សម្ដេចមហារដ្ឋសភា ឃួន សុដារី ទទួលជួបសម្ដែងការគួរសមជាមួយអនុប្រធានរដ្ឋសភាវៀតណាម នាឱកាសដែលលោកស្រីដឹកនាំប្រតិភូចូលរួមសន្និសីទប្រធានសភា (Video inside)

26-08-2026 21:10

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងឱកាសដែលលោកស្រី ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។

សម្ដេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្និសីទ ISC-2 ដែលផ្ដួចផ្ដើមរៀបចំឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកមួយរូបនៃសន្និសីទនេះ គឺជាវេទិកាប្រវត្តិសាស្ត្រមួយដែលមានការចូលរួមពីប្រធានសភា និងអង្គការអន្តរជាតិជាច្រើន ក្នុងគោលបំណងចម្បងដើម្បីស្តារទំនុកចិត្ត លើកកម្ពស់សន្តិភាព ជំរុញវប្បធម៌សន្ទនា និងពង្រឹងពហុភាគីនិយមដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ និងយកប្រជាពលរដ្ឋជាស្នូល៕