្រឹងប្រែងពិតប្រាកដណាមួយដើម្បីកាត់ផ្ដាច់ប្រភពចំណូល ឬការខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់នឹងក្លាយជារឿងដ៏លំបាក ប្រសិនបើសហរដ្ឋអាមេរិកមិនកំណត់គោលដៅលើក្រុមហ៊ុនចិនទេនោះ។ លោក ត្រាំ កន្លងមកក៏ធ្លាប់បានគំរាមដែរថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម លើប្រទេស ឬក្រុមហ៊ុនណាដែលទិញប្រេងពីអ៉ីរ៉ង់។ តែមកទល់នឹងពេលនេះ លោក ត្រាំមិនទាន់ធ្វើតាមការគំរាមនេះនៅឡើយទេ។
ការប្រកាសដាក់ចេញវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ កើតមានឡើងចំពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក មិនអាចបង្ខំ ឱ្យអ៉ីរ៉ង់ចុះញ៉ម និងទទួលយកលក្ខខណ្ឌរបស់លោក ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត ៦ខែមកនេះ។ បើតាមក្រុមអ្នកវិភាគ យុទ្ធនាការដាក់ទណ្ឌកម្មរបស់រដ្ឋបាលលោក ត្រាំ ប្រហែលជានឹងមិនអាចបង្កផលវិបាកធ្ងន់ធ្ងរដល់អ៉ីរ៉ង់ឡើយ ប្រសិនបើមិនមានការចូលរួមពី ចិន ហើយការដាក់ទណ្ឌកម្ម ឬការកំណត់គោលដៅលើក្រុមហ៊ុនចិន អាចនឹងជំរុញឱ្យប៉េកាំងចាត់វិធានការសងសឹកវិញ ដែលអាចនឹងបង្ក ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដូចដែលគេធ្លាប់បានឃើញរួចហើយក្នុងសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ជាមួយចិននាពេលកន្លងមក។
ម្យ៉ាងវិញទៀត ការដាក់ទណ្ឌកម្មប្រឆាំងនឹងប៉េកាំងក្នុងពេលបច្ចុប្បន្ន អាចនឹងបង្កភាពតានតឹងសាជាថ្មីក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ខណៈសល់ពេលប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះនៅមុនកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងគ្រោងនឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន នៅខែកញ្ញាខាងមុខ។ នៅពេលត្រូវបានសាកសួរចំៗអំពីការដាក់ទណ្ឌកម្មថ្មីៗលើចិនកាលពីថ្ងៃទី២៤ ខែសីហា លោក Bessent បាននិយាយថា «គ្មាននរណាម្នាក់អាចគេចផុតពីវិសាលភាពនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានឡើយ។ ប៉ុន្តែលោកបានអះអាងថាលោកពេញចិត្តចំពោះការចរចាស្ងាត់ៗ ហើយថារូបលោកនឹងមិនបញ្ចេញឈ្មោះបុគ្គល ឬក្រុមហ៊ុនដែលអាចត្រូវបានកំណត់គោលដៅត្រូវដាក់ទណ្ឌកម្មនោះទេ។ «លោក Bessent បានគេចវេះឆ្លើយសំណួរមួយចំនួនធំពាក់ព័ន្ធនឹងចិន ប្រហែលជាដើម្បីកុំឱ្យខូចដល់គម្រោងនៃការរៀបចំកិច្ចប្រជុំកំពូលនៅខែក្រោយ។ ប៉ុន្តែ ការធ្វើបែបនេះអាចនឹងក្លាយជាការបញ្ជូនសារមួយទៅកាន់ប៉េកាំងថាវ៉ាស៊ីនតោននៅតែមានការស្ទាក់ស្ទើរ ឬមិនហ៊ានដាក់ទណ្ឌកម្មពិតប្រាកដប្រឆាំងនឹងចិនទេ»។ នេះជាការយល់ឃើញរបស់លោក Craig Singleton ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Foundation for Defense of Democracies មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។
ចិនបានចាត់ទុកជាយូរមកហើយថាការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ជាទង្វើខុសច្បាប់។ កាលពីខែឧសភាកន្លងទៅ ចិនបានបង្គាប់ឱ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុកទាំងអស់មិនត្រូវអនុវត្តតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងចំនួន៥ ខណៈធនាគារចិនធំៗ ត្រូវកៀបជាប់នៅចំកណ្ដាលរវាងការអនុវត្តតាមបទបញ្ជារបស់ប៉េកាំង និងហានិភ័យបាត់បង់សិទ្ធិចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។
លោក Michael Sobolik ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Hudson យល់ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាដាក់ទណ្ឌកម្មលើចិនដោយប្រាកដប្រជាពិតមែន ជាមួយការកំណត់គោលដៅលើធនាគារចិនណាមួយ នោះប៉េកាំងអាចនឹងមិនត្រឹមតែចាត់ទុកវាជាការបង្កអស្ថិរភាព និងជាការប្រមាថប៉ុណ្ណោះទេ ប៉ុន្តែចិនក៏អាចនឹងចាត់ទុកវាជាការបំពានលើបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលត្រូវបានឈានដល់រវាងលោក ត្រាំ និងលោក ស៊ី ជីនពីងផងដែរ។ លោកបន្ថែមថាបើរឿងបែបនេះកើតឡើងមែន ចិននឹងចាត់វិធានការសងសឹកក្នុងទម្រង់មួយដែលអាចវាយឱ្យខ្លាំងលើសេដ្ឋកិច្ចអាមេរិក ក្នុងនោះរួមមានទាំងរឹតបន្តឹងបន្ថែមលើការនាំចេញរ៉ែកម្រ។
យុទ្ធនាការដាក់ទណ្ឌកម្មរបស់លោក Bessent អាចនឹងបង្កើនហានិភ័យបន្ថែមលើបញ្ហាសេដ្ឋកិច្ចដែលកំពុងកើតមានស្រាប់ដោយសារតែ សង្រ្គាមជាមួយអ៉ីរ៉ង់ ក្នុងនោះរួមមានដូចជាអតិផរណា និងការឡើងថ្លៃប្រេង។ លោក Bessent បានទទួលស្គាល់ពីហានិភ័យនៃការចាត់វិធានការខ្លាំងជ្រុលពេក ជាមួយការសង្កត់ធ្ងន់ថារដ្ឋបាលលោក ត្រាំ ជាដំបូងចង់ផ្ដល់ឱកាសដល់បណ្ដាប្រទេស និងក្រុមហ៊ុនកាត់ផ្ដាច់ទំនាក់ទំនង របស់ពួកគេជាមួយអ៉ីរ៉ង់ ដើម្បីបញ្ចៀសការជាប់ទណ្ឌកម្មដែលផលវិបាកអាចនឹងរាលដាលទៅកាន់ទីផ្សារពិភពលោក។ «យើងកំពុងផ្ដល់ឱកាសឱ្យអ្នករាល់គ្នាដើម្បីកែតម្រូវអកប្បកិរិយាមិនល្អ ហើយខ្ញុំមិនចង់ឱ្យការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបង្កអស្ថិរភាពដល់ប្រព័ន្ធហិរញ្ញវត្ថុសកលនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោក Bessent។
គួរបញ្ជាក់ថា រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានប្រឈមមុខនឹងបញ្ហាប្រឈមដូចដែលរដ្ឋបាលលោក ត្រាំ កំពុងប្រឈមផងដែរ បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែន កាលពីឆ្នាំ២០២២។ នៅពេលនោះ រដ្ឋបាលលោក បៃដិន បានបង្កើតក្រុមចម្រុះមួយមានការចូលរួមច្រើនជាង ៣០ប្រទេស ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី ក្នុងនោះរួមមានទាំងការបង្កទ្រព្យសម្បត្តិរុស្ស៉ី ការកាត់ផ្ដាច់រុស្ស៉ីចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល និងការរឹតត្បិតផ្នែកបច្ចេកវិទ្យា។
វិធានការដាក់ទណ្ឌកម្មទាំងនោះពិតជាបានបង្កផលវិបាកធ្ងន់ធ្ងរ តែមិនអាចធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៉ីដួលរលំនោះទេ។ ផ្ទុយទៅវិញ រុស្ស៉ីបានរៀនសម្របខ្លួនរស់នៅជាមួយការដាក់ទណ្ឌកម្មពីលោកខាងលិច តាមរយៈការបង្កើនការធ្វើពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដទៃ រួមមានទាំងចិន និងឥណ្ឌា ខណៈផលប៉ះពាល់បង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័ន ព្រមទាំងស្បៀងអាហារឡើងថ្លៃដែលនេះបង្កប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកសំដៅកាត់ផ្ដាច់ចំណូលរបស់រុស្ស៉ីបានមកពីការលក់ប្រេង និងឧស្ម័ន ត្រូវប្រឈមនឹងផលវិបាកយ៉ាងខ្លាំង។ ដ្បិត នៅម្ខាង អាមេរិកត្រូវទប់កុំឱ្យការដាក់ទណ្ឌកម្មធ្វើឱ្យប្រេងឡើងថ្លៃ ដែលអាចធ្វើឱ្យចំណូលរបស់រុស្ស៉ីកើនឡើងពីការបន្តការលក់ប្រេងចេញ ខណៈការព្រមព្រៀងរវាងបណ្ដាប្រទេសលោកខាងលិចក្នុងការកំណត់តម្លៃប្រេងនៅតែមិនទាន់អាចជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
បើតាមលោក Vali Nasr ជាសាស្ត្រាចារ្យម្នាក់មកពី Johns Hopkins School of Advanced International Studies និងជាអតីតទីប្រឹក្សាក្រសួងការបរទេសអាមេរិក ការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងបណ្ដាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ មិនត្រឹមតែអាចនឹងពង្រីកជម្លោះពាណិជ្ជកម្មដែលបង្កការខូចខាតសេដ្ឋកិច្ចដល់ចិនប៉ុណ្ណោះទេ តែក៏អាចបង្កការខូចខាតសេដ្ឋកិច្ចដល់ឥណ្ឌា តួកគីយ៉េ និងបណ្ដាប្រទេសនៅទូទាំងតំបន់ឈូងសមុទ្រពែក្សផងដែរ។ ក្នុងន័យនេះវាហាក់ដូចជាលោក ត្រាំ កំពុងពង្រីកសង្រ្គាមជាមួយអ៉ីរ៉ង់ ទៅជាសង្រ្គាមធំមួយទៀតរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក៕








