* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធាន គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ បច្ចុប្បន្នភាព ឬកែតម្រូវទិន្នន័យ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ (Video inside)

26-08-2026 20:51

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទប្រធានគ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត ឬអ្នកដែលផ្លាស់ប្តូរលំនៅឋាន ក៏ដូចជាអ្នកដែលមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ ឬអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ឬ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សូមអញ្ជើញទៅចុះឈ្មោះ កែតម្រូវ ឬធ្វើបច្ចុប្បន្នភាពចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ ឬភូមិមួយចំនួន។
ការលើកឡើងរបស់ លោក ប្រាជ្ញ ចន្ទធ្វើឡើងក្នុងពិធីបិទវគ្គវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។

ថ្លែងក្នុងពិធីបិទវគ្គនោះ លោកប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញទាំងអស់ដែលបានសហការគ្នាយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង។ ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងថ្មីៗ និងមានការយល់ដឹងច្បាស់លាស់បន្ថែមទៀត អំពីការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានល្អប្រសើរ ដែលជាសញ្ញាណវិជ្ជមានសម្រាប់មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ និងអនុវត្តបន្តនៅតាមរាជធានី ខេត្តនាពេលខាងមុខ។

លោកបានបន្តថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតតាមការកំណត់នៃច្បាប់។ ហេតុនេះ គ.ជ.ប បានកំណត់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។ ក្នុងនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងមានរយៈពេល ៥៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណើរការនេះមានសារៈសំខាន់ណាស់ក្នុងការធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់បំផុត ក្នុងចំណោមដំណាក់កាលទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ពីព្រោះបញ្ជីបោះឆ្នោតបានផ្តល់មុខងារសំខាន់ ២ ដល់អាជ្ញាធរបោះឆ្នោត គឺការផ្ទៀងផ្ទាត់សុពលភាពនៃអ្នកបោះឆ្នោត និងការត្រួតពិនិត្យភាពស្របច្បាប់នៃការបោះឆ្នោត។ នៅប្រទេសកម្ពុជា ដំណើរការនៃការបោះឆ្នោតត្រូវបានចែកជា ៤ ដំណាក់កាលសំខាន់ៗ គឺ ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដំណាក់កាលឃោសនាបោះឆ្នោត និងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងទៀតថា បន្ទាប់ពី គ.ជ.ប បង្កើតឡើងនៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវអនុវត្តដោយដៃតាមឃុំ សង្កាត់ រួចបញ្ជូនឯកសារមកបញ្ចូលទិន្នន័យ និងរៀបចំជាបញ្ជីបោះឆ្នោតនៅមជ្ឈមណ្ឌលកុំព្យូទ័រថ្នាក់ជាតិ។ ប៉ុន្តែដោយបច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើនក្នុងប្រទេសកម្ពុជា គ.ជ.ប បានធ្វើកំណែទម្រង់លើការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃមកជាការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រវិញ ចាប់តាំងពីឆ្នាំ២០១៦ មក។ ការប្រើប្រាស់បច្ចេកវិទ្យានេះគឺ គ.ជ.ប ធ្វើការចុះឈ្មោះតាមឃុំ សង្កាត់ និងបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតមកនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនីមួយៗដែលមានចែង និងកំណត់ក្នុងច្បាប់។ បច្ចេកវិទ្យានេះបានផ្ដល់ភាពងាយស្រួលដល់ គ.ជ.ប ក្នុងការគ្រប់គ្រងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងងាយស្រួលក្នុងការស្វែងរកព័ត៌មានអ្នកបោះឆ្នោតយ៉ាងឆាប់រហ័ស។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរ គឺដោយសារតែការបាត់បង់បច្ចុប្បន្នភាពរបស់សាមីខ្លួន ការប្រែប្រួលស្ថានភាពរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ដូចជាមានអ្នកទទួលមរណភាព អ្នកផ្លាស់ប្តូរអាសយដ្ឋាន និងការប្រែប្រួលសញ្ញាណដៅសម្គាល់របស់អ្នកបោះឆ្នោត ដែលនាំឱ្យខុសពីទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។