អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី នាំយកអំណោយមនុស្សធម៌ជូនលោកយាយទុគ្គតម្នាក់នៅបាត់ដំបង

26-08-2026 21:58

(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឡុង សុភឿន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី និងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនប្រគល់ជូនលោកយាយទុគ្គតម្នាក់ វ័យចំណាស់ដែលកំពុងចិញ្ចឹមចៅប្រុសម្នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។

លោកយាយ រស់ សុជា អាយុ ៨០ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងរស់នៅតែពីរនាក់ចៅប្រុស ខណៈកូនស្រីបានទៅស៊ីឈ្នួលគេនៅខេត្តតាកែវ។ លោកយាយបានរស់នៅក្នុងផ្ទះសមរម្យមួយដែលព្រះសង្ឃ និងសប្បុរសជនបានជួយសាងសង់កន្លងមក ផ្ទះធ្លុះធ្លាយដែលមានការផ្សព្វផ្សាយកន្លងមក គឺជាកូនខ្ទមចាស់របស់លោកយាយ។

ក្នុងឱកាសនោះ លោក ឡុង សុភឿន បានលើកទឹកចិត្តលោកយាយឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងបានផ្តាំផ្ញើថា ប្រសិនបើមានតម្រូវការ ឬខ្វះខាត សូមផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យលោកយាយខិតខំជំរុញចៅប្រុសឱ្យខិតខំរៀនសូត្រផងដែរ។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូនលោកយាយរួមមាន អង្ករចំនួន ២០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (មុង ភួយ សារុង ក្រមា កន្ទេល) ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕